លោក​អ៊ែរដូហ្កាន​បន្ត​តតាំង​នឹង​លោក​ដូណាល់ ត្រាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក​អ៊ែរដូហ្កាន​បន្ត​តតាំង​នឹង​លោក​ដូណាល់ ត្រាំ

16/08/2018
តានតឹង កំពុង បន្ត មាន កម្រិត ខ្ពស់ រវាង អាមេរិក និង តួកគី ដោយ គ្មាន ភាគី ណា មួយ យល់ព្រម បន្ទាន់ ឥរិយាបទ និង ធ្វើ សម្បទាន ឲ្យ គ្នា ទៅ វិញ ទៅ មក ទេ។ លោក អ៊ែរដូហ្កាន ក៏ ដូច ជា លោក ដូណាល់ ត្រាំ សុទ្ធ តែ ជា ជើង ខ្លាំង ដូច គ្នា។ តែ អ្នក ដែល ហាក់ កំពុង បន្ត ក្តៅស្លឹក ត្រចៀក និង បញ្ចេញ ប្រតិកម្ម ជា បន្តបន្ទាប់ ពេល នេះ គឺ លោក អ៊ែរដូហ្កាន។ ឆ្លើយ តប នឹង សារ របស់ លោក ដូណាល់ ត្រាំ ដែល បាន ប្រកាស ពី ការ ដំឡើង ពន្ធ លើ ផលិតផល ដែកថែប និង អាលុយមីញ៉ូម តួកគី នាំ ចូល អាមេរិក លោក អ៊ែរដូហ្កាន បាន ឆ្លើយ បក វិញ យ៉ាង ចាស់ ដៃ ដោយ ចោទ អាមេរិក ពី បទឃុបឃិត នយោបាយ ដើម្បី វាយប្រហារ សេដ្ឋកិច្ច តួកគី អំពាវនាវ ឲ្យ ពលរដ្ឋ តួកគី ធ្វើ ពហិការ លើ ឧបករណ៍ អេឡិចត្រូនិក របស់ អាមេរិក ពិសេស ទូរស័ព្ទដៃ ម៉ាក Iphone និង ចុង ក្រោយ ប្រកាស ដំឡើង ពន្ធ លើ ផលិតផល អាមេរិក នាំ ចូល តួកគី។

ផលិតផល អាមេរិក នាំ ចូល តួកគី ដែល ជា ផ្ទាំងស៊ីប នៃ ការ ដំឡើង ពន្ធ រួម មាន រថយន្ត ត្រូវ ដំឡើង ពន្ធ ឲ្យ ដល់ ១២០% ភេសជ្ជៈ មួយ ចំនួន ដែល មាន ជាតិស្រវឹង ត្រូវ ដំឡើង ពន្ធ ឲ្យ ដល់ ១៤០% ដំឡើង ពន្ធ បារី ចំនួន ៦០% អង្ករ ឬ ផលិតផល ជា គ្រឿងសំអាង ជា ដើម។ អនុប្រធានាធិបតី តួកគី បាន បញ្ជាក់ ច្បាស់ៗ ថា វិធានការ ដំឡើង ពន្ធ លើ ផលិតផល អាមេរិក ទាំង អស់ នេះ ជា ការ សងសឹក តប នឹង អាមេរិក និង ព្រមាន ថា បើ អាមេរិក ហ៊ាន ចាត់ វិធានការ ថ្មី លើ តួកគី នោះ តួកគី នឹង ចាត់ វិធានការ តប វិញ តាម ក្រោយ។ តែ ពេល នេះ ប្រធានាធិបតី អាមេរិក លោក ត្រាំ ក៏ ដូច ជា សេតវិមាន ហាក់ មិន ទាន់ បាន ឆ្លើយ តប យ៉ាង ណា ចំពោះ លោក អ៊ែរដូហ្កាន នៅ ឡើយ ទេ។

