ដូណាល់ ត្រាំ ប្រតិកម្មតប​ទៅប្រធានាធិបតី ម៉ាក្រុង «ដោយ​ចង់អូសរុស្ស៊ី​ចូលរួម​តុប្រជុំ G7 វិញ» ទោះបី​នរណា​មិនពេញ​ចិត្ត ឬពេញ​ចិត្ត​ក៏​ដោយ...

(ម៉ូស្គូ)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីគួរតែចូលរួមអង្គុយចរចានៅក្នុងកិច្ចប្រជុំ G7 បើទោះជា​មេដឹកនាំពិភពលោក​ដទៃទៀតពេញចិត្ត ឬមិនចិត្ត​ក៏ដោយ ដែលជាប្រតិកម្ម​មួយតបទៅកាន់​​សេចក្តី​ថ្លែងការណ៍​ពី​ប្រធានាធិបតី លោក អ៊ែមម៉ានុយអែល ម៉ាក្រុង ដែល​បានអះអាង​ថា G7 អាច​ក្លាយជា G6 វិញ​ព្រោះអាមេរិក​ចង់​នៅ​ឯកោ។ នេះ​បើ​តាមការ​​ចេញផ្សាយ​ដោយ​​សារព័ត៌មាន RussianToday នៅ​ព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ​ខណៈលោក​កំពុងរៀបចំចាក​ចេញដំណើរទៅកាន់​ប្រទេស​កាណាដា ដើម្បីចូលរួម ក្នុងកិច្ច​ប្រជុំ G7។ ថ្លែងនា​ឱកាស​នោះ ប្រធានាធិបតី​អាមេរិក​រូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «...រុស្ស៊ីគួរតែចូល​រួមក្នុងកិច្ច​ប្រជុំ G7 ហើយ តើហេតុអ្វី​បានជាយើងចូលរួម​ប្រជុំដោយ​គ្មានរុស្ស៊ី... ដូច្នេះទោះបី​ជាអ្នកពេញចិត្ត ឬមិនពេញចិត្ត រុស្ស៊ីគួរតែ​ចូលរួមអង្គុយ​ចរចា​នៅក្នុង​កិច្ចប្រជុំ G7 ព្រោះថា ការដក​រុស្ស៊ីចេញ​មិនមែន​ជានយោបាយ​ត្រឹមត្រូវ»។
គួរបញ្ជាក់ថា កិច្ចប្រជុំ G7​ លើកទី ៤៤ នឹងត្រូវប្រព្រឹត្តពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា​នេះ នៅឯ​តំបន់​ឡាម៉ាល់ប៊េរ (La Malbaie) នៃទីក្រុង កេប៊ិច (Quebec) ប្រទេសកាណាដា។ ប៉ុន្តែអ្វីដែល​គួរ​ឱ្យកត់សម្គាល់ ការលើកឡើង​របស់លោក ត្រាំ ត្រូវបានគេ​មើលឃើញ​ថា ទំនងជា​ការបញ្ចេញ​ប្រតិកម្ម​វាយបកលើ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ដែលអះអាងថា បើសិនជាលោក​ប្រធានាធិបតី​អាមេរិកមិន​ខ្វល់​ពីភាពឯកោទេ នោះ ប្រទេស G7 អាចក្លាយ​ជាប្រទេស G6 ដោយគ្មាន​សហរដ្ឋអាមេរិក​ក៏គ្មានបញ្ហា​អ្វីដែរ៕
ដូណាល់ ត្រាំ ប្រតិកម្មតប​ទៅប្រធានាធិបតី ម៉ាក្រុង «ដោយ​ចង់អូសរុស្ស៊ី​ចូលរួម​តុប្រជុំ G7 វិញ» ទោះបី​នរណា​មិនពេញ​ចិត្ត ឬពេញ​ចិត្ត​ក៏​ដោយ... ដូណាល់ ត្រាំ ប្រតិកម្មតប​ទៅប្រធានាធិបតី ម៉ាក្រុង «ដោយ​ចង់អូសរុស្ស៊ី​ចូលរួម​តុប្រជុំ G7 វិញ» ទោះបី​នរណា​មិនពេញ​ចិត្ត ឬពេញ​ចិត្ត​ក៏​ដោយ... Reviewed by Laiheang Vobfm on 6/09/2018 Rating: 5
Powered by Blogger.