ចក្រភពអង់គ្លេសថា​ នឹងធ្វើការឲ្យបានល្អប្រសើរជាមួយ រាជរដ្ឋាភិបាលអាណត្តិថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចក្រភពអង់គ្លេសថា​ នឹងធ្វើការឲ្យបានល្អប្រសើរជាមួយ រាជរដ្ឋាភិបាលអាណត្តិថ្មី

16/08/2018
(ភ្នំពេញ)៖ លោកស្រី Tina Susan Redshaw ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានប្រាប់ទៅ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថា អង់គ្លេសនឹងខិតខំធ្វើការឲ្យកាន់តែបានល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ការថ្លែងរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន អនុញ្ញាតឲ្យលោកស្រី Tina Susan Redshaw ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការបរទេស។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា «ក្នុងពេលជំនួបសម្តែងការគួរសមនៅព្រឹកនេះ មានវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន ត្រូវបានលើកឡើង គឺនៅក្នុងវិស័យសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរកម្ពុជានិងចក្រភពអង់គ្លេស ត្រៀមនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ឆ្លៀតឱកាសនេះ ក៏ថ្លែងនូវសេចក្តីរីករាយផងដែរ ដែលលោកជំទាវទូតមានបទពិសោន៍បំពេញការងារច្រើនឆ្នាំនៅតំបន់អាស៉ី ដូច្នេះបទពិសោធន៍នេះនឹងរួមចំណែក នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនៅកម្ពុជា»
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងទៀតថា លោកទេសរដ្ឋមន្ត្រី​ ប្រាក់ សុខុន បានអះអាងថា នឹងធ្វើការគាំទ្ររាល់ការខិតខំរបស់អង់គ្លេស ដើម្បីក្លាយជាដៃគូសកម្មមួយរបស់អាស៊ាន ហើយពាក់ព័ន្ធនឹងព័ត៌មានចុងក្រោយ ចំពោះការបោះឆ្នោតនៅកម្ពុជានេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនលោកស្រីទូតថា ជាមួយនឹងអាត្រា អ្នកចេញទៅបោះឆ្នោតចំនួនជាង៨៣ភាគរយ គឺជាពិតជាបានបញ្ជាក់ថា​ ប្រជាពលរដ្ឋកម្ពុជា បានជ្រើសរើសបង្ហាញនូវសិទ្ធិនយោបាយរបស់ខ្លួន​។
មន្ត្រីរូបនេះបានបន្តទៀតថា​ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខន ក៏បានលើកឡើងពីការបរាជ័យរបស់មជ្ឈដ្ឋានមួយចំនួន ដែលបានរេរាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត តែអាត្រាប្រជាពលរដ្ឋទៅបោះឆ្នោតគឺបង្ហាញអំពី​ជម្រើសរបស់ប្រជាពលរដ្ឋក្នុងការបន្តស្ថិរភាព ការអភិវឌ្ឍ​ និងសន្តិភាព នៅក្នុងប្រទេសកម្ពុជា ហើយជាធម្មតា ប្រទេសមួយចំនួនមានការរិះគន់ ចំពោះការបោះឆ្នោតនៅកម្ពុជា ប៉ុន្តែជាតថភាព ប្រជាពលរដ្ឋកម្ពុជាបា​នផ្លូវដើររបស់ខ្លួន ជ្រើសរើសនូវការសម្រេចចិត្តរបស់ខ្លួន ហើយជាការឆ្លើយតប រាជរដ្ឋាភិបាលថ្មីនឹងខិតខំធ្វើការបន្ថែមទៀត ដើម្បីឆ្លើយតបនឹង​បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកស្រីឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានផ្តល់អនុសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ត្រូវតែពិគ្រោះយោបល់ឲ្យបានច្រើនថែមទៀត ជាពិសេស ជាមួយអង្គការសង្គមស៉ីវិល ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាឲ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «ជាការឆ្លើយតបវិញ លោកជំទាវ បានទទួលស្គាល់ថា រាជរដ្ឋាភិបាលពិតជានឹងត្រូវខិតខំធ្វើការច្រើនថែមទៀត ដើម្បីឯកភាពចំពោះលោកទេសរដ្ឋមន្ត្រីថា រាជរដ្ឋាភិបាលថ្មីនេះពិតជា នឹងត្រូវខិតខំធ្វើការថែមទៀត ដើម្បីឆ្លើយតបជាមួយនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងស្ថានភាពដែលគណបក្សប្រជាជន ទទួលបានអាសនៈទាំង១២៥ មានន័យថា មិនមានគណបក្សប្រឆាំងនៅក្នុងសភាថ្មី»។

ក្នុងសន្និសីទដដែល លោក កេត សោផាន់ បានបន្តថា «លោកជំទាវទូត គាត់​ឯកភាពថា រាជរដ្ឋាភិបាលអាណត្តិថ្មី គឺពិតជានឹងត្រូវខិតខំធ្វើការច្រើនថែមទៀត ដើម្បីឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋ ព្រោះនៅក្នុងសភាហ្នឹងអត់មានគណបក្សប្រឆាំង អញ្ចឹងរាជរដ្ឋាភិបាលត្រូវការពិគ្រោះយោបល់ច្រើន ជាពិសេសដូចជា ជាមួយសង្គមស៉ីវិលជាដើម»