យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្តណាសា ចុះផ្សាយនៅលើទស្សនាវដ្ដី Science នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ភពព្រះអង្គារ ត្រូវបានគេជឿជាក់ថា មានសមាសភាពកាបូនមូលដ្ឋាន ឬគេហៅថា «ម៉ូលេគុលសរីរាង្គ» ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ជីវិត។ បន្ថែមពីលើនេះ ការសិក្សាដដែលក៏បានឱ្យដឹងដែរថា មានភស្ដុតាងជាច្រើនអាចបញ្ជាក់បានថា ជាម៉ូលេគុលសរីរាង្គធំៗនៅលើភពព្រះអង្គារ ហើយដែលនេះគឺជាការខិតខំប្រឹងប្រែងបន្តពីការរុករកនៃយាន Viking របស់ NASA ដែលបានចុះចតលើភពព្រះអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។
ចំណែកឯការធ្វើតេស្ដកាលពីលើកមុនៗ អាចអង្អុលបង្ហាញពីសារពាង្គកាយ ប៉ុន្តែវត្តមាន ក្លរីន (chlorine) បែរជាធ្វើឱ្យគេពិបាកក្នុងការបកស្រាយទៅវិញ។ ដោយឡែកជុំវិញរបកគំហើញនេះដែរ លោកស្រី ជែននីហ្វឺ អេហ្គែនប្រូដ (Jennifer Eigenbrode) ជាអ្នកវិទ្យាសាស្រ្តជីវៈ-គីមី នៃអង្គការ NASA បានលើក ឡើងយ៉ាងដូច្នេះថា «នៅពេលដែលអ្នកធ្វើការជាមួយនឹងអ្វីមួយ ប្រៀបដូចជាមនុស្សឆ្កួតនៅលើភពព្រះអង្គារ ជាមួយឧបករណ៍ដ៏ស្មុគស្មាញ ដែលត្រូវបញ្ជូនទៅកាន់ទីអវកាស នោះវាហាក់ដូចជាយើងកំពុងធ្វើអ្វីមួយ ដែលយើងជឿជាក់ជាមុនថា វាមិនអាចទៅរួច... ប៉ុន្តែខ្ញុំបានធ្វើការងារជាមួយក្រុមការងារដ៏អាស្ចារ្យ នៅលើភពព្រះអង្គារ ហើយយើងបានរកឃើញរបកគំហើញថ្មីជាច្រើន»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលអង្គការ NASA ប្រកាសពីរបកគំហើញថ្មីៗ ពាក់ព័ន្ធនឹងជីវិតនៅលើភពព្រះអង្គារ ពោលគឺអង្គការមួយនេះក៏ធ្លាប់បានអះអាងផងដែរថា ខ្លួនបានរកឃើញស្លាកស្នាមប្រភពទឹក អមជាមួយម៉ូលេគុលសរីរាង្គដ៏ស្មុគស្មាញនៅលើភពមួយនេះ ដែលធ្លាប់កើតមានកាលពីជាង ៣.៥ពាន់លានឆ្នាំមុនផងដែរ៕