អភិបាលខេត្តព្រះសីហនុ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនបានរំលោភយកដីប្រជាពលរដ្ឋ ហើយក៏មិនបានលុបឆ្នេរយកធ្វើកម្មសិទ្ធិដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អភិបាលខេត្តព្រះសីហនុ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនបានរំលោភយកដីប្រជាពលរដ្ឋ ហើយក៏មិនបានលុបឆ្នេរយកធ្វើកម្មសិទ្ធិដែរ

01/05/2018
(ភ្នំពេញ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានចេញមកអះអាងថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន មិនបានរំលោភយកដីរបស់ប្រជាពលរដ្ឋ និងចាក់ដីលុបឆ្នេរ ដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ។ ផ្ទុយទៅ ការចាក់ខ្សាច់លើឆ្នេរនោះ គឺទទួលបានការអនុញ្ញាតពីគណៈកម្មការឆ្នេរ ដើម្បីជួយកែលំអរឆ្នេរបម្រើប្រយោជន៍សាធារណៈ។

ការចេញមកអះអាងរបស់លោក យន្ត មីន បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយថា លោក ស៊ុន ចាន់ថុល បានរំលោភយកដីរបស់បុរសម្នាក់ឈ្មោះ ញ៉ក់ គឹមតុង។ ដីដែលត្រូវបានផ្សព្វផ្សាយថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំលោភយកនេះស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ប្រាប់អង្គភាពព័ត៌មាន VOB News តាមទូរស័ព្ទលោក យន្ត មីន បានអះអាងថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្លង់កម្មសិទ្ធិគ្រប់គ្រងដីធ្លីត្រឹមត្រូវ ដោយមានការទទួលស្គាល់ពីភូមិបាល និងមន្ទីរសុរិយោដីខេត្តថែមទៀតផង។ ពោលមិនបានទៅគ្រប់គ្រងរំលោភយកដីរបស់បុគ្គលឈ្មោះ ញ៉ក់ គឹមតុង នោះទេ។

លោក យន្ត មីន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអះអាងថា ឯកឧត្តមទេសរដ្ឋមន្ត្រី គាត់មានប្លង់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ក្នុងការគ្រប់គ្រងដីនេះ។ ខ្ញុំបានពិនិត្យឯកសាររបស់ភូមិបាល និងមន្ទីរសុរិយោដី គឺមានភាពត្រឹមត្រូវទាំងអស់ គឺឯកឧត្តម ស៊ុន ចាន់ថុល មិនបានរំលោភយកដីដូចការចោទប្រកាន់នោះទេ»។
លោកអភិបាលបានថែមទាំងបញ្ជាក់ទៀតថា ព្រោះតែមានឯកសារត្រឹមត្រូវទើបមានការចេញបណ្ណសម្គាល់កម្មសិទ្ធិដីធ្លីជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើមិនមានឯកសារបញ្ជាក់ត្រឹមត្រូវទេនោះក៏មិនមានការចេញបណ្ណកម្មសិទ្ធិដីធ្លីជូននោះដែរ។

ពាក់ព័ន្ធការចេញផ្សាយមូលបង្កាច់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាក់ដីលុបឆ្នេរធ្វើជាកម្មសិទ្ធិនោះ លោក យន្ត មីន ក៏បានបំភ្លឺផងដែរ។ លោក យន្ត មីន បានរៀបរាប់ថា សមុទ្រនៅកន្លែងដីរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រភេទឆ្នេរដែលមានតែថ្មបាយក្រៀម ហើយមិនអាចដើរលេងបាននោះឡើយ។
បើតាមលោកអភិបាលខេត្តព្រះសីហនុ ព្រោះតែគោលការណ៍របស់គណៈកម្មការឆ្នេរសមុទ្រត្រូវការរៀបចំឆ្នេរឲ្យស្អាតបម្រើជាប្រយោជន៍ដល់សាធារណជន ទើបគណៈកម្មការឆ្នេរស្នើឲ្យលោកទេសរដ្ឋមន្ត្រី ជួយចាក់ខ្សាច់រៀបចំឆ្នេរឲ្យបានស្អាតនៅតំបន់ឲ្យប្រជាពលរដ្ឋអាចដើរលេងកម្សាន្តបាន។

«ការចាក់ឆ្នេរនេះ គឺមានការទទួលស្គាល់ និងអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងឆ្នេរ ដើម្បីជួយកែលំអរឆ្នេរជាប្រយោជន៍សាធារណៈ ព្រោះកន្លែងនោះអត់មានឆ្នេរទេ»។ លោកអភិបាលខេត្តបញ្ជាក់បន្ថែម។

ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាតំបន់ដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន បានធ្វើឲ្យហាងឆេងដីឡើងថ្លៃទៅតាមនោះផងដែរ។ ទន្ទឹមហាងឆេងដីឡើងថ្លៃនេះ ក៏មានសកម្មភាពជនខិលខូចមួយចំនួន បានធ្វើសកម្មភាពដើរចាប់ដីធ្វើជាកម្មសិទ្ធិ ដើម្បីលក់ឲ្យជនជាតិចិន ដែលកំពុងសម្រុកទៅវិនិយោគនៅខេត្តព្រះសីហនុផងដែរ។

ប្រភពពីមន្ត្រីមន្ទីរសុរិយោដីបានអះអាងថា លោក ញ៉ក់ គឹមតុង ជាបុគ្គលមួយរូបបានធ្វើសកម្មភាពច្រើនក្នុងការដើរចាប់ដីអនាធិបតេយ្យ និងបង្កជាបញ្ហាដីធ្លីនៅក្នុងខេត្តព្រះសីហនុ។

ក្នុងជម្លោះដីធ្លីជាមួយលោក ស៊ុន ចាន់ថុល មន្ត្រីសុរិយោដីដែលសូមមិនបញ្ចេញឈ្មោះ បានអះអាងថា ការដែលលោក ញ៉ក់ គឹមតុង ទៅលួចធ្វើរបងលើដីដែលមានអ្នកកាន់កាប់ គឺអាចប្រឈមការមានទោស តែដោយសារតែលