តើម៉ាឡេស៊ី​ប្រតិកម្ម​ដូចម្តេច ពេលហូឡង់ចោទ​រុស្ស៊ីចំៗថា ជាអ្នក​បាញ់​ទម្លាក់ MH17 កាលពីឆ្នាំ២០១៤? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តើម៉ាឡេស៊ី​ប្រតិកម្ម​ដូចម្តេច ពេលហូឡង់ចោទ​រុស្ស៊ីចំៗថា ជាអ្នក​បាញ់​ទម្លាក់ MH17 កាលពីឆ្នាំ២០១៤?

31/05/2018
(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីដឹកជញ្ជូន​ម៉ាឡេស៊ី លោក អាន់ថូនី ឡូក (Anthony Loke) បាន​និយាយថា មិនមានភស្ដុតាង​ជាក់ស្ដែងណាមួយ​អាចបញ្ជាក់​បានថា រុស្ស៊ីគឺជាអ្នកទទួលខុសត្រូវ​លើការបាញ់​ទម្លាក់​យន្ដហោះ MH17 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន ក្រុមអ្នកស៊ើប​អង្កេតអន្តរជាតិ​ ដឹកនាំដោយ​ប្រទេស​ហូឡង់​បានអះអាងថា មីស៊ីលប្រភេទ Buk ដែល​គេបានប្រើដើម្បីបាញ់​ទម្លាក់ជើងហោះហើរ MH17 កាលពី​ឆ្នាំ២០១៤ នៅភាគខាងកើត​ប្រទេស​អ៊ុយក្រែន គឺមានប្រភព​មកពីយោធារុស្ស៊ី។ ប៉ុន្តែខណៈហូឡង់ ទាមទារ​ឱ្យទីក្រុងម៉ូស្គូ​ទទួលខុសត្រូវលើ​សោកនាដកម្ម​នេះ លោក Anthony បែរជាលើក​ឡើងថា មិនមាន​ភស្ដុតាង​ជាក់ស្ដែង​ចោទប្រកាន់​លើរុស្ស៊ី​ទៅវិញ។
រដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ​បញ្ជាក់​ប្រាប់ Channel News Asia នៅ​ថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា «មិនមាន​ភស្ដុតាងជាក់ស្ដែង​ណាមួយ ដើម្បីចោទ​ប្រកាន់លើរុស្ស៊ី ក្រោមភស្ដុតាង​របស់ក្រុមអ្នកស៊ើប​អង្កេតរួម (JIT) បាន​នោះទេ។ ប៉ុន្តែអ្នក​ដែលជាអ្នកទទួល​ខុសត្រូវ​... អ្នក​មិនអាចគ្រាន់តែ​ចោទថា រុស្ស៊ីនោះ​ទេ។ មួយវិញទៀត​ជាការពិត​ណាស់ យើងត្រូវពិចារណា​លើទំនាក់ទំនង​ការទូត ហើយរាល់​ការចាត់
វិធានការ​នៅពេល​អនាគត គឺនឹងត្រូវផ្អែក​លើភស្ដុតាង​ជាក់​ស្ដែង»។
គួររំលឹកថា ជើង​ហោះ​ហើរ MH17 របស់ក្រុមហ៊ុន​​អាកាសចរណ៍ម៉ាឡេស៊ី​​អ៊ែរឡាញ មានគោលដៅ​​ហោះហើរ​ពី​ទីក្រុង អាំស្ទើដាំ (Amsterdam) ប្រទេសហូឡង់​ឆ្ពោះទៅកាន់​ទីក្រុង​គូឡាឡាំពួរ ប្រទេស​​ម៉ាឡេស៊ី ត្រូវបានគេ​បាញ់ទម្លាក់​កាល​ពីថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៤។ សោកនាដកម្មនេះ​​បានផ្ដាច់យក​​ជីវិតមនុស្ស​ ដែលជិះនៅ​​លើ​យន្ដហោះ​ទាំងអស់ ២៩៨នាក់ ក្នុងនោះ​​មាន ១៩៦នាក់ ជាពលរដ្ឋ​​ហូឡង់ ប៉ុន្តែ​រុស្ស៊ីធ្លាប់​​បានច្រាន​ចោលរាល់​កា​រប្រកាន់មក​​លើខ្លួន៕ ​