លោក ដូណាល់ ត្រាំ អះអាង​ថា «នឹងបញ្ឈប់​​ការធ្វើ​​សមយុទ្ធ​​យោធា» ហើយ​ការ​​ដកទ័ពពី​​កូរ៉េខាងត្បូង នឹងកើត​ឡើងនៅ​ថ្ងៃណាមួយ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ អះអាង​ថា «នឹងបញ្ឈប់​​ការធ្វើ​​សមយុទ្ធ​​យោធា» ហើយ​ការ​​ដកទ័ពពី​​កូរ៉េខាងត្បូង នឹងកើត​ឡើងនៅ​ថ្ងៃណាមួយ...

12/06/2018
(សិង្ហបុរី)៖ ក្រោយកិច្ចប្រជុំកំពូល​បានបញ្ចប់ទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើ​សន្និសីទព័ត៌មានមួយ​ ទាក់​ទិន​នឹងជំនួប​ជាមួយ​លោក គីម ជុងអ៊ុន នាថ្ងៃនេះ មុនធ្វើ​ដំណើរចាក​ចេញពីសិង្ហបុរី ដើម្បីត្រឡប់ទៅកាន់​សហរដ្ឋអាមេរិកវិញ។ នេះបើ​តាម​​ការ​ដក​​ស្រង់​ការ​​ផ្សាយចេញ​ពី សារព័ត៌មាន The Guardian នៅរសៀល​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសន្និសីទ​សារព័ត៌មាន​ខាងលើ លោក ដូណាល់ ត្រាំ បានលើក​ឡើងថា កូរ៉េខាងជើង មាន​សក្តានុពល ដើម្បីប្រែក្លាយខ្លួន​ជាកន្លែង​ដ៏អស្ចារ្យ​មួយ ហើយលោក​ក៏បានឆ្លៀតឱកាស​អរគុណដល់​លោក គីម ជុងអ៊ុន ដែលបាន​ចូលរួមជំនួបកំពូល​នេះ​ផងដែរ ដោយវាគឺជា​ភស្តុ​តាង​ស្តែង​ឲ្យឃើញថា ​ការផ្លាស់ប្តូរ​ពិតជានឹង​អាចកើត​មាន។
បន្ថែមពីនេះទៀតប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាននិយាយថា «សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធា» ដែលនេះ​ទំនងជា​លោកចង់​សំដៅទៅលើ​សមយុទ្ធយោធា​​រួមគ្នា ជាមួយ​កូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាង​ផ្ទាល់ចាត់ទុក​ថា ជាចេតនា​បង្ក​រឿង និងឈ្លានពាននោះ។
ដោយឡែកចំពោះ​ការដកទ័ពពីកូរ៉េខាងត្បូង​​វិញនោះ ប្រធានាធិបតី​អាមេរិករូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់យក​កងទ័ពរបស់​យើងចេញ។ ខ្ញុំចង់យកកងទ័ព​របស់យើងត្រឡប់​ទៅផ្ទះវិញ។ ប៉ុន្តែវាមិនមែន​ជាផ្នែកមួយ​ នៃបញ្ហាត្រូវដោះស្រាយ​ក្នុងពេលបច្ចុប្បន្ន​នេះទេ ហើយ​ខ្ញុំសង្ឃឹមថា វានឹងកើតឡើង​នៅថ្ងៃណា​មួយ»។
លោក ដូណាល់ ត្រាំ បាន​បន្តថា កិច្ចប្រជុំរវាង​លោក និងលោក គីម បាន​ប្រព្រឹត្ត​​ទៅ​ដោយ​​ភាព​ស្មោះត្រង់ ហើយគូសត្រូវ​ក៏អាចប្រែ​ក្លាយ​​ជា​មិត្ត​ផងដែរ។ លោក ត្រាំ បាន​បញ្ជាក់ទៀតថា វាពុំមានដែន​កំណត់នោះ​ឡើយ សម្រាប់អ្វីៗ​ដែល​កូរ៉េខាងជើង អាច​សម្រេច​បាន នៅពេល​​​ដែល​ទីក្រុងព្យុងយ៉ាង សម្រេចបោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ និងបើក​ចំហសេដ្ឋកិច្ច​របស់​ខ្លួន។

លោក​ប្រធានាធិបតី​អាមេរិក ក៏បានថ្លែងអំណរគុណ​ចំពោះ​សិង្ហបុរី សម្រាប់​ការរៀបចំ​កិច្ចប្រជុំ ​ហើយលោកក៏​បាន​ផ្តល់​​កិត្តិ​យស​​ទៅ​កាន់​មេដឹកនាំនៃ​ប្រទេស​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទ​សារព័ត៌មាន មុនចាកចេញ​ដំណើរត្រឡប់ទៅ​សហរដ្ឋអាមេរិកវិញ​នៅយប់នេះ លោក ត្រាំ បានបង្ហាញ ក្ដីសង្ឃឹមថា សង្រ្គាមកូរ៉េនឹង​ត្រូវបញ្ចប់ជាផ្លូវការ​ក្នុងពេលឆាប់ៗ​នេះ ហើយលោក​ថា​លោក គីម ជុងអ៊ុន គឺជាមនុស្សម្នាក់​ពោពេញ​ដោយសមត្ថភាព ដែលអាចដឹកនាំ​ប្រទេសបាន។ តែទោះជា​យ៉ាងនេះក្ដី លោកនៅតែបញ្ជាក់​ដដែលថា គ្មានឡើយការ​លើកលែង​ការដាក់ ទណ្ឌកម្ម រហូតដល់កូរ៉េខាងជើង​ លុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ទំាង​ស្រុង៕