ប្រភពពីគេហទំព័រ Weibo បានឲ្យដឹងថា iPhone សេរ៊ីឆ្នាំ ២០១៨ គ្រោងបន្ថែម ដុំសាកកម្លាំង ១៨ វ៉ាត់ និងខ្សែ USB-C មកជាមួយពីក្នុងប្រអប់ ដែលអនុញ្ញាតឲ្យអតិថិជនប្រើមុខងារសាកថ្មរហ័សបាន ដោយមិនបាច់ចំណាយលុយទិញឧបករណ៍បន្ថែមដូចសព្វថ្ងៃ។
ដំណើរការនៃការសាកថ្មលឿននឹងធ្វើឲ្យ iPhone ឡើងថ្មពី ០ ទៅ ៥០ ភាគរយ ប្រើពេលត្រឹមកន្លះម៉ោង។ ប៉ុន្តែពុំមានន័យថា ក្រុមហ៊ុនអាមេរិកនឹងបោះបង់ខ្សែ Lightning ស្តង់ដាររបស់ខ្លួនរាប់ឆ្នាំមកនោះទេ ពោលគឺគ្រាន់តែរចនាបន្ថែមនូវដុំថ្មីនិងដោតភ្ជាប់ជាមួយខ្សែ Lightning ទៅ USB-C ដូចអ្វីដែល Apple មានដាក់លក់ដូចសព្វថ្ងៃ។
បញ្ជាក់ថា បច្ចុប្បន្ន iPhone សេរ៊ីឆ្នាំ ២០១៧ ក៏គាំទ្រនូវបច្ចេកវិទ្យាសាកថ្មរហ័សបានដូចគ្នា ប៉ុន្តែទាមទារឲ្យអ្នកប្រើប្រាស់ត្រូវចំណាយលុយបន្ថែមប្រហែល ៧០ ដុល្លារក្នុងការបង្គ្រប់គ្រឿងឧបករណ៍មួយចំនួន។ បែបនេះបើម៉ូឌែលថ្មីអាចផ្លាស់ប្ដូរដូចការលើកឡើងពិតមែន នោះក៏ជាប្រយោជន៍មួយដល់អតិថិជន ស្របពេលក្រុមហ៊ុនគូប្រជែងឯទៀត រមែងធ្វើបែបនេះតាំងពីយូរណាស់មកហើយ។
ប្រភព៖ idropnews