(អាមេរិក)៖ រដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក ទីបំផុតបានដណ្តើមតំណែងរបស់ចក្រភពអង់គ្លេស ឡើងជាមហាអំណាចសេដ្ឋកិច្ចលេខ ០៥ ពិភពលោកហើយ (ក្នុងនាមជារដ្ឋ មិនមែនប្រទេសនោះទេ)។ នេះបើតាមទិន្នន័យដែលទើបចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
ទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់រដ្ឋកាលីហ្វរញ៉ា បានកើនឡើង ១២៧ពាន់លានដុល្លារ ក្នុងចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៧ សរុបគឺដល់ទៅ ២.៧៤៧ពាន់ពាន់លានដុល្លារ (ទ្រីលាន) ដែលវាលើសពី GDP របស់ចក្រភពអង់គ្លេសចំនួន ២.៦២៥ពាន់លានដុល្លារឯណោះ។ ឥឡូវនេះរដ្ឋកាលីហ្វរញ៉ា នៅពីក្រោយតែអាល្លឺម៉ង់ ជប៉ុន ចិន និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ បើនិយាយពីទំហំនៃសេដ្ឋកិច្ចក្នុងក្របខណ្ឌ។
គួរជម្រាបថា កាលីហ្វរញ៉ាដែលមានរហស្សនាមថា «រដ្ឋមាស» នេះក៏ធ្លាប់បានហក់ឡើងជាមហាអំណាចសេដ្ឋកិច្ចលេខ ០៥ លើពិភពលោកម្តងហើយផងដែរ កាលពីឆ្នាំ២០០២ ប៉ុន្តែបានធ្លាក់ទៅវិញទាបរហូតដល់លេខរៀងទី១០ កាលពីឆ្នាំ២០១២។ ចាប់ពីពេលនោះមក រដ្ឋធំជាងគេរបស់អាមេរិកមួយនេះ បានបង្កើតការងារបន្ថែមចំនួន ០២លានកន្លែង និងបង្កើន GDP របស់ខ្លួនបាន ៧០០ពាន់លានដុល្លារថែមទៀត ទើបអាចលើកមុខមាត់លើឆាកអន្តរជាតិបានខ្ពង់ខ្ពស់បែបនេះ៕