សហរដ្ឋអាមេរិក «មិនទទួល​ស្គាល់ទង្វើ​រុស្ស៊ី ទៅលើ​តំបន់​គ្រីមៀនោះទេ» ដូច្នេះទណ្ឌកម្ម​លើម៉ូស្គូ​នៅតែ​បន្ត​ដដែល លុះត្រា​ណា​តែ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក «មិនទទួល​ស្គាល់ទង្វើ​រុស្ស៊ី ទៅលើ​តំបន់​គ្រីមៀនោះទេ» ដូច្នេះទណ្ឌកម្ម​លើម៉ូស្គូ​នៅតែ​បន្ត​ដដែល លុះត្រា​ណា​តែ...

03/07/2018
(វ៉ាស៊ីនតោន)៖ សេតវិមាន​បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនទទួលស្គាល់​ទង្វើរបស់រុស្ស៊ី​ទៅលើតំបន់គ្រីមៀ​នោះ​ឡើយ ហើយ​ទណ្ឌកម្ម​​ដែលទីក្រុង​វ៉ាស៊ីនតោនបាន​​ដាក់​ទៅ​លើ​ទីក្រុង​ម៉ូស្គូ នៅតែរក្សាទុកដូច​ដើម​ដដែល។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី​ ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះ​មុខក្រុមអ្នក​សារព័ត៌មាន អ្នកនាំពាក្យ​សេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានលើក​ឡើងថា «យើងមិនទទួល​ស្គាល់ទង្វើ​របស់រុស្ស៊ី​ ដែលបានព្យាយាម​រួមបញ្ចូលតំបន់គ្រីមៀ​​ ទៅក្នុងប្រទេស​របស់ខ្លួននោះ​ឡើយ ហើយទណ្ឌកម្ម​ពាក់ព័ន្ធនឹង​តំបន់នេះ ដែលយើង​បាន​ដាក់ទៅលើប្រទេស​រុស្ស៊ី នឹងនៅរក្សាទុក​ដូចដើម​ដដែល លុះត្រាណាតែ​រុស្ស៊ីយល់ព្រមប្រគល់​ឧបទ្វីបនេះ ទៅកាន់អ៊ុយក្រែន​វិញ»។
គួរជម្រាបថា រុស្ស៊ីត្រូវបាន​បណ្តេញចេញពីក្រុម​ប្រទេសសេដ្ឋកិច្ច​កំពូល G7 (នៅពេល​មានរុស្ស៊ី គឺ G8) កាលពី​ឆ្នាំ២០១៤ ហើយចាប់តាំង​ពី​ពេលនោះមក បានទទួលរង​ទណ្ឌកម្មជាបន្ត ​បន្ទាប់ពី​លោកខាងលិច ក្រោយពីបាន​រួមបញ្ចូលតំបន់​ឧបទ្វីបគ្រីមៀ​ ជាកម្មសិទ្ធិ​របស់​ខ្លួន។
ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុន​វិមានក្រឹមឡាំង និងសេតវិមាន​បានប្រកាសថា ប្រធានាធិបតី​នៃប្រទេស​ទាំងពីរ នឹងបើកកិច្ចប្រជុំ​​កំពូលមួយ​នៅរដ្ឋធានី ហ៊ែលស៊ីងគី (Helsinki) នៃប្រទេស​ហ្វាំងឡង់ នៅថ្ងៃទី១៦ ខែកក្កដា ដោយមេដឹកនាំ​ទាំងពីរ​ត្រូវគេរំពឹងថា នឹងពិភាក្សាអំពី​​ទំនាក់​ទំនង​ទ្វេភាគី បញ្ហា​សន្តិសុខជាតិ និងបញ្ហាអន្តរជាតិ​ដ៏ក្តៅគគុកជាច្រើន​ទៀត៕