នាយក​រដ្ឋមន្ត្រី​ទាមទារ​ឲ្យ​លោក​អ៊ិ​ត សំ​ហេង ពន្យល់​ពាក់ព័ន្ធ​លុយ​បុរេប្រទាន​ជាង​៤​លាន​ដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយក​រដ្ឋមន្ត្រី​ទាមទារ​ឲ្យ​លោក​អ៊ិ​ត សំ​ហេង ពន្យល់​ពាក់ព័ន្ធ​លុយ​បុរេប្រទាន​ជាង​៤​លាន​ដុល្លារ

30/05/2018
រាជធានី​ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើ​របាយការណ៍​ពន្យល់​ជូន​សម្តេច ពាក់ព័ន្ធ​នឹង​រឿង​ដែល​មាន​កម្មករ​-​កម្មការិនី​មួយ​ចំនួន​នៅ​បន្ត​ធ្វើ​បាតុកម្ម បន្ទាប់​ពី​ថៅកែ​រត់​ចោល បើ​ទោះបីជា​កន្លង​មក​រាជរដ្ឋាភិបាល​បាន​ប្រគល់​ប្រាក់​បុរេប្រទាន​ចំនួន​៤​លាន​៦​សែន​ដុល្លារ​ឲ្យ​ដោះស្រាយ​ជូន​កម្មករ​ក៏​ដោយ ។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​បញ្ជា​ទៅ​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​នា​ឱកាស​សម្តេច​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​- កម្មការិនី​ប្រមាណ​១៦,៤៧៤​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១០ មក​ពី​តំបន់​នានា​ស្ថិត​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្តាល ។
សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «​ថ្ងៃនេះ​យក​ការ​រម្លឹក​បន្តិច ខ្ញុំ​បាន​ផ្តល់​ប្រាក់​បុរេប្រទាន ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៤​លាន ៦​សែន​ដុល្លារ​រួច​ស្រេច​ទៅ​ហើយ ដើម្បី​ដោះស្រាយ​កម្មករ​ដែល​រោងចក្រ​ម្ចាស់​រោងចក្រ​រត់​ចោល ក៏​ប៉ុន្តែ​នៅ​តំបន់​ចាក់​អង្រែ និង​តំបន់​ខ្លះ​ក្បែរ​ខាងយើង​នេះ​នៅ​តែ​មានរឿង​នេះ​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទាមទារ​ការ​ពន្យល់​ដោយ​មាន​ប្រសាសន៍​បែប​នេះ​ថា ៖ «​តើ​មក​ពី​អ្វី0x017d7 ខ្ញុំ​សុំ​របាយការណ៍ តើ​មក​ពី​អ្វី​បានជា​អស់លោក មិន​បញ្ចប់ ហើយ​ទុក​ឲ្យ​ក្មួយ​ខ្លះ​ចង់ទៅ​ដាក់​ញ្ញាតិ​នៅផ្ទះ​ខ្ញុំ ក្មួយ​ខ្លះ​បោះ​តង់ ។

តើ​រឿង​នេះ​ជា​រឿង​អី​ពិតប្រាកដ ? សុំ​ឲ្យ​ខ្ញុំ​បាន​ដឹងផង​បាន​ទេ អំពី​បញ្ហា​នេះ ? ហើយ​តើ​យើង​អាច​បុរេប្រទាន​លុយ​ចេញ​មក​បន្ថែម ដើម្បី​ដោះ​បញ្ចប់រឿង​នឹង​បាន​ទេ ?​» សម្តេច​បន្ត​ថា អស់លោក​ត្រូវ​អនុវត្ត​តាម​ច្បាប់ កុំ​អនុវត្ត​តាម​បទបញ្ជា ។
ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ថា ៖ «​ហេតុ​អ្វី​បានជា​ខ្ញុំ​ចង់​ឲ្យ​ពន្លត់ភ្លើង​នឹង​ឲ្យ​វា​ឆាប់​ចប់ បែរជា​ភ្លើង​នឹង​វា​នៅ​តែ​ហុយផ្សែង​មក ។ អ​ញ្ចឹ​ង​រឿង​នឹង​ត្រូវ​តែ​អស់លោក​ដោះស្រាយ ។ បើ​ត្រូវការ​លុយ​បន្ថែម អត់​អី​ទេ ប​ញ្ជួ​ន​មក​ខ្ញុំ ខ្ញុំ​ចារ​ភ្លាម អស់លោក​យក​លុយ​ទៅ​បើក​ទៅ កុំ​ទុក​អា​រឿង​នឹង​វា​យូរ​ពេក ។ អ​ញ្ចឹ​ង​ទេ​ខ្ញុំ​សុំ​ឲ្យ​ឯកឧត្តម អ៊ិ​ត សំ​ហេង ដោះស្រាយ​ឲ្យ​ចប់​នូវ​ចំណុច​ប៉ុន្មាន ព្រោះ​វា​ឲ្យ​លុយ​ទៅ​ហើយ វា​នៅ​តែ​មិន​ព្រម​ចប់ ។ ហើយ​តិច​ទៀត​ច្បាស់​ណាស់​ថា បងប្អូន​កូនក្មួយ​នឹង​ចង់ទៅ​ដល់​ផ្ទះ​ខ្ញុំ ឬ​ក៏​អាច​ពេល​ណាមួយ​ខ្ញុំ​មក​តា​ខ្មៅ គាត់​ស្ទាក់​ឡាន​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ដោះស្រាយ ។ អា​នឹង​រឿង​មក​ពី​លោក​ឯង​» ។ នា​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ បាន​ជូនដំណឹង​ទៅ​បងប្អូន​កម្មករ​-​កម្មការិនី​ឲ្យ​បាន​ជ្រាប​ផង​ដែរ​ថា ច្បាប់​ទាក់ទង​ជាមួយនឹង​ផលប្រយោជន៍​របស់​កម្មករ ដែល​មុន​នេះ​ថៅកែ​តែងតែ​ជំពាក់​កម្មករ​នឹង​ត្រូវធ្វើ​វិ​សោត​ន​កម្ម​ក្នុង​ខែ​៦​នេះ ដើម្បី​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​ត្រូវ​បើក​លុយ​អត្ថប្រយោជន៍​ជូន​កម្មករ​រៀង​រាល់ ៦​ខែ​ម្តង ។

សម្តេច​ក៏​បាន​រម្លឹក​ថា កាលពី​ឆ្នាំ​២០១២ សម្តេច​បាន​បើក​លុយ​ឲ្យ​ចំនួន​១២​លាន​ដុល្លារ​អា​មេ​រិ​ក ដោះស្រាយ​ជូន​កម្មករ​រឿង​ប្រាក់​អត្ថប្រយោជន៍ ព្រោះ​ពេល​នោះ​កម្មការិនី​ត្រូវ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ដល់​ទៅ​ជាង​២​ម៉ឺន ខ្លះ​១​ម៉ឺន​ដុល្លារ និង​ខ្លះ​ទៀត​ក៏​រាប់​ពាន់​ដុល្លារ​ផង​ដែរ ដោយសារ​តែ​ថៅកែ​រោងចក្រ​ជំពាក់ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា​៖ «​បាន​ន័យ​ថា យើង​បណ្តោយ​ឲ្យ​ថៅកែ​រោងចក្រ ជំពាក់​កម្មករ​យូរ​ពេក ដល់​ទៅ​ពេល​ដែល​ម្ចាស់​រោងចក្រ​ដួល​រលំ ទម្ងន់ អ​ម្រែ​ក​ទាំង​ប៉ុន្មាន ធ្លាក់​មក​លើ​រាជរដ្ឋាភិបាល​ទាំងអស់ អ​ញ្ចឹ​ង​ទេ​នៅ​ក្នុង​ខែ​៦​នេះ ច្បាប់​នឹង​ត្រូវធ្វើ​វិ​សោត​ន​កម្ម​៦​ខែ​ម្តង បើក​ឲ្យ​កម្មករ​» ៕