សិង្ហបុរី រឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លា ដើម្បីត្រៀមទទួលការមកដល់របស់លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សិង្ហបុរី រឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លា ដើម្បីត្រៀមទទួលការមកដល់របស់លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ

10/06/2018
(សិង្ហបុរី)៖ ការរឹតបន្តឹងសន្តិសុខបន្ថែម ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៀត នៅក្នុងប្រទេសសិង្ហបុរីនាព្រឹកថ្ងៃអាទិត្យនេះ នៅមុនការមកដល់​​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ​ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីត្រៀមចូលរួមកិច្ចប្រជុំ​​កំពូល​ជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ នាថ្ងៃអង្គារខាងមុខនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
កម្លាំងប៉ូលិសជាច្រើននាក់ និងកន្លែងត្រួតពិនិត្យសន្តិសុខ ព្រមទាំងរនាំងបិទផ្លូវ ត្រូវបានដាក់ពង្រាយនៅជុំវិញ​តំបន់សម្រាប់រៀបចំព្រឹត្តិ​ការណ៍សំខាន់ៗ ដែលនេះគឺជាសញ្ញាមួយគូសបញ្ជាក់ឲ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ានមួយនេះ ក្នុងការទប់ស្កាត់រាល់​​​​បញ្ហានានា ដែលអាចកើតមាននៅក្នុងអំឡុងកិច្ចប្រជុំកំពូលត្រាំ-គីម ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនាខាងមុខ​នេះ​។
អាជ្ញាធរសិង្ហបុរី បានចាត់ទីតាំងនានា ដែលទាក់ទងនឹងកិច្ចប្រជុំកំពូលខាងលើ ជាតំបន់សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេស ចាប់ពីថ្ងៃអាទិត្យ​នេះរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយទីតាំងទាំងនោះរួមមានសណ្ឋាគារ Capella នៅលើកោះ Sentosa ដែលជាកន្លែងបើក​កិច្ចប្រជុំ និង​​​បរិវេណនៅជុំវិញ​សណ្ឋាគារ Shangri-La និង St. Regis ជាទីដែលគេរំពឹងថាលោក ត្រាំ និង លោក គីម នឹងស្នាក់នៅ។
គួរជម្រាបថា យន្តហោះ Air Force One របស់លោក ត្រាំ ត្រូវគេរំពឹងថានឹងមកដល់​មូលដ្ឋានទ័ពអាកាស Paya Lebar នៃប្រទេសសិង្ហបុរី​​នាថ្ងៃអាទិត្យនេះ ក្រោយធ្វើដំណើរក្នុងជើងហោះហើររយៈពេល១៧ម៉ោង ចេញពីកាណាដា ជាទីដែលលោក បានចូលរួមកិច្ចប្រជុំ G7។ នៅ​ថ្ងៃដដែលនេះ យន្តហោះរបស់លោក គីម ជុងអ៊ុន ក៏ទំនងជានឹងមកដល់ព្រលានយន្តហោះ Changi ​របស់សិង្ហបុរីផងដែរ ក្រោយការហោះ​ហើររយៈពេល០៧ម៉ោង ចេញពីរដ្ឋធានីព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង៕​