ប្រធានាធិបតីតួកគី៖ បើសហរដ្ឋអាមេរិកមិនផ្លាស់ប្ដូរគោលបាយបច្ចុប្បន្ន យើងនឹងរកសម្ព័ន្ធមិត្តថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីតួកគី៖ បើសហរដ្ឋអាមេរិកមិនផ្លាស់ប្ដូរគោលបាយបច្ចុប្បន្ន យើងនឹងរកសម្ព័ន្ធមិត្តថ្មី

12/08/2018
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្កាន់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមចង់ឱ្យតួកគី លុតជង្គង់សូមទោសតាមរយៈការព្រមានដាក់ទណ្ឌកម្មមកលើតួកគី ជុំវិញការឃុំខ្លួនអាចារ្យគ្រឹស្ដសាសនាជនជាតិអាមេរិកម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងតួកគី បានផ្ទុះឡើងក្រោយតុលាការតួកគី សម្រេចបន្តឃុំខ្លួនអាចារ្យគ្រឹស្ដសាសនាជនជាតិ អាមេរិកម្នាក់ឈ្មោះ Andrew Brunson ដោយចោទថាអាចារ្យរូបនេះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងការធ្វើរដ្ឋប្រហារ មិនបានសម្រេចនៅតួកគី កាលពីឆ្នាំ២០១៦។ ប៉ុន្តែ កាលពីថ្ងៃសុក្រកន្លងទៅ ទីក្រុងវ៉ាស៊ីនតោន នៅតែទទូចឱ្យទីក្រុងអង់ការ៉ា ដោះលែងពលរដ្ឋរបស់ខ្លួនជាបន្ទាន់ ហើយមិនតែប៉ុណ្ណោះថែមទាំងតម្លើងពន្ធនាំចូលដែក និងអាលុយមីញ៉ូមទ្វេដងពីប្រទេសតួកគី ទៀតផង។
តែទោះជាយ៉ាងនេះក្ដី ថ្លែងប្រាប់សារព័ត៌មានអាមេរិក New York Times ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ក៏បានព្រមានតប វិញដែរថាបើសិនជាសហរដ្ឋអាមេរិក មិនផ្លាស់ប្ដូរគោលនយោបាយររបស់ខ្លួនបច្ចុប្បន្នទេ នោះតួកគីនឹងស្វែងរកមិត្ត ឬសម្ព័ន្ធមិត្តថ្មី។ លោក អឺដូហ្កាន់ បានលើកឡើងដូច្នេះថា៖«យើងនឹងមិនធ្វើសម្បទានអ្វីទាល់សោះចំពោះភាពយុត្តធម៌ ហើយនឹងមិនធ្វើបែបនេះជា ដាច់ខាត...ម្យ៉ាងវិញទៀត បើសិនជាសហរដ្ឋអាមេរិក មិនគោរពអធិបតេយ្យភាពរបស់យើង ឬក៏មិនផ្លាស់ប្ដូរគោលនយោបាយ បច្ចុប្បន្នរបស់ខ្លួនទេ នោះយើងមានតែត្រួវរកមិត្ត ឬសម្ព័ន្ធមិត្តថ្មី»

គួរបញ្ជាក់ថា បើទោះជាមិនបានបញ្ជាក់ថាមិត្តថ្មីជានរណា ប៉ុន្តែកាលពីថ្ងៃសុក្រ លោក អឺដូហ្កាន់ ត្រូវបានគេរាយការណ៍ថាបានធ្វើ កិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានបញ្ជាក់ថាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុង អង់ការ៉ា កំពុងរីកចំរើនទៅមុខ៕