ខេត្តសៀមរាប ៖ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែជនពាលមួយក្រុម ដេញចាក់សម្លាប់យ៉ាងសាហាវឃោរឃៅ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលក្រួសក្រហម១ខ្សែ មានចម្ងាយពីផ្លូវជាតិប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងដេកនៅក្នុងផ្ទះ ស្រាប់តែឮសំឡេងម៉ូតូ២ទៅ៣គ្រឿង ជិះដេញចាក់ប្រហារគ្នា ដូចនៅក្នុងរឿងចិនហុងកុង។ លុះមួយសន្ទុះក្រោយមក ក៏បាត់ស្ងាត់សំឡេង ទើបពួកគាត់បានដាស់គ្នាចេញទៅមើល ស្រាប់តែប្រទះឃើញមនុស្សដេកស្លាប់ក្នុងថ្លុកឈាម នៅតាមផ្លូវក្រួសក្រហម មានចម្ងាយពីផ្ទះពួកគាត់ ប្រហែល៣០ម៉ែត្រ ហើយពួកគាត់ក៏ប្រញាប់រាយការណ៍ទៅប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យ។បើតាមសម្ដីរបស់មន្ត្រីនគរបាលមួយរូប ដែលជាអ្នករួមការងារជាមួយនឹងជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ ជាមន្ត្រីប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក។ មុនពេលកើតហេតុ គឺកាលពីយប់ថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូទៅលេងផ្ទះបងធម៌ដូចសព្វដង ហើយគេធ្លាប់ដេកនៅទីនោះ។
ប៉ន្តែនៅយប់នោះ ជនរងគ្រោះបានសម្រាកពីការងារ ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ហើយត្រូវជនសង័្សយជិះម៉ូតូដេញតាមពីក្រោយ ចាក់សម្លាប់បែបនេះតែម្តង។មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា បុរសរងគ្រោះ ដែលត្រូវឃាតកចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនោះ ឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក មានឋានន្តរស័ក្តិព្រិន្ទបាលឯក មានលំនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីនគរបាលក្រុងសៀមរាប បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីឃាតកម្មបែបនេះ សមត្ថកិច្ចជំនាញក្រុង និងប៉ុស្ដិ៍បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពរបស់ជនរងគ្រោះ។ បើតាមការពិនិត្យ សមត្ថកិច្ចបានរកឃើញស្លាកស្នាមនៅលើសាកសព ចំនួន៧កាំបិត ក្នុងនោះជនល្មើសបានប្រើកាំបិតចុងស្រួច ចាក់លើខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញកាំបិតចិតបន្លែចំនួន២ គឺកាំបិតមួយមានដងពណ៌ខៀវ និងមួយទៀតពណ៌ខ្មៅ ហើយនិងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Q-4297។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនជនល្មើស ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់៕