(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅថ្ងៃពុធនេះបាននិយាយថា ទីក្រុងតូក្យូអាចនឹងជួយចេញថ្លៃចំណាយខ្លះ លើដំណើរការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង នៅបន្ទាប់ពីទីភ្នាក់ងារឃ្លាំថាមពលអាតូមិចអន្តរជាតិ (IAEA) ចាប់ផ្ដើមធ្វើអធិការកិច្ចឡើងវិញជាមុនសិនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ការសម្គាល់បែបនេះរបស់លោក Suga បានធ្វើឡើងមួយថ្ងៃក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ជប៉ុន និងកូរ៉េខាងត្បូងមានសមត្ថភាពជួយចេញថ្លៃលើ ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលក្រុមអ្នកជំនាញខ្លះប៉ាន់ប្រមាណថា អាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ២០ពាន់លានដុល្លារអាមេរិកឯណោះ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃអង្គារ បន្ទាប់ពីជំនួបជាមួយលោក គីម ជុងអ៊ុន នៅសិង្ហបុរី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនជួយចេញថ្លៃលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាងនោះទេ។ ប៉ុន្តែ កូរ៉េខាងត្បូង និងជប៉ុនមានសមត្ថភាពផ្ដល់ជំនួយហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត លោក ត្រាំ និង លោក គីម ក៏បានសន្យាដែរថា នឹងធ្វើការងាររួមគ្នាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ ជាមួយការធានាសន្ដិសុខពីសហរដ្ឋអាមេរិក៕
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)