ភរិយាដ៏​ស្រស់សោភា​របស់​ លោក គីម ជុងអ៊ុន បាន​ធ្វើរឿងជាច្រើន​ដែលអ្នក​នឹកស្មាន​មិន​ដល់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភរិយាដ៏​ស្រស់សោភា​របស់​ លោក គីម ជុងអ៊ុន បាន​ធ្វើរឿងជាច្រើន​ដែលអ្នក​នឹកស្មាន​មិន​ដល់...

03/05/2018
(ព្យុងយ៉ាង)៖ ជំទាវទីមួយ​កូរ៉េខាងជើង លោកស្រី រី សូលជូ (Ri Sol Ju) ដែលតែងតែ​អមដំណើរស្វាមីរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ទៅកាន់កន្លែងនានានោះ​បាន​ធ្វើឱ្យ សារព័ត៌មាន​នានា​នៅលើពិភពលោក​ ជាពិសេសនៅក្នុងប្រទេសចិន មានការ​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពីលោកស្រី​បង្ហាញវត្តមាន​ក្នុងកម្មវិធីធំៗ និងរំលេច​ចេញនូវ​របៀបតែងខ្លួន​យ៉ាង​ស្រស់ ស្អាត​នៅអំឡុងពេល​បំពេញទស្សនកិច្ច​ ក្នុងទីក្រុងប៉េកាំង និងនៅឯពិធី​ទទួលទាន​អាហារពេលល្ងាច​ ក្រោយជំនួប​កំពូល​អន្តរកូរ៉េ​កាលពី​សប្ដាហ៍មុន ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
លោកស្រី Ri Sol Ju ក៏ត្រូវបាន​សារព័ត៌មានកូរ៉េខាងត្បូង​ចេញផ្សាយផងដែរថា ជាអ្នកបញ្ចុះបញ្ចូល​ឱ្យ លោក គីម ជុងអ៊ុន បន្ធូរ បន្ថយការ​រឹតត្បិតនៅក្នុង​ប្រទេស ជាពិសេស​លើស្ត្រី​កូរ៉េខាងជើង។ ប៉ុន្តែ មានមនុស្ស​តិចតួចណាស់​ ដែលដឹងពី​ប្រវត្តិស្ត្រី​ទីមួយ កូរ៉េខាងជើង​រូបនេះ ក្រៅតែមានការដឹងតែមួយគត់ថា លោកស្រីជាអតីត​សិល្បៈការិនី​មួយរូប​នោះ។ តើ Ri Sol Ju គឺជានរណា?​
អតីតសមាជិក​ក្រុមអ្នកលើក​ទឹកចិត្ត ក្រុមកីឡាករ​កូរ៉េខាងជើង យោងតាម​លោក មៃខឺល ម៉េដដិន (Michael Madden) ជាអ្នកជំនាញ​ម្នាក់ដែលចុះផ្សាយ​អត្ថបទ​ ពាក់ព័ន្ធនឹងមេដឹកនាំ​កូរ៉េខាងជើងបានលើកឡើងថា លោកស្រី Ri Sol Ju កើតនៅឆ្នាំ​១៩៨៤ នៅក្នុង​ទីក្រុងឆុងជីន (Chongjin) ជាទីក្រុងធំទីបី​របស់កុរ៉េខាងជើង​ ស្ថិតនៅតំបន់ឆ្នេរ​ភាគខាងកើត​នៃប្រទេស។ លោកស្រី បានបញ្ចប់​ការសិក្សាពី​សាកលវិទ្យាល័យ​ គីម អ៊ីលស៊ុង ក្នុងទីក្រុង​ព្យុងយ៉ាង ហើយលោកស្រី​គឺជាចៅរបស់​លោក រី ព្យុង ចុល (Ri Pyong Chol) ជាអតីត​ប្រមុខកងទ័ព​អាកាស​កូរ៉េខាងជើង (​KPA) រីឯឪពុក​របស់លោកស្រី​ក៏ជាមន្ត្រី (KPA​) ដែរ។
កាលពីឆ្នាំ២០១២ សមាជិកសភា​កូរ៉េខាងត្បូង លោក ជុង ជុងរ៉ៃ (Jung Chung-rai) បានប្រាប់ CNN ដោយផ្អែក​លើប្រភពពីចារកម្ម​កូរ៉េខាង​ត្បូងថា លោកស្រី រី ធ្លាប់រៀន​នៅសាលាមធ្យម​សិក្សាកម្រិត ២ គឿមសឿង (Geumseong) ក្នុង​ទីក្រុង​ព្យុងយ៉ាង មុននឹងទៅ​បន្តការ​សិក្សា ផ្នែកចម្រៀង​នៅប្រទេស​ចិន។ លើសពីនេះ​ទៅទៀត លោកស្រី ក៏ធ្លាប់បាន​ធ្វើដំណើរទៅកាន់​ប្រទេសកូរ៉េខាងត្បូង​ផងដែរ​ ក្នុងនាមជាសមាជិកក្រុម​លើកទឹកចិត្តអត្តពលិ​កូរ៉េខាងជើង ក្នុងកម្មវិធីជើង​ឯកអត្តពលិក​អាស៊ី រៀបចំឡើង​ក្នុងទីក្រុង​អ៊ីនឈ័ន (Incheon)។
