កាលពីឆ្នាំទៅ Huawei ឈរនៅចំណាត់ថ្នាក់លេខ ៣ ជាក្រុមហ៊ុនចេញលក់ស្មាតហ្វូនបានច្រើនបំផុតក្នុងពិភពលោក រហូតដល់ ១៥៣ លានគ្រឿង នៅក្រោម Apple និង SAMSUNG ប៉ុន្តែផែនការណ៍ថ្មីក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនយក្សប្រទេសចិន បានប្រកាសពីមហិច្ឆតាគ្រោងចេញលក់ឲ្យបាន ២០០ លានគ្រឿង។
កំណើនជោគជ័យលើឧស្សាហកម្មស្មាតហ្វូននៃក្រុមហ៊ុនមានមូលដ្ឋានក្នុងទីក្រុង Shenzhen បានកើនឡើង ៥១ ដង ក្នុងចន្លោះឆ្នាំ ២០១០ និង ២០១៧ ខណៈនាយកប្រតិបត្តិលោក Yu Chengdong ក៏ធ្លាប់បញ្ជាក់កាលពីសព្វដងថា កំណើននេះសោត ឡើងខ្ពស់ក្នុងត្រីមាសទី ២ ជាមួយកំពូលស្មាតហ្វូនត្រកូល P។
យ៉ាងណាមិញបើឆ្នាំនេះ Huawei អាចឆ្លងផុត ២០០ លានគ្រឿង នោះអាចនឹងទាញទម្លាក់ Apple ដើម្បីឈរនៅតំណែងលេខ ២ ស្របពេលតួលេខស្មាតហ្វូនតម្លៃថ្លៃរបស់ក្រុមហ៊ុនអាមេរិក ផ្តើមមានការធ្លាក់ចុះក្នុងឆ្នាំ ២០១៨ ថ្វីបើឆ្នាំទៅលក់ចេញបាន ២១៥ លានគ្រឿងក៏ដោយ។
មហិច្ឆតាចុងក្រោយ គឺការផ្តួលក្រុមហ៊ុន SAMSUNG ប៉ុន្តែអាចនឹងពិបាកក្នុងការប្រលូកចូលទីផ្សារសហរដ្ឋអាមេរិក ជាកត្តាធ្វើឲ្យមានការបង្វែរគោលដៅចូលរំអុកទីផ្សារអឺរ៉ុប និងអាស៊ីជំនួស។ សង្កេតឃើញជោគជ័យនៅទីផ្សារឥណ្ឌា ទូរសព្ទចិន ក៏កំពុងឆ្ពោះទៅមុខជាបណ្តើរៗ ផ្អែកតាមតួលេខកើនឡើងនៃការលក់ស្មាតហ្វូនធុនមធ្យមក្រោមស្លាកយីហោ Honor៕
ប្រភព៖ PhoneArena
