ហ្វីលីពីន អបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហ្វីលីពីន អបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថ្មី

09/08/2018
(ភ្នំពេញ)៖ រដ្ឋាភិបាលហ្វីលីពីន បានសម្តែងការអបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ និងបានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
យោងតាមលិខិតជូនព័ត៌មានរបស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកព្រលឹមអុរថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លោក អាឡាន ភីធ័រ ស.ខាយ៉េតាណូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានផ្ញើលិខិតមកកាន់ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងការអបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។

ក្នុងលិខិតនោះរដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមឯកឧត្តមប្រធានាធិបតី រូឌ្រីហ្គោ ឌូតឹតេ និងប្រជាជនហ្វីលីពីន ខ្ញុំសូមអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការបោះឆ្នោតនាពេលថ្មីៗនេះ ដែលបានប្រព្រឹត្តទៅប្រកបដោយសន្តិភាព និងមានសណ្តាប់ធ្នាប់»។

ក្នុងលិខិតនោះរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ហ្វីលីពីននៅតែប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា ហ្វីលីពីនជាប្រទេសសមាជិកអាស៊ានទី៣ហើយ ដែលបានប្រកាសគាំទ្រការដំណើរការបោះឆ្នោតនៅកម្ពុជាបន្ទាប់ពីប្រទេសឡាវ និងវៀតណាម។ ក្រៅពីប្រទេសសមាជិកអាស៊ានទាំង៣នេះ ប្រទេសចិន និងអង្គការអន្តរជាតិមួយចំនួនទៀត ក៏បានប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។

សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្តក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនអាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥តែម្តង៕