ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសមិនគាំទ្រសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំ G7 ដោយសារទាស់គ្នាជាមួយកាណាដា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថារូបលោកបានបង្គាប់ដល់ក្រុមអ្នកតំណាងរបស់សហរដ្ឋអាមេរិក ​មិនឲ្យផ្តល់ការចុះហត្ថលេខាគាំទ្រដល់សេចក្តីថ្លែងការណ៍រួម ដែលចេញនៅអំឡុងការបិទបញ្ចប់កិច្ចប្រជុំនៃ​ប្រទេសសេដ្ឋកិច្ចកំពូល G7 ​ដែលប្រារព្ធឡើងនៅប្រទេសកាណាដាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ​អាទិត្យ​ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើងខាងលើនេះ​របស់លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង ក្រោយពីលោកបានចាកចេញពីប្រទេស​កាណាដា​ និងកំពុង​ស្ថិតនៅលើយន្តហោះ Air Force One សំដៅឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលជាមួយប្រមុខដឹកនាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន។ ប្រតិកម្មរបស់លោក ត្រាំ បានកើតមានបន្ទាប់ពី នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាន​ថ្លែង​ក្នុង​សន្និ​សីទ​​សារព័ត៌មានមួយថា ​ការដំឡើងពន្ធនាពេលថ្មីៗនេះរបស់អាមេរិក គឺប្រៀបដូចជាការប្រមាថមើលងាយមួយ ហើយលោក នឹង​ឲ្យ​គេ​គំរាម​​កំហែងតាមចិត្តឡើយ។
គួរជម្រាបថា កិច្ចប្រជុំ G7 ត្រូវបានធ្វើឡើង​បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានសម្រេចអនុវត្តន៍ការដំឡើងពន្ធ​លើ​​ផលិតផលដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលពីសហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ីកូ ដែលបានបង្កឲ្យមានការជំទាស់ជាខ្លាំង ពី​សហ​​គមន៍អាជីវកម្មក្នុងស្រុក និងវិធានការឆ្លើយតបពីសំណាក់ដៃគូពាណិជ្ជកម្មធំៗរបស់សហរដ្ឋអាមេរិក៕
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសមិនគាំទ្រសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំ G7 ដោយសារទាស់គ្នាជាមួយកាណាដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសមិនគាំទ្រសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំ G7 ដោយសារទាស់គ្នាជាមួយកាណាដា Reviewed by Laiheang Vobfm on 6/10/2018 Rating: 5
Powered by Blogger.