ដោយឡែក បើតាមចារកម្ម​កូរ៉េខាងត្បូង (NIS) លោកស្រី រី និងលោក គីម ជុងអ៊ុន មានកូន​បីនាក់ ហើយមាន​តែកូនស្រី​ម្នាក់គត់ របស់អ្នកទាំងពីរត្រូវ​បានគេស្គាល់​ឈ្មោះថា ជូ អេ (Ju Ae) តាមរយៈអតីត​កីឡាករ​បាល់បោះ​អាមេរិក (NBA) លោក ឌែននីស រ៉ូដម៉ាន់ (Dennis Rodman) ដែលបានបំពេញ​ទស្សនកិច្ចទៅកាន់​ទីក្រុងព្យុងយ៉ាង កាលពី​ឆ្នាំ២០១៣។ NIS​ ឱ្យដឹងទៀតថា លោក គីម និងលោកស្រី រី មានកូន ដំបូងនៅ​ឆ្នាំ២០១០ ខណៈកូនទី ២ បានចាប់កំណើតនៅ​ឆ្នាំ២០១៣ ក្នុងនោះកូន​ជាទីមួយជា​កូនប្រុស និងកូនទីពីរ​ជាកូនស្រី។ ចំណែកឯ ប៉ុន្មានឆ្នាំ​ក្រោយមក​ទៀត កូរ៉េខាងត្បូង​ជឿជាក់ថា លោកស្រី រី ពពោះ​កូនទី ៣ ក្រោយបាត់មុខ​មិនបានបង្ហាញ​ខ្លួនជា​សាធារណៈ អស់មួយ​រយៈធំ។
អស់រយៈពេល​ជាច្រើនឆ្នាំ​មកហើយ មានមនុស្ស​តិចតួចណាស់​បានដឹងពីប្រវត្តិ​របស់លោក​ស្រី រី សូល ជូ (Ri Sol Ju) ហើយ​មាន សំណួមួយចំនួន​នៅតែមិនមាន​ចម្លើយ​ ពាក់ព័ន្ធ​នឹងជំទាវ​ទីមួយ​កូរ៉េខាងជើង​រូបនេះ។ នៅពាក់​កណ្ដាល​ឆ្នាំ២០១២ លោកស្រី រី ដែលគេដាក់​ឈ្មោះឱ្យថា ជាស្ត្រី​អាថ៌​កំបាំង បានចាប់​ផ្ដើមបង្ហាញខ្លួន​ជាសាធារណៈ​ជាមួយ​លោក គីម ជុងអ៊ុន។ ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង មិនបានប្រកាស​ពីអាពាហ៍ពិពាហ៍​របស់អ្នកទាំង​ពីរឡើយ រហូតដល់​ខែកក្កដា ឆ្នាំ២០១២ ខណៈចារកម្ម​កូរ៉េខាងត្បូង​ជឿថា លោក​ គីម និងលោកស្រី រី បានរៀបការ​ជាមួយគ្នាកាល​ពី​ឆ្នាំ២០០៩ នៅពេលលោក​ស្រីរីមានអាយុ ២៣ឆ្នាំ។
លោកស្រី រី មិនមែនជា​ប្រពន្ធមេដឹកនាំ​កូរ៉េខាងជើងតែម្នាក់​ ដែលពោរពេញ​ដោយភាពអាថ៌​កំបាំងនោះ​ទេ។ ប្រពន្ធរបស់​អតីតមេដឹកនាំទីក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ីល (ឪពុក​លោក គីម ជុងអ៊ុន) និង​លោក គីម អ៊ីលស៊ុង (ជីតាលោក គីម ជុងអ៊ុន) ក៏កម្រត្រូវបាន​សារព័ត៌មាន​កូរ៉េខាងជើង​ លើកឈ្មោះ​ជា​សាធារណៈដែរ។ ប៉ុន្តែ អ្វីដែលគួរ​ឱ្យកត់​សម្គាល់ គឺលោកស្រី រី គឺមានផ្ទុយគ្នា​ទាំងស្រុងពី អតីតជំទាវ​ទីមួយ​កូរ៉េខាងជើង​មុនៗ។​ ជាក់ស្ដែង​លោកស្រី តែងតែបង្ហាញ​វត្តមាន​ជាមួយលោក គីម ជុងអ៊ុន ជាបន្ត​បន្ទាប់ ជាពិសេស នៅក្នុងការបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេសចិន និងការចូលរួម​ទទួលទានអាហារ​ពេលល្ងាច ក្រោយកិច្ចប្រជុំ​កំពូលអន្តរកូរ៉េ កាលពី​សប្ដាហ៍មុននៅកូរ៉េខាងត្បូង។តាមរយៈជំនួប​​ទាំងពីរនេះ​​ហើយ ដែលធ្វើឱ្យគេមើល​​ឃើញយ៉ាងច្បាស់​​ពីភាពស៊ីវិល័យ និងរបៀបតែងខ្លួន​យ៉ាងស្រស់ស្អាតរបស់ លោកស្រី រី រហូតដល់អ្នក​ជំនាញខ្លះចាត់ទុកថា លោកស្រី កំពុងធ្វើ​ដំណើរ​លើផ្លូវទៅ​កាន់ «បុគ្គល​ល្បីមួយរូប» នៅក្នុងបរិបទ​ដែលគេ ជឿជាក់ថា លោកស្រី គឺជាមនុស្សម្នាក់​ដែលបានបញ្ចុះបញ្ចូល​ឱ្យស្វាមី​របស់ខ្លួន បន្ធូរបន្ថយ​ការរឹតត្បិត​ក្នុងសង្គម និងលើ​ស្រ្តីដែល​ពីមុនមកមិន​ធ្លាប់មាននោះ​ឡើយ​នៅកូរ៉េខាងជើង៕



ប្រភព៖ CNN