មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានលោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី អញ្ជើញទៅធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីមូស្គូ។
ការអញ្ជើញនេះ ធ្វើឡើងនៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Sergei Lavrov នៅក្រុងព្យុងយ៉ាង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន ចាប់ដៃលោក Sergei Lavrov កាលពីថ្ងៃទី៣០ ឧសភា ២០១៨/ រូបភាព៖ EPA
ក្រៅពីការអញ្ជើញ លោករដ្ឋមន្ត្រីរុស្ស៊ី ក៏បាននាំសាររបស់លោកប្រធានាធិបតី វ៉្លាឌឺមៀ ពូទីន អំពីការជូនពរ និងកោតគោរពចំពោះការខ្នះខ្នែងរបស់លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងបញ្ហានៅឧបទ្វីបកូរ៉េផងដែរ។ "មករុស្ស៊ីមក។ យើងច្បាស់ជារីករាយខ្លាំងណាស់ដែលនឹងបានជួបអ្នក (លោក គីម ជុងអ៊ុន)" នេះជាការថ្លែងរបស់លោក Sergei។
លោក Sergei ក៏បានបង្ហាញពីការគាំទ្រផងដែរទៅលើកិច្ចប្រឹងប្រែងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងរឿងបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរ ដែលបានធ្វើឡើងកាលពីខែមេសាកន្លងទៅ។
យ៉ាងណាមិញ លោកបន្តថា ទណ្ឌកម្មនៅលើកូរ៉េខាងជើងគួរតែកាត់បន្ថយ នៅអំឡុងពេលដែលកូរ៉េខាងជើងខំប្រឹងបង្កើតសន្តិភាពឡើងវិញ ខុសពីដំណោះស្រាយរបស់សហរដ្ឋអាមេរិកដែលបន្តដាក់ទណ្ឌកម្មនៅលើកូរ៉េខាងជើងដដែល៕
