អភិបាលខេត្តពោធិ៍សាត់ ផ្តាំក្មួយៗសិស្សានុសិស្សថា «មិនត្រូវធ្វើជាគ្រាប់គ្រួស លើជើងពានមាសនោះទេ, គឺត្រូវធ្វើជាគ្រាប់ពេជ្រលើជើងពានមាស» (Video inside)

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ បានផ្តាំផ្ញើដល់សិស្សានុសិស្សថា «មិនត្រូវធ្វើជាគ្រាប់គ្រួសលើជើងពានមាសនោះទេ ប៉ុន្តែត្រូវខិតខំប្រែក្លាយខ្លួន ឲ្យទៅជាគ្រាប់ពេជ្រលើជើងពានមាសទើបសាកសម ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ»។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើបែបនេះ ក្នុងខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី១៧ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា នៅបរិវេណវិទ្យាល័យបាកាន ដោយមានការចូលរួមពីលោកស្រី តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ក្រុមប្រឹក្សាខេត្ត លោក-លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស ប្រមាណជិត២០០០នាក់។


លោក ម៉ៅ ធនិន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយ ក្នុងនោះដែរកុមាររងគ្រោះ និងងាយរងគ្រោះ ជាច្រើនមានសិទ្ធិសេរីភាព ទទួលបានការពារ និងទទួលបានឱកាសស្មើគ្នា ក្នុងការរស់នៅរៀនសូត្រ និងការអភិវឌ្ឍខ្លួនឲ្យក្លាយជាកុមារ ដែលមានអនាគតល្អ ដូចកុមារដទៃទៀត។

លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្ស ឲ្យខិតខំក្រេបជញ្ជក់ ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ហើយត្រូវគោរពលោកគ្រូ អ្នកគ្រូ ឲ្យដូចជាឪពុកម្តាយទីពីរ ដោយមិនត្រូវធ្វើជាគ្រាប់គ្រួសលើជើងពានមាសនោះទេ ប៉ុន្តែត្រូវខិតខំប្រែក្លាយខ្លួន ឲ្យទៅជាគ្រាប់ពេជ្រលើជើងពានមាសទើបសាកសម។
លោកបន្ថែមថា ឪពុកម្តាយបង្កើត ឬក៏អាណាព្យាបាល គឺជាអ្នកដែលមានគុណបំផុតចំពោះក្មួយៗ ដូចនេះដើម្បីជាការតបស្នងសងគុណដល់លោកទាំងពីរ ក្មួយៗត្រូវខិតខំសិក្សា ដើម្បីប្រែក្លាយខ្លួន ឲ្យទៅជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពល ជាបង្អែកគ្រួសារតទៅថ្ងៃមុខ និងជាសសរទ្រូងដ៏រឹងម៉ាង របស់ប្រទេសជាតិនាថ្ងៃអនាគត។ ផ្ទុយទៅវិញលោកគ្រូ អ្នកគ្រូ គឺជាពុម្ព និងជាថ្នាលបណ្តុះនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន តែបើលោកគ្រូអ្នកគ្រូបណ្តុះពុម្ព ទៅតាមការថ្នាំងថ្នាក់ និងខឹងគោទៅវាយរទេះនោះ ប្រទេសជាតិនឹងវិលត្រឡប់ ទៅរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃជាក់ជាមិនខាន ដូច្នេះបើមានបញ្ហាយើងអាចរួមគ្នាដោះស្រាយ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រគល់វត្ថុអនុស្សារីយ៍ ជាសារុងម្នាក់១ ដល់លោកគ្រូ អ្នកគ្រូ ចំនួន១២៨នាក់, ចែកសម្ភារៈសិក្សាម្នាក់មួយកញ្ចប់ ដល់សិស្សានុសិស្ស ចំនួន២០១៦នាក់, ឧបត្ថម្ភដល់សិស្ស ២នាក់ ដែលបានគូរូបភាពឯកឧត្តមដោយផ្ទាល់ដៃ ចំនួន៣០ម៉ឺនរៀល និងឧបត្ថម្ភការសាងសង់ រោងអាហារពេលព្រឹកសម្រាប់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាទួលលៀបផងដែរ៕
អភិបាលខេត្តពោធិ៍សាត់ ផ្តាំក្មួយៗសិស្សានុសិស្សថា «មិនត្រូវធ្វើជាគ្រាប់គ្រួស លើជើងពានមាសនោះទេ, គឺត្រូវធ្វើជាគ្រាប់ពេជ្រលើជើងពានមាស» (Video inside) អភិបាលខេត្តពោធិ៍សាត់ ផ្តាំក្មួយៗសិស្សានុសិស្សថា «មិនត្រូវធ្វើជាគ្រាប់គ្រួស លើជើងពានមាសនោះទេ, គឺត្រូវធ្វើជាគ្រាប់ពេជ្រលើជើងពានមាស» (Video inside) Reviewed by Laiheang Vobfm on 6/03/2018 Rating: 5
Powered by Blogger.