សម្តេចតេជោ ហ៊ុន សែន រំពឹងថា គណបក្សនយោបាយទាំងអស់នឹងទទួលនូវការសម្រេចចិត្តរបស់ប្រជាពលរដ្ឋលើលទ្ធផលបោះឆ្នោត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន រំពឹងថា គណបក្សនយោបាយទាំងអស់នឹងទទួលនូវការសម្រេចចិត្តរបស់ប្រជាពលរដ្ឋលើលទ្ធផលបោះឆ្នោត

29/05/2018
(ភ្នំពេញ)៖ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាន់តែខិតជិតចូលមកដល់ពោលគឺសល់ត្រឹម៦០ថ្ងៃទៀតប៉ុណ្ណោះនោះ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរំពឹងជឿជាក់ថា គណបក្សនយោបាយ ដែលចូលរួមក្នុងប្រកួតប្រជែងការបោះឆ្នោតទាំងអស់ នឹងទទួលយកលទ្ធផលបោះឆ្នោត ដែលជាការសម្រេចចិត្តប្រជាជនកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាមប្រមាណ ៤,៧៥០នាក់មកពីទូទាំងប្រទេស នៅសាសសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បើគិតត្រឹមថ្ងៃនេះ សល់២ខែគត់ គឺថ្ងៃបោះឆ្នោតនឹងចូលមកដល់។ បើទោះបីជាបក្សនយោបាយណា បានកៅអីប៉ុន្មាន គឺទាំងអស់គ្នាត្រូវគោរព នូវការសម្រេចចិត្តរបស់ប្រជាជន ហើយជឿជាក់ថា បណ្តាបក្សនយោបាយ ដែលទទួលបាននូវអសនៈ ឬមិនទទួលបានអសនៈ ទទួលបានអសនៈតិច ឬទទួលបានអសនៈច្រើន ត្រូវគោរពនូវសេចក្តីសម្រេចរបស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងមានតម្លាភាពដែលរៀបចំដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវជំនឿជឿជាក់ថា សហគមន៍ឥស្លាមដែលមានបំណងរក្សាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍នោះ នឹងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាតទៅទៀត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺនៅសល់តែ៦០ថ្ងៃគត់។ បក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដ៏សំខាន់សម្រាប់កម្ពុជានេះ៕