លោក គីម ជុងអ៊ុន៖ «ការដាក់ទណ្ឌកម្ម​ដោយអាមេរិក និង​អន្តរជាតិជាទណ្ឌកម្មចោរព្រៃ ដែលធ្វើបាបប្រជាជនកូរ៉េខាងជើងទាំងមូល...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក គីម ជុងអ៊ុន៖ «ការដាក់ទណ្ឌកម្ម​ដោយអាមេរិក និង​អន្តរជាតិជាទណ្ឌកម្មចោរព្រៃ ដែលធ្វើបាបប្រជាជនកូរ៉េខាងជើងទាំងមូល...»

17/08/2018
(សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានហៅការដាក់​ទណ្ឌកម្ម​របស់សហគមន៍​អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកថា ជាទណ្ឌកម្ម​ចោរព្រៃដែលមានចេតនា​ប្រឆាំង និងធ្វើបាបប្រជាជនកូរ៉េខាងជើង​ទាំង​មូល។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុ​ន និង​លោក ដូណាល់ ត្រាំ​ បានឈានដល់​កិច្ចព្រមព្រៀង ​ស្ដីពីការរំសាយអាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ កាលពី​ថ្ងៃទី១២ ខែមិថុនា កន្លងទៅ។ ប៉ុន្តែចាប់​ពេលនោះ​មក គេមិនឃើញ​មានការរីកចំរើន​គួរឱ្យកត់សម្គាល់​ណាមួយនោះទេ ផ្ទុយទៅវិញ​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាង​នៅតែចោទប្រកាន់​គ្នាទៅវិញ​ទៅមក។ លើសពីនេះ​ទៅទៀត សហរដ្ឋអាមេរិក​ក៏បាន​ជម្រុញផងដែរ​ឱ្យសហគមន៍អន្តរជាតិ​បន្តរក្សាការដាក់ទណ្ឌកម្ម​អតិបរមា លើរបបដឹកនាំ​លោក គីម ជុងអ៊ុន រហូត​ដល់យល់ ព្រមរំសាយ​អាវុធនុយក្លេអ៊ែរ​ចោល​ទាំងស្រុង។
ដោយឡែកឆ្លើយតប​នឹងទណ្ឌកម្ម​នេះដែរ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ដោយស្រង់​សម្ដីលោក គីម ជុងអ៊ុន បានឱ្យដឹង​នៅថ្ងៃសុក្រ​នេះថា លោក គីម បានចាត់ទុកថា ការដាក់ទណ្ឌកម្ម​របស់សហគមន៍​អន្តរជាតិ ដឹកនាំដោយ​សហរដ្ឋអាមេរិក មានចេតនា​ច្របាច់ក​ប្រជាជនកូរ៉េខាងជើង​ទាំងមូល តាមរយៈការ​ដាក់ទណ្ឌកម្មដូច​ពួកចោរព្រៃ និងការបិទ​ការធ្វើពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង។
គួរបញ្ជាក់ថា បើតាម​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ប្រតិកម្មរបស់​លោក គីម ជុងអ៊ុន ធ្វើឡើងនៅអំឡុង​ពេលលោក​បំពេញទស្សនកិច្ច​ ទៅកាន់ការដ្ឋានសាងសង់​តំបន់​ឆ្នេរ​ទេសចរណ៍ វ៉ុនសាន-កាល់ម៉ា (Wonsan-Kalma) នាពេលថ្មីៗនេះ៕