ប្រាក់លីវ តួកកី ផ្តើម មាន លំនឹង
បន្ទាប់ ពី ធ្លាក់ ថ្លៃ ខ្លាំង ទល់ នឹង ប្រាក់ ដុល្លារ អាមេរិក រយៈពេល ប៉ុន្មាន ថ្ងៃ មក ប្រាក់ លីវ តួកគី ហាក់ ផ្តើម មាន លំនឹង បន្តិច។ គួរ រម្លឹក ជូន ថា ការ ប្រកាស ដំឡើង ពន្ធ លើ ផលិតផល ដែកថែប និង អាលុយមីញ៉ូម តួកគី នាំ ចូល អាមេរិក ពី សំណាក់ លោក ដូណាល់ ត្រាំ បាន ធ្វើ ឲ្យ ប្រាក់ លីវ តួកគី បាត់បង់ តម្លៃ ដល់ ទៅ ១៦% ទល់ នឹង ប្រាក់ ដុល្លារ អាមេរិក កាល ពី ថ្ងៃ សុក្រ ទី១០ សីហា។ តែ តាំង ពី ថ្ងៃ អង្គារ ទី១៤ សីហា និង ដោយ មាន ចំណាត់ការ ពី ធនាគារកណ្តាល តួកគី សេចក្តីថ្លែងការណ៍ ជា លក្ខណៈ សម្របសម្រួល របស់ ទីក្រុង អង់ការ៉ា រួម ទាំង ការ អំពាវនាវ ពី លោក អ៊ែរដូហ្កាន ឲ្យ ប្តូរ ប្រាក់បរទេស តម្លៃ ប្រាក់លីវ តួកគី ហាក់ ងើប ឡើង បន្តិច និង នៅ ថេរ។

ជាក់ស្តែង នៅ ថ្ងៃ ពុធ ទី១៥ សីហា ១ដុល្លារ អាមេរិក ដូរ បាន ៦លីវតួកគី។ យ៉ាង ណា ក៏ ដោយ តម្លៃ ប្រាក់លីវ តួកគី នៅ មិន ទាន់ អាច រក ឃើញ តម្លៃ ដើម របស់ វា វិញ បាន នៅ ឡើយ ទេ ហើយ បើ គិត តាំង ពី ដើម ឆ្នាំ ២០១៨ នេះ មក ប្រាក់ លីវ តួកគី បាន បាត់បង់ តម្លៃ ដល់ ទៅ ជាង ៤០% ទល់ នឹង ប្រាក់ ដុល្លារ អាមេរិក និង ប្រាក់ អឺរ៉ូ។ រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុ តួកគី លោក Berat Albayrak ដែល ជា កូនប្រសារ របស់ លោក អ៊ែរដូហ្កាន បាន បញ្ជាក់ ថា តួកគី នឹង បន្ត ការពារ ប្រាក់លីវ របស់ ខ្លួន ព្រម ទាំង ឆ្លៀត បរិហារ អាមេរិក ដែល បាន វាយប្រហារ រូបិយប័ណ្ណ តួកគី។

សង្រ្គាមពាណិជ្ជកម្ម ដែល បង្កប់ ដោយ សង្រ្គាមការទូត
គេ អាច និយាយ បាន ថា នៅ ក្នុង សង្រ្គាម ពាណិជ្ជកម្ម រវាង អាមេរិក និង តួកគី ពេល នេះ អាមេរិក មាន ប្រៀប ជាង តួកគី ព្រោះ គ្រាន់ តែ ត្រឹម សារ របស់ លោក ដូណាល់ ត្រាំ ប្រកាស ដំឡើង ពន្ធ លើ ផលិតផល ដែកថែប និង អាលុយមីញ៉ូម តួកគី នាំ ចូល អាមេរិក ភ្លាម ប្រាក់លីវ តួកគី បាន ធ្លាក់ ថ្លៃ រហូត បង្ក ឲ្យ មាន ភាព ភ័យ ស្លន់ស្លោ ឆ្លង ចូល ដល់ ផ្សារ ភាគហ៊ុន នៅ បរទេស។ តែ គេ មិន ភ្លេច និយាយ ទេ ថា សង្រ្គាម ពាណិជ្ជកម្ម រវាង វ៉ាស៊ីនតោន និង អង់ការ៉ា ពេល នេះ មាន បង្ក យ៉ាង ជ្រៅ ដោយ សង្រ្គាម ការទូត ព្រោះ ចូរ កុំ ភ្លេច ថា អ្វីៗ បាន ផ្តើម ចេញ ពី ការ ដែល រដ្ឋអំណាច តួកគី បាន ឃុំ ខ្លួន គ្រូគង្វាល ជនជាតិ អាមេរិកាំង លោក Andrew Brunson ក្នុង ទឹកដី តួកគី។

