ក្រុមហ៊ុន Apple នឹងមានឱកាសប្រកួតប្រជែងជាមួយជើងខ្លាំងបច្ចេកវិទ្យាឯទៀតដូចជា Aamazon និង Alphabet (Google) ក្នុងការក្លាយជាក្រុមហ៊ុនមានតម្លៃទីផ្សារ ១ ពាន់ពាន់លានដុល្លារ (Trillion-dollar) មុនគេបង្អស់ក្នុងប្រវត្តិសាស្រ្តពិភពលោក។
ប្រភពពី BGR បានចុះផ្សាយកាលពីថ្ងៃចន្ទ មួយភាគហ៊ុនរបស់ក្រុមហ៊ុនយក្សអាមេរិកឡើងដល់ *១៨៧ ដុល្លារ*ជាលើកដំបូង ជំរុញឲ្យតម្លៃទីផ្សារសរុបកើនដល់ ៩២០ ពាន់លានដុល្លារ ។ ទំហំនេះធៀបនឹង Alphabet និង Amazon ដែលបច្ចុប្បន្នមានត្រឹម ៧១៦ ពាន់លានដុល្លារ និង ៧៧៦ ពាន់លានដុល្លារ។
បញ្ជាក់ថា ដើមចមនៃការកើនឡើងដ៏រហ័សនេះ ក៏ព្រោះតែមហាសេដ្ឋីលោក Warren Buffett បានទិញ ភាគហ៊ុនចំនួន ៧៥ លានហ៊ុនគិតត្រឹមឆ្នាំនេះ ពោលគឺស្មើនឹង ៥ ភាគរយនៃការកាន់កាប់ភាគហ៊ុនទាំងមូល។ ថ្លែងប្រាប់ CNBC សេដ្ឋីវ័យ ៨៧ ឆ្នាំមានប្រសាសន៍ថា៖ "ពិតណាស់ដែលខ្ញុំចូលចិត្ត Apple ដោយនេះយើងទិញត្រឹម ៥ ភាគរយ ព្រោះបើអាចខ្ញុំនឹងទិញដល់ ១០០ ភាគរយក៏ថាបាន"។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway បន្ត៖ "យើងចូលចិត្តយ៉ាងខ្លាំងនូវសកម្មភាពសេដ្ឋកិច្ចដែលពួកគេកំពុងធ្វើ មិនថាតែការគ្រប់គ្រង និងអ្វីដែលកំពុងគិត ហើយចំណូលនេះសោតរបស់ Apple ក៏ប្រហែលច្រើនជាងមួយទ្វេជាពីរ បើធៀបនឹងក្រុមហ៊ុនរកប្រាក់ចំណេញបានច្រើនបំផុតលំដាប់ទី ២ ក្នុងសហរដ្ឋអាមេរិក"៕
ប្រភព៖ idropnews
https://www.idropnews.com/aapl/apple-breaks-record-racing-towards-trillion-dollar-valuation/70995/
