លោក ​ស ខេង​ ជម្រុញ​ឲ្យ​សមត្ថកិច្ច​ប្រឹងប្រែង​បន្ថែម ​​ប្រឆាំង​​នឹង​​​​ផលិត​ផល​ខុស​ច្បាប់​​និង​​ក្លែងក្លាយ​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ​ស ខេង​ ជម្រុញ​ឲ្យ​សមត្ថកិច្ច​ប្រឹងប្រែង​បន្ថែម ​​ប្រឆាំង​​នឹង​​​​ផលិត​ផល​ខុស​ច្បាប់​​និង​​ក្លែងក្លាយ​! ! !

15/06/2018
ខេត្តកំពង់ស្ពឺ ផលិតផល​បរិភោគ ​ភាគ​ច្រើន​ជា​គ្រឿងផ្សំ​សម្រាប់​ធ្វើ​សាច់​ក្រក ​រួមមាន​ ពោះវៀន​ជ្រូក ​ពោះវៀន​គោ ​ពោះវៀន​មាន់​ ទា ​ជាដើម ​ដែល​ស្តុ​ប​ទុក​ជា​ច្រើន​ឆ្នាំ ​ត្រូវ​បាន​កម្ទេច​ចោល​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជា​ច្រើន​នាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ដែល​ដឹកនាំ​នៅ​ក្នុង​ពិធី​កំទេច​ ចំណី​អាហារ​ក្លែងក្លាយ ​ខូច​គុណ​ភាព ​និង​ខុសច្បាប់​ទាំង​នេះ ​បាន​ចាត់ទុក​ថា ​ចំណី​អាហារ ​ដែលមាន​សារធាតុ​គីមី ​ប៉ះពាល់​សុខភាព​ជាង​១០០​តោន​នា​ពេលនេះ ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ទប់ស្កាត់ ​និង​បង្ក្រាប​របស់​ភ្នាក់ងារ​មាន​សមត្ថកិច្ច ​ដែល​ដឹកនាំ​ដោយ ​គណៈ​ក​មា្ម​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​កា្ល​យ​។

លោក​ ស ខេង ​ថ្លែង​បន្ត​ថា ​កន្លង​មក​លោក​ធ្លាប់​បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព ​ធ្វី​ការ​ទប់ស្កាត់ ​និង ​បង្ក្រាប​ទៅ​លើ​ផលិតផល​ទាំងឡាយ​ណា ​ដែល​មនុស្ស​ទាំងអស់​គ្នា​ហូប​ចូល​ទៅ​ក្នុង​ពោះ ​មាន​ដូចជា ​ថ្នាំពេទ្យ​ គ្រឿង​ឧបភោគ ​បរិភោគ​ជាដើម​។

លោក​ថា ​ផលិតផល​ចំណី​អាហារ​ខូច​គុណភាព ​និង​ខុស​ច្បាប់ ​ដែល​មាន​សារធាតុ​គីមី ​ប៉ះពាល់​សុខភាព ​ជាង​១០០​តោន​នេះ ​គឺ​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ប្រសិន​បើ​ទប់ស្កាត់​មិនទាន់​ពេល​វេលា​នោះ​ទេ ​ពិត​ជា​ត្រូវ​ចែក​ចាយ​នៅ​លើ​ទីផ្សារ ​ហើយ​អ្នក​ដែល​រងគ្រោះ​ច្បាស់​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​។

ជាមួយគ្នា​នេះ ​អ្នក​តាមដាន​បញ្ហា​សង្គម​នានា​បាន​សម្តែង​ការ​ស្វាគមន៍​ដល់​ចំណាត់ការ​របស់​អាជ្ញាធ​រ ​ដែល​បាន​បំផ្លាញ​ចោល​ផលិតផល​ទាំង​នេះ​។​ លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុ​ជា ​ថ្លែងថា​ការ​យក​ផលិតផល​ខុស​ច្បាប់ ​ហួស​សុពលភាព ​ទៅ​កម្ទេច​ចោល​ជា​ច្រើន​លើក​នោះ ​នឹង​មិន​មាន​ការ​ថយចុះ​ទេ​ប្រសិន​បើ​មិនមាន​វិធានការ​ទប់ស្កាត់​ជា​មុន​។

លោក ​សន ជ័យ ​និង​អ្នក​តាមដាន​សង្គម​ឯទៀត ​បាន​ចោទសួរ​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចំពោះ​ការ​លួច​ផលិត​គ្រឿង​ឧបភោគ ​បរិភោគ ​នានា​នៅ​ក្នុង​ស្រុក ​និង ​ការ​ធូរ​រលុង​នៃ​សមត្ថកិច្ច​ច្រកទ្វារ​ព្រំដែន ​ដែល​ជា​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ​ជា​មូលហេតុ​នៃ​ការ​ហូរចូល​ទំនិញ​ម្ហូប​អាហារ​ខូច​គុណភាព​ពី​ប្រទេស​ជិត​ខាង​។ ​ការ​អនុវត្ត​ច្បាប់​តឹងរឹង​ទៅ​លើ​អ្នកប្រព្រឹត្ត ​ក៏​ជា​ចំណុច​មួយ​សំខាន់​ដែល​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​។

ទោះ​យ៉ាងណា ​លោក ​ស ខេង ​នៅ​ក្នុង​ពិធី​ថ្ងៃ​នេះ ​ក៏​បាន​ជំរុញ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ បន្ត​ការ​ខិតខំ ​ទប់ស្កាត់ ​និង​បង្ក្រាប​រាល់​ផលិតផល​ក្លែងក្លាយ ​និង​ខូច​គុណភាព​ឲ្យ​បានក​ខ្លាំងក្លា​បន្ថែម​ទៀត ​ដើម្បី​ធានា​នូវ​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។