លោក Brunson ត្រូវ បាន តួកគី ចោទ ប្រកាន់ ពី បទចារកម្ម និង ធ្វើ សកម្មភាព ភេរវនិយម ក្នុង ទឹកដី តួកគី។ បន្ទាប់ ពី បាន ដាក់ ក្នុង ពន្ធនាគារ ជាង ១ឆ្នាំ កន្លះ មក លោក Brunson ត្រូវ បាន រដ្ឋអំណាច តួកគី យក ទៅ ឃុំ ក្នុង គេហដ្ឋាន ដោយ មាន ការ យាមកាម តឹងរឹង នា ខែ កក្កដា កន្លង ទៅ។ តែ អាមេរិក បន្ត ទាមទារ ដោះលែង ជា ស្ថាពរ។ នេះ ជា រឿង មួយ ចំណែក រឿងរ៉ាវ មួយ ទៀត គឺ ទាក់ទង នឹង លោក Gülen ដែល កំពុង រស់នៅ លើ ទឹកដី អាមេរិក តាំង ពី ឆ្នាំ ១៩៩៩ និង ដែល លោក ជា សត្រូវ ស៊ីសាច់ ហុតឈាម របស់ លោក អ៊ែរដូហ្កាន។ គឺ រូប លោក Gülen ជនជាតិ តួកគី រូប នេះ ឯង ដែល លោក អ៊ែរដូហ្កាន បាន ចោទ ពី បទ នៅ ពី ក្រោយ រដ្ឋប្រហារ យោធា ទម្លាក់ លោក មិន បាន សម្រេច ក្នុង ខែ កក្កដា ឆ្នាំ ២០១៦។

ទោះ បី ជា កំពុង ប្រឈម មុខ ដាក់ គ្នា យ៉ាង ណា ក៏ ដោយ ក៏ តួកគី និង អាមេរិក កំពុង រក្សា ទំនាក់ទំនង រវាង គ្នា ជានិច្ច។ ថ្ងៃ ចន្ទ ទី១៣ សីហា ឯកអគ្គរដ្ឋទូត តួកគី ប្រចាំ នៅ អាមេរិក បាន ចូល ជួប លោក ចន បុលតុន ដែល ជា ទីប្រឹក្សាសន្តិសុខជាតិ របស់ លោក ដូណាល់ ត្រាំ។ នៅ ក្នុង ជំនួប នោះ រូប ឯកអគ្គរដ្ឋទូត តួកគី បាន នាំ សារ ពី ប្រមុខ ការទូត តួកគី ប្រាប់ លោក បុលតុន ថា ការ គំរាម និង ការ ដាក់ គំនាប បាន ត្រឹម បង្ក ឲ្យ មាន ផលវិបាក នៅ ក្នុង ទំនាក់ទំនង ជាមួយ តួកគី ប៉ុណ្ណោះ។ មែនទែន ទៅ និង ក្នុង នាម ជា ប្រទេស សមាជិក អង្គការ អូតង់ ដូច គ្នា អាមេរិក និង តួកគី កំពុង ត្រូវ ការ គ្នា ទៅ វិញ ទៅ មក ពិសេស នៅ ក្នុង យុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹង អង្គការ រដ្ឋអ៊ីស្លាម នៅ ស៊ីរី និង អ៊ីរ៉ាក់ ដែល អាមេរិក មាន មូលដ្ឋាន ទ័ព លើ ទឹកដី តួកគី៕