សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងសម្តេចក្រុមព្រះខ្ចីលុយជាង១លានដុល្លារ ធ្វើនយោបាយ បែរជាសន្យាដោះស្រាយបំណុលប្រជាពលរដ្ឋពេលឈ្នះឆ្នោត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងសម្តេចក្រុមព្រះខ្ចីលុយជាង១លានដុល្លារ ធ្វើនយោបាយ បែរជាសន្យាដោះស្រាយបំណុលប្រជាពលរដ្ឋពេលឈ្នះឆ្នោត

30/05/2018
(កណ្តាល)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងប្រតិកម្មយ៉ាងខ្លាំងជុំវិញការឃោសនារបស់អ្នកនយោបាយមួយ ដែលលើកឡើងថា នៅពេលដែលខ្លួនឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល នឹងដោះស្រាយបំណុលជូនប្រជាពលរដ្ឋ ដោយសម្តេចចាត់ទុកថា ការឃោសនានេះជាការឃោសនាបោកប្រាស់។
បើទោះបីជាសម្តេចតេជោមិនបានបញ្ជាក់ឈ្មោះអ្នកនយោបាយដែលឃោសនានេះក្តី ប៉ុន្តែត្រូវបានគេដឹងថា សំដៅសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ សម្តេចក្រុមព្រះ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅខេត្តតាកែវកាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា កន្លងទៅនេះ បានមានព្រះរាជបន្ទូលទៅកាន់ប្រជាពលរដ្ឋថា នៅពេលព្រះអង្គឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ព្រះអង្គនឹងដោះស្រាយបំណុលជូនប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការឃោសនាបែបនេះ ជាការឃោសនាបែបប្រជាភិថុតិ ជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដែលមិនគួរនឹងធ្វើនោះឡើយ។ ក្រៅពីប្រតិកម្មជាមួយការឃោសនាសន្យាដោះស្រាយបំណុលនេះទៅ សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ក៏បានទម្លាយផងដែរ សម្តេចក្រុមព្រះ បានសរសេរសំបុត្រទៅសម្តេច ដើម្បីខ្ចីលុយចំនួន ១លាន ៣សែន ៥ម៉ឺនដុល្លារអាមេរិក យកទៅធ្វើសកម្មភាពនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាមួយការប្រតិកម្មខ្លាំងៗយ៉ាងដូច្នេះថា «មានអ្នកខ្លះថា បើគេឈ្នះឆ្នោត គេនឹងសងបំណុលជួសប្រជាជនទាំងអស់។ នេះជាអំពើបោកប្រាស់មួយ ដែលគួរឲ្យខ្មាសអៀនខ្លាំងណាស់។ ប៉ុន្មានអាទិត្យមុនសរសេរសំបុត្រមកសុំខ្ចីលុយខ្ញុំសោះ ស្រាប់តែឥឡូវបែរជាសន្យាសងលុយជំនួសប្រជាជនទាំងអស់ទូទាំងប្រទេសចំពោះធនាគារ។ តើប្រទេសណាដែលគេអាចធ្វើអ៊ីចឹងទៅរួច បើធ្វើអ៊ីចឹងទៅបានចាំបាច់អី ខ្ចីលុយពីបរទេសមកកសាងផ្លូវ មកកសាងប្រឡាយទឹក មកកសាងមន្ទីរពេទ្យក្នុងប្រទេសរបស់យើង។ យើងមិនយកលុយទាំងនោះមកកសាងតែម្តងទៅ ប៉ុន្តែដោយសារយើងក្រ អត់លុយនោះហើយទើបយើងខ្ចីលុយបរទេស»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន​ សែន ព្រមានទម្លាយសំបុត្រដែលសម្តេចក្រុមព្រះ ផ្ញើទៅសម្តេចដើម្បីខ្ចីលុយជាង១លានដុល្លារ នៅលើ Facebook ផងដែរ។ សម្តេចតេជោចាត់ទុក ការឃោសនាសងបំណុលពេលជាប់ឆ្នោត គឺនៅលើលោកនេះគ្មានទេ នេះជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដូច្នេះសម្តេចត្រូវតែទម្លាយរឿងនេះ៕