លោក គីម ជុងអ៊ុន ក្លាយ​ជាមេដឹកនាំ​កូរ៉េខាងជើង​ទីមួយ ដែលបាន​ចាប់ដៃ​ប្រធានាធិបតី​អាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក គីម ជុងអ៊ុន ក្លាយ​ជាមេដឹកនាំ​កូរ៉េខាងជើង​ទីមួយ ដែលបាន​ចាប់ដៃ​ប្រធានាធិបតី​អាមេរិក!

12/06/2018
(សិង្ហបុរី)៖ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានបង្កើត​ប្រវត្តិសាស្ត្រថ្មី​មួយរួមគ្នា ​តាមរយៈការចាប់ដៃ​គ្នា​ទៅវិញទៅមក​ នៅប្រទេស​សិង្ហបុរី ហើយដែលការ​ចាប់ដៃនេះ គឺជាលើកដំបូងបំផុត​រវាងប្រធានាធិបតី​អាមេរិក​កំពុង​កាន់​អំណាចម្នាក់ និង​មេដឹកនាំកូរ៉េខាងជើងម្នាក់ ដែលមិនធ្លាប់មាននោះឡើយ។ នេះបើ​តាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មានចិន​ CGTN នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ការចាប់ដៃគ្នានេះ​ គឺជារូបភាព​និមិត្តរូប និងគ្មាននរណា​ម្នាក់អាចស្រមៃទុកជាមុន​ជាយូរណាស់​មកហើយ បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាង មានភាពតានតឹងនឹង​គ្នា​អស់រយៈពេលរាប់​​ទសវត្សរ៍​​មកនេះ។ ជំនួបកំពូល​រវាងលោក ដូណាល់​ ត្រាំ និងលោក គីម ជុងអ៊ុន បានចាប់ផ្ដើម​ជាផ្លូវការនៅម៉ោង ០៩៖០០នាទីព្រឹកនេះ (ម៉ោងនៅសិង្ហបុរី) ក្រោមការ​តាមដានយ៉ាង​យកចិត្តទុកដាក់ពី​ពិភពលោក ដ្បិត​មេដឹកនាំទាំងពីរ​ដែលធ្លាប់តែគំរាមចុច​ប៊ូតុងនុយក្លេអ៊ែរ និងជេរដៀលគ្នា​ទៅវិញទៅ​មកឥតសម្ចៃមាត់​នោះ បែរជាមាន​ថ្ងៃចាប់ដៃគ្នាទាំងទឹកមុខញញឹម ដោយលោក ត្រាំ និយាយថា លោកមាន​កិត្តិយស​ដែលបានជួបជា​មួយលោក គីម ហើយដែលលោក គីម បាន​និយាយតបវិញដែរថា យើងនឹងជម្នះ​រាល់ឧបសគ្គទាំងអស់​នៅទីនេះ។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម បានធ្វើដំណើរមក​ដល់ប្រទេសសិង្ហបុរី កាលពី​ថ្ងៃអាទិត្យសប្តាហ៍មុនដូចគ្នា។ កិច្ចកំពូល​ជាប្រវត្តិសាស្ត្រ​អាមេរិក-កូរ៉េខាងជើង ​បានចាប់ផ្ដើម​ប្រព្រឹត្តទៅនៅព្រឹក​ថ្ងៃអង្គារនេះ នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់ប្រទេសសិង្ហបុរី​ ដោយផ្ដោត​សំខាន់​លើការរំសាយអាវុធនុយក្លេអ៊ែរ​​របស់​កូរ៉េខាងជើង ជាថ្នូរនឹងការ​ទទួលបាន​សម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានា​សន្តិសុខ​​ពី​សហរដ្ឋ​អាមេរិក រួមទាំងសន្តិភាព​ជាអចិន្ត្រៃយ៍​ នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយ​ចំនួនទៀត ដែលទាក់ទិននឹង​ទំនាក់ទំនងរវាង​ប្រទេសទាំង​ពីរ ទៅថ្ងៃអនាគត៕