ភ្នំពេញ៖ ជនអន្ធពាលជនជាតិចិនម្នាក់បានដឹកថ្នាំញៀនមានទម្ងន់ជិត១០០គីឡូក្រាម ឆ្លងដែនចេញពីអាល្លឺម៉ង់ចូលមកក្នុងប្រទេសកម្ពុជា ក៏ត្រូវសមត្ថកិច្ចខ្មែរបង្រ្កាប និងចាប់ខ្លួន ហើយត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់តាមផ្លូវច្បាប់ កាលពីរសៀល ថ្ងៃតី១៣ ខែសីហា ឆ្នាំ២០១៨។
មន្រី្ដជំនាញ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ មន្រ្ដីជំនាញ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានសហការជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍ ក្រោមការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ដែលផ្ញើតាមប្រៃសណីយ៍ ចេញពីប្រទេសអាល្លឺម៉ង់មកកាន់ប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ នៅក្នុងប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
មន្រ្ដីដដែល បានបន្តថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះកម្ពុជាបានឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ YAO ZEYE ជនជាតិចិន ភេទប្រុស អាយុ៣៣ឆ្នាំ និងដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) មានទម្ងន់សរុប ៩៨គីឡូក្រាម និង០៤៣,៥៥ក្រាម។
មន្រ្ដីជំនាញដដែល បានបន្តថា បន្ទាប់ពីបង្រ្កាបរួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមផ្លូវច្បាប់។ រហូតមកដល់រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនសង័្សយ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនវ ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

ទំព័រដើម ›