ម៉ាឡេស៊ី៖ស្រ្តីម៉ាឡេស៊ីធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលចេញច្បាប់ទទួលស្គាល់មនុស្សស្រឡាញ់ភេទដូចគ្នានៅម៉ាឡេស៊ី តុលាការអ៊ីស្លាមក្នុងស្រុកមួយ បានសម្រេចផ្តន្ទាទោសស្រ្តីស្រឡាញ់ភេទដូចគ្នា ២នាក់ ឲ្យរងការវាយនឹងដំបង ចំនួន ៦ដំបង។ នេះបើតាមមន្រ្តីមូលដ្ឋាន ទទួលបន្ទុកខាងផ្នែកសាសនា អ៊ីស្លាម។ ចលនាការពារសិទ្ធិមនុស្សនៅម៉ាឡេស៊ីបានចាត់ទុក ការសម្រេចរបស់តុលាការថា ជាការរំលោភសិទ្ធិមនុស្សទាំងស្រុង។
តុលាការអ៊ីស្លាម នៅរដ្ឋភាគខាងជើងម៉ាឡេស៊ី Terengganu កាត់ទោស ឲ្យវាយស្រ្តីពីរនាក់ ចំនួន ៦ដំបង បន្ទាប់ពីពួកគេបានសារភាពថា បានមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ដែលផ្ទុយនឹងបម្រាមដ៏តឹងរ៉ឹងរបស់សាសនាអ៊ីស្លាម។
ស្ត្រីទាំងពីរនាក់ ដែលមានអាយុ ២២ឆ្នាំ និង៣២ឆ្នាំ ត្រូវបានប៉ូលិសរបស់គណៈសាសនាអ៊ីស្លាមម៉ាឡេស៊ី ចាប់ខ្លួន កាលពីខែមេសា នៅពេលពួកគេកំពុងសាសងស្នេហា នៅក្នុងរថយន្ត នៅទីកន្លែងសាធារណៈមួយ នៅរដ្ឋ Terengganu (រដ្ឋដែលមានការអនុវត្តច្បាប់សាសនាអ៊ីស្លាមតឹងរ៉ឹងជាងគេ នៅប្រទេសម៉ាឡេស៊ី)។ នៅក្នុងសវនាការដែលបើកធ្វើ កាលពីថ្ងៃអាទិត្យ ស្រ្តីទាំង ២នាក់បានទទួលស្គាល់ថា បានរំលោភច្បាប់សាសនាអ៊ីស្លាម ដែលបានហាមឃាត់មិនឲ្យមនុស្សស្រីស្រឡាញ់ភេទដូចគ្នា។ នៅក្រោយការទាមទាររបស់រដ្ឋអាជ្ញាដែលបានសុំ ឲ្យមានការដាក់ទោសធ្ងន់បំផុត តុលាការអ៊ីស្លាមបានសម្រេចឲ្យគេវាយស្រ្តីទាំងពីរ ម្នាក់ ៦ដំបង និងពិន័យប្រាក់ ៨០០ដុល្លារ។
នៅម៉ាឡេស៊ី ប្រព័ន្ធតុលាការត្រូវបែងចែកជាពីរប្រភេទ។ តុលាការសាសនាអ៊ីស្លាមមានតួនាទីជំនុំជម្រះ សំនុំរឿងដែលទាក់ទងនឹងសាសនា ជម្លោះក្នុងគ្រួសារ ហើយនិងការផិតក្បត់ជាដើម។
៦០ភាគរយនៃប្រជាជនម៉ាឡេស៊ី សរុប៣២លាននាក់ កាន់គោរពសាសនាអ៊ីស្លាម មិនតឹងតែង និងយោគយល់អធ្យាស្រ័យច្រើន។ ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេកំពុងបារម្ភខ្លាចថា និន្នាការរបស់ក្រុមអភិរក្សនិយម ដែលចង់អនុវត្តតឹងរ៉ឹងសាសនាអ៊ីស្លាម កាន់តែកើនឡើងខ្លាំង។
សហគមន៍របស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា កំពុងប្រឈមនឹងការដាក់សម្ពាធ កាន់តែខ្លាំងពីអាជ្ញាធរ ដែលពួកគេបានចោទថា មាននយោបាយ រើសអើង និងតាមធ្វើបាបក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា។
នៅថ្ងៃម្សិលមិញ អង្គការដើម្បីយុត្តិធម៌ មនុស្សស្រី បានប្រតិកម្មរិះគន់ការសម្រេចរបស់តុលាការអ៊ីស្លាម។ សម្រាប់ពួកគេ ការចាត់ទុក ការស្រឡាញ់គ្នា រវាងមនុស្សពេញវ័យថា ជាបទឧក្រិដ្ឋនោះ គឺជាការំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
ទោះបីស្រ្តីជាប់ចោទទាំងពីរមានសិទ្ធិប្តឹងបន្ត ទៅឧទ្ធរណ៍ ប៉ុន្តែ ការអនុវត្តទោសនឹងត្រូវធ្វើ នៅថ្ងៃទី ២៨សីហា (ចុងខែនេះ)។ បើសិនជាមានការអនុវត្តទោសមែន នោះគឺកើតមាន ជាលើកទី១ នៅម៉ាឡេស៊ី ដែលស្រ្តី ត្រូវរងការពិន័យ វាយ៦ ដំបង ដោយសារតែការស្រឡាញ់មនុស្សភេទដូចគ្នា៕