ថ្មីៗកន្លងទៅនេះ Apple បានបញ្ចេញ MacBook Pro ស៊េរីថ្មី ដោយមានបន្ថែមជម្រើស CPU Intel Core i9 ជាមួយតម្លៃចាប់ពី ២ ៨០០ ដុល្លារឡើងទៅ។
ប៉ុន្តែ MacBook Pro ដែលប្រើ CPU Core i9 នេះមិនអាចរត់ដល់ល្បឿន ២,៩ GHz ដូចដែល Apple បានផ្សាយនោះទេ ដោយសារតែប្រព័ន្ធបញ្ចុះកម្ដៅរបស់វាមិនអាចទប់ទល់នឹងកម្ដៅបញ្ចេញដោយ CPU Core i9 បាន។
បើតាមការបង្ហាញរបស់អ្នកវាយតម្លៃផលិតផលបច្ចេកវិទ្យាលើ YouTube បានឲ្យឃើញថាដើម្បីទទួលបានកម្លាំងពេញលេញពី MacBook Pro តម្លៃ ២ ៨០០ ដុល្លារនេះ លុះត្រាតែយកវាទៅដាក់ក្នុងទូទឹកកក។
រូបភាពខាងក្រោមនេះជាលទ្ធផលពីការតេស្តល្បឿន MacBook Pro Core i9 ធៀបនឹងកុំព្យូទ័រដទៃ ដោយឃើញថាពេលយកដាក់ក្នុងទូទឹកកក MacBook Pro Core-i9 ដំណើរការបានលឿនជាងពេលនៅក្រៅទូទឹកកក។
ក្រោយបានដឹងពីបញ្ហានេះ មានអ្នកប្រើប្រាស់មួយចំនួនបានបញ្ចេញមតិលើវិបសាយ Reddit ដូចជា ៖ "តាមពិតត្រូវទៅយក MacBook Pro Core i9 នៅយប់នេះ ប៉ុន្តែប្រហែលជាត្រូវរំសាយចោលហើយមើលទៅ"។ និងអ្នកផ្សេងទៀតបាននិយាយថា ៖ "ខ្ញុំបានយក MacBook Pro Core i9 របស់ខ្ញុំទៅឲ្យហាង Apple វិញ។ វាមិនដែលរត់ដល់ល្បឿនដូចដែល Apple បានផ្សាយសោះ សូម្បីតែមួយវិនាទី"។
ខណៈពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបពីខាងក្រុមហ៊ុន Apple នៅឡើយទេ៕
ប្រភព៖ Businessinsider
