កាណាដាចេញមុខ «ជំទាស់អាមេរិកទាំងកណ្តាលចំណោម» រឿងលោក ត្រាំ ចង់ឲ្យ​រុស្ស៊ី​លេចមុខ​នៅ​កិច្ច​ប្រជុំ G7 វិញ...

(កាណាដា)៖ រដ្ឋាភិបាលកាណាដា​បានសម្ដែងការជំទាស់​យ៉ាងខ្លាំង ចំពោះការលើក​ឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យរុស្ស៊ី​ចូលរួមក្នុង​កិច្ចប្រជុំ G7 បួនឆ្នាំបន្ទាប់​ពីទីក្រុងម៉ូស្គូ ត្រូវបានគេ​បណ្ដេញចេញពី​ប្លុក​សេដ្ឋកិច្ច​មួយនេះ​ (អតីតក្រុមប្រទេស G8) ដោយសារតែវិបត្តិនៅ តំបន់គ្រីមៀ​ជាមួយ​អ៊ុយក្រែន។ នេះបើតាមការ​ចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន អ្នកនាំពាក្យរដ្ឋ​មន្ត្រីការបរទេស​កាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) គឺលោក អាដាំ អូស្ទិន (Adam Austen) បានលើក​ឡើងយ៉ាងខ្លី​ដូច្នេះថា «គោលជំហរ​របស់យើង​ចំពោះរុស្ស៊ី គឺមិនផ្លាស់ប្ដូរ​ឡើយ»។ បន្ថែមពីលើនេះ អតីតនាយក​រដ្ឋមន្ត្រី​កាណាដា លោក ស្ទេហ្វិន ហាភើ (Stephen Harper) ក៏បានបញ្ចេញ​យោបល់​ដែរថា រុស្ស៊ីមិនគួរ​ត្រូវបានអនុញ្ញាត​ឱ្យចូលរួមក្នុងកិច្ច​ប្រជុំ G7 នោះទេ ដារាបណា​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ​នៅតែបន្ត​កាន់​អំណាច។​
គួរបញ្ជាក់ថា ថ្លែងមុនពេល​ជិះយន្ដហោះទៅ​ចូលកិច្ច​ប្រជុំ G7 លើកទី ៤៤ ដែលប្រព្រឹត្ត​ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា​នេះ នៅឯ​តំបន់​​ឡាម៉ាល់ប៊េរ (La Malbaie) នៃទីក្រុង កេប៊ិច (Quebec) ប្រទេសកាណាដា លោក ដូណាល់ ត្រាំ បាននិយាយថារុស្ស៊ីគួរតែ ចូលរួមអង្គុយចរចានៅក្នុងកិច្ចប្រជុំ G7 បើទោះជា​មេដឹកនាំពិភពលោក ដទៃទៀត ពេញចិត្ត ឬមិនចិត្ត​ក៏ដោយ។
ប៉ុន្តែអ្វីដែល​គួរ​ឱ្យកត់សម្គាល់ ការលើកឡើង​របស់លោក ត្រាំ ត្រូវបានគេ​មើលឃើញ​ថា ទំនងជា​ការបញ្ចេញ​ប្រតិកម្ម​វាយបកលើ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ដែលអះអាងថា បើសិនជាលោក​ប្រធានាធិបតី​អាមេរិកមិន​ខ្វល់​ពីភាពឯកោទេ នោះ ប្រទេស G7 អាចក្លាយ​​ជាប្រទេស G6 ដោយគ្មាន​សហរដ្ឋអាមេរិក ​ក៏គ្មានបញ្ហា​អ្វីដែរ ខណៈទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប កំពុងមានភាពតានតឹង​ផ្នែកពាណិជ្ជកម្ម ដោយសារ​តែការតម្លើងពន្ធ​លើដែបថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ៕
កាណាដាចេញមុខ «ជំទាស់អាមេរិកទាំងកណ្តាលចំណោម» រឿងលោក ត្រាំ ចង់ឲ្យ​រុស្ស៊ី​លេចមុខ​នៅ​កិច្ច​ប្រជុំ G7 វិញ... កាណាដាចេញមុខ «ជំទាស់អាមេរិកទាំងកណ្តាលចំណោម» រឿងលោក ត្រាំ ចង់ឲ្យ​រុស្ស៊ី​លេចមុខ​នៅ​កិច្ច​ប្រជុំ G7 វិញ... Reviewed by Laiheang Vobfm on 6/09/2018 Rating: 5
Powered by Blogger.