កូរ៉េខាងជើង៖ កូរ៉េខាងជើង របស់បុរសខ្លាំង គីម ជុងអ៊ុន គ្មានកាត់បន្ថយគម្រោងផលិតនុយក្លេអ៊ែរនោះទេ គឺមានតែបង្កើនថែម។ នេះគឺជាព័ត៌មានដែលទម្លាយឲ្យដឹងពី ទីភ្នាក់ងារថាមពលអន្តរជាតិ (AIEA) និងដែលមានសរសេរនៅក្នុងរបាយការណ៍អង្កេតប្រចាំឆ្នាំ ដាក់ជូនក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ តាមពិតរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (AIEA) បានសរសេររួចពីដើមខែសីហា តែទើបបានត្រូវទម្លាយឲ្យដឹង នៅថ្ងៃអង្គារ៍ ទី២១សីហា ក្នុងការសិក្សាអង្កេតនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ បានអះអាងថា របបក្រុងព្យុងយ៉ាង នៅតែបន្តអភិវឌ្ឍគម្រោងផលិតនុយក្លេអ៊ែរដដែល ហើយជាអ្វីដែលគួរឲ្យព្រួយបារម្ភ។
ក្រៅពីសម្តែងសេចក្តីសោកស្តាយជាខ្លាំងចំពោះការរំលោភបំពានទណ្ឌកម្មពីសំណាក់កូរ៉េខាងជើង លោក Yukiya Amano ប្រធានគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ ក៏បានអំពាវវនាវអន្ទងចិត្តឲ្យកូរ៉េខាងជើង ឲ្យងាកមកអនុវត្តទណ្ឌកម្ម និងបំពេញកាពត្វកិច្ច ដែលសម្រេចចេញដោយអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ សេចក្តីអំនាវវនាវឲ្យកូរ៉េខាងជើងគោរពករណីកិច្ចនោះ ទំនងជាគ្មានផ្លូវទេ។ ដ្បិតថា នៅក្នុងរបាយការណ៍ ក៏បានបញ្ជាក់ដែរថា កូរ៉េខាងជើង បន្តសម្ងំលួចសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ សាងសង់មជ្ឈមណ្ឌលចម្រាញ់និងទាញយកសារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងតំបន់ព្យុងសុង។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង មិនបានគោរពថាបំរាមរបស់សេចក្តីសម្រេចអង្គការសហប្រជាជាតិនោះផងទេ ។
ប្រទេសនេះ នៅតែដឹកតាមនាវា នាំចេញប្រេងហួសកម្រិតប្រមាណ ទៅបរទេស ដូចជា ទៅចិន និងរុស្ស៊ី។ ចំណុចនេះ ក៏មានសរសេរនៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះដែរ។ជាការកត់សម្គាល់ ដំណឹងនេះ ធ្លាក់ចំពេលដែលទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ កំពុងតែល្អូកល្អើននឹងគ្នា រហូតបានបង្កើតជំនួបរវាងប្រជាជនដែលព្រាត់ប្រាស់គ្នាពីពេលសង្គ្រាមជាច្រើនទសវត្សរ៍មកហើយ។ ពិធីជួបជុំនេះទើបនឹងធ្វើរួច នាប៉ុន្មានថ្ងៃមុននេះសោះ។ ហើយកូរ៉េទាំងពីរ ក៏គ្រោងធ្វើជំនួបកំពូលមួយទៀត នៅខែកញ្ញាក្រោយនេះ។ ព័ត៌មានអាក្រក់ពីកូរ៉េខាងជើងនេះ ក៏ធ្លាក់ចំពេល ដែលរដ្ឋបាលអាមេរិករបស់លោក ត្រាំ កាលពីសប្តាហ៍មុន បានសរសើរកូរ៉េខាងជើង ថាកំពុងដើរលើផ្លូវល្អផង៕