ភ្លើងឆេះផ្ទះ សម្លាប់បុរសស្ដ្រី២នាក់ប្ដីប្រពន្ធយ៉ាងរន្ធត់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្លើងឆេះផ្ទះ សម្លាប់បុរសស្ដ្រី២នាក់ប្ដីប្រពន្ធយ៉ាងរន្ធត់!!!

17/07/2018
ខេត្តកំពង់ធំ៖ អគ្គីបានឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ដែលកំពុងដេកលង់លក់ ស្លាប់យ៉ាង​អណោច​អធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិ​អូរគគីរ ឃុំបឹងល្វា ស្រុកសន្ទុក។
មន្រ្ដីនគរបាលស្រុកសន្ទុក បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ដែលស្លាប់ នៅក្នុងភ្នក់ភ្លើងយ៉ាងអណោចអធ័មនោះ គឺប្ដីឈ្មោះ ប៉ាង លាងហ៊ុន អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ន ធឿន អាយុ៣៨ឆ្នាំ។ ពួកគេទាំង២នាក់ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលរងនូវគ្រោះអគ្គិភ័យនោះ មានទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងទ្រព្យសម្បត្តិជាច្រើនត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធកំពុងតែដេកលង់លក់ នៅក្នុងដំណេក ស្រាប់តែភ្លើងបានឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នារត់ទៅជួយពន្លត់ភ្លើង។ រីឯជនរងគ្រោះត្រូវភ្លើង​ឆាប​ឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ក៏ប្រញាប់នាំគ្នាជួយដងទឹកជះពន្លត់។

ចំណែកខ្លះទៀតបានទាក់ទងសុំធ្វើអន្តរាគមន៍ពីសមត្ថ​កិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏ទាក់ទងបន្តសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។ ប៉ុន្តែដោយសារតែស្ថានភាពផ្លូវមានការលំបាក ទើបធ្វើឱ្យការចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់មានការយឺតយ៉ាវ បណ្តាលឱ្យផ្ទះទាំងមូលត្រូវភ្លើងឆេះគ្មានសល់។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទំនងជាដេកលង់លក់ មិនដឹងភ្លើងឆេះ លុះពេលភ្ញាក់ដឹងខ្លួនភ្លើងឆេះពេញបន្ទុករកផ្លូវចេញមិនឃើញ ទើបបណ្តាលឱ្យត្រូវឆេះស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយ និងកំពុងស្ថិតក្នុងការស្រាវជ្រាវ។