ស្អែកនេះ តុលាការតម្រូវឱ្យ លោក សម រង្ស៊ី ចូលបំភ្លឺម៉ោង៩៖០០ព្រឹក ពាក់ព័ន្ធការចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្អែកនេះ តុលាការតម្រូវឱ្យ លោក សម រង្ស៊ី ចូលបំភ្លឺម៉ោង៩៖០០ព្រឹក ពាក់ព័ន្ធការចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា

06/05/2018
(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ គឺជាពេលវេលា ដែលតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលបំភ្លឺចំពោះការលួចចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យទៅជនជាតិភាគតិចវៀតណាមដេហ្គា (ម៉ុងតាញ៉ា) គ្រប់គ្រង។

ដីកាកោះហៅ លោក សម រង្ស៊ី បានធ្វើឡើងដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីវីដេអូស្តីអំពីកិច្ចព្រមព្រៀងនេះ ត្រូវបានទម្លាយតាមរយៈបណ្តាញសង្គម Facebook។
ដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ យកទៅបិទនៅរបងផ្ទះរបស់លោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភ្លាមៗតែម្តង ខណៈដែល លោក សម រង្ស៊ី កំពុងមានវត្តមាននៅក្រៅប្រទេសនៅឡើយ។

ការចេញដីកាកោះហៅ លោក សម រង្ស៊ី បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពាក្យបណ្តឹង កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយប្តឹងទណ្ឌិតសម រង្ស៊ី មួយករណីទៀត ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
សូមជំរាបថា នៅក្នុងវីដេអូលួចចុះកិច្ចសន្យា កាលពីឆ្នាំ២០១៣នោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី បានបញ្ជាក់ថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor ពិតប្រាកដមែន។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា បទល្មើសកាត់ទឹកដីឲ្យបរទេស គឺជាបទឧក្រិដ្ឋ ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។
លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅក្នុងជំពូកទី២ អំពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារមួយជីវិតផងដែរ។

បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាងដូច្នេះថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត»៕