សម្តេចតេជោ ហ៊ុន សែន ដាក់អនុសាសន៍៥ចំណុច សម្រាប់បន្តកិច្ចការប្រតិបត្តិការ បោសសម្អាតមីន នៅកម្ពុជា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ដាក់អនុសាសន៍៥ចំណុច សម្រាប់បន្តកិច្ចការប្រតិបត្តិការ បោសសម្អាតមីន នៅកម្ពុជា​

17/05/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញអនុសាសន៍ចំនួន៥ចំណុច សម្រាប់អាជ្ញាធរមីន និងក្រសួងស្ថាប័ននានា ដើម្បីអនុវត្តការងារបោសសម្អាតមីនឱ្យបញ្ចប់តាមផែនការ នៅក្នុងប្រទេសកម្ពុជា។
ការដាក់ចេញនូវអនុសាស្រ្តទាំង៥បានធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមីន ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីន ឆ្នាំ២០២៥ ដែលកម្មវិធីនេះធ្ វើឡើងនៅវិមានសន្តិភាព។

អនុសាស្រ្តទាំង៥ចំណុចនោះ រួមមានដូចជា៖
ទី១៖ ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព គណនេយ្យភាព និងប្រសិទ្ធភាពចំពោះការងាររបស់ខ្លួន ដើម្បីទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។

ទី២៖ ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន២០១៨-២០២៥ ស្តង់ដារជាតិ សកម្មភាពមីន ផែនការ គោលការណ៍ណែនាំ និងសេចក្តីណែនាំនានា ដែលចេញដោយអាជ្ញាធរមីន។

ទី៣៖ ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយអាជ្ញាធរមីន ជាពិសេសការផ្តល់ទិន្នន័យ និងព័ត៌មាន រួមមានព័ត៌មានស្តីពីហិរញ្ញវត្ថុ សម្ភារ កម្លាំងប្រតិបត្តិការ និងជំនួយបច្ចេកទេស។ល។ ដើម្បីឲ្យអាជ្ញាធរមីនមានលទ្ធភាពបូកសរុប និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

ទី៤៖ ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធានាការរៀបចំ និងការអនុវត្តផែនការបោសសម្អាតមីនប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់។

និងទី៥៖ អាជ្ញាធរមីនត្រូវផ្តល់ជាត្រីវិស័យដល់បណ្តាប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីគោរពឲ្យបាននូវគោលការណ៍ណែនាំសម្រាប់ការធ្វើផែនការបោសសម្អាត និងបន្តដឹកនាំតាមការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន២០១៨-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្រៅពីដាក់ចេញនូវអនុសាស្រ្ត សម្រាប់កិច្ចការងារបន្ត ក្នុងប្រតិបត្តិការបោសសម្អាតមីន នៅក្នុងពិធីនោះដែរ
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងអំពីការរងគ្រោះរបស់កម្ពុជា និងប្រជាជនដោយសារតែគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះផងដែរ។ សម្តេចថ្លែងថា ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជន សូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុត សម្រាប់ប្រទេសជាតិទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប សម្តេចបានខិតខំពុះពារយ៉ាងលំបាកជម្នះគ្រប់ឧបសគ្គ ដើម្បីបង្រួបបង្រួមប្រទេសជាតិ រកសន្តិភាព និងបញ្ចប់សង្គ្រាមជូនប្រទេស និងប្រជាជនកម្ពុជា ដែលក្នុងពេលនោះដៃម្ខាងត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបបប៉ុលពត វិលមកវិញ ហើយដៃម្ខាងទៀតខិតខំស្តារសង្គម សេដ្ឋកិច្ចក្នុងស្ថានភាព ដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពហ៊ុព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអយុត្តិធម៌ទៀតផង។

សម្តេចតេជោ បានថ្លែងបន្តថា កម្ពុជា បានគិតគូរយកចិត្តទុកដាក់ទាំងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ ដើម្បីផ្តល់ទីលំនៅប្រកបដោយសុវត្ថិភាពជូនប្រជាជន ទោះបីក្រោយថ្ងៃរំដោះកម្ពុជាពុំមានថវិកាជាដុំកំភួន និងសម្ភារបច្ចេកទេសទំនើបក៏ដោយ។

សម្តេចបន្តថា តាមរយៈការអនុវត្តន៍នយោបាយ «ឈ្នះ-ឈ្នះ» កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស បញ្ចប់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ អង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យត្រូវបានរំលាយ ហើយប្រទេសជាតិក៏ទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំនៅកម្ពុជា។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជា ពិតជាបានឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍសង្គមជាតិ ការរីកចម្រើនលើគ្របវិស័យ ដែលបានកើតចេញពីគុណតម្លៃនៃសុខសន្តិភាពនេះ។ សម្តេចបានថ្លែងថា ប្រជាជនកម្ពុជាម្នាក់ៗ បានយល់ច្បាស់ណាស់ពីមហាវិនាសកម្មដោយសារសង្គ្រាមដូចមានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនថ្មីៗនេះ ហើយតែងតែបានប្តេជ្ញាចិត្តខ្ពស់ ទោះបីក្នុងតម្លៃណាក៏ដោយមិនឲ្យបាត់បង់ទៅវិញជាដាច់ខាតនូវសុខសន្តិភាពនេះ ពីព្រោះលទ្ធផលនៃសន្តិភាពនេះ បានរួមចំណែកយ៉ាងខ្លាំងក្លាយដល់ការបន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ កិច្ចដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះលើសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ កម្ពុជាសម្រេចបានសមិទ្ធផលច្រើនគួរឲ្យកត់សម្គាល់មានដូចជា៖

១៖ រំដោះផ្ទៃដីចំនួនប្រមាណ ១,៧០០គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់ដីសុវត្ថិភាពជូនប្រជាជនយកទៅប្រើប្រាស់ ប្រកបរបរអាជីវកម្ម សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផលជាដើម។ ទន្ទឹមនោះគ្រាប់មីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះប្រមាណ ២៥,០០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ២លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។

២៖ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មពុះពារជម្នះការលំបាក នៃវិបត្តិផ្លូវចិត្តជនពិការ ខិតខំលើកស្ទួយសិទ្ធិជនពិការលើកទឹកចិត្តជនពិការក្នុងកម្មវិធីនានា រួមទាំងការងារសង្គម និងកីឡារ ខិតខំផ្តល់ជំនួយផ្នែកមនុស្សធម៌ និងកសាងជីវភាពជនពិការ និងក្រុមគ្រួសារជនពិការ។ កិច្ចខិតខំទាំងអស់នោះត្រូវបានប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិទទួលស្គាល់ អបអរសាទរ និងបន្តជួយគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីឲ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

៣៖ ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺប្រតិបត្តិករទាំងអស់ រួមមានកងយោធពលខេមរភុមិន្ទ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អង្គការហេឡូត្រាស់ អង្គការម៉ែក អង្គការជំនួយប្រជាជនន័រវេស និងអង្គការដោះមីនកម្ពុជា បានបោសសំអាត និងរំដោះផ្ទៃដីតាមគម្រោងអាទិភាពរបស់ហគមន៍ប្រមាណ ១០០គីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្នុងរយៈពេលនេះ កម្ពុជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់អំពីមីន ហើយបានប្រែក្លាយខ្លួនពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលយកនូវចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ និងមានជំនាញបោសសម្អាតមីន/គ្រាប់ ទៅចែករំលែកនៅលើឆាកអន្តរជាតិ ទៅប្រើតាមបណ្តាប្រទេសដែលកំពុងជួបប្រទះ និងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយក៏តែងទទួលគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើនបានមកទស្សនាប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និងទទួលបទពិសោធន៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយសារមីន កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីទៅចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសផ្សេងៗដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ម៉ាលី អាហ្រ្វិកកណ្តាល សៃប្រឹស លីបង់ និងស៊ីរី នៅក្នុងក្របខណ្ឌបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមការងារបោសសម្អាតមីនមនុស្សធម៌ និងផ្តល់នូវភាពសុខក្សេមក្សាន្តដល់ប្រជាជននៃប្រទេសទាំងនោះ។

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេលជាង ១២ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជាចំនួន ៥,៤៨៦នាក់ បាននិងកំពុងបំពេញបេសកកម្ម ហើយទាហានមួកខៀវទាំងនោះ បានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនគ្រប់ជាតិសាសន៍លើសកលលោក ដែលតែងបានជួយផ្តល់នូវបរិស្ថានល្អប្រសើរមួយផ្នែក្នុងពិភពលោក។ ក្នុងនោះសម្តេចក៏បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ហើយបានឯកភាពគ្នាបង្កើតមជ្ឈមណ្ឌលនេះដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអះអាង និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយឲ្យកម្ពុជាសម្រេចបានចក្ខុវិស័យមួយ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតសកម្មភាពមីន២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត «កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រព្រឹត្តទៅដោយសុវត្ថិភាព»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងគ្រប់គ្រងការងារវិស័យសកម្មភាពមីននៅទូទាំងប្រទេស។ សម្តេចបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីនពិតជាបានធ្វើឲ្យការរៀបចំផែនការ ការកំណត់អាទិភាព ការតម្រង់ទិសការងារបោសសម្អាតមីន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងគោលដៅជាអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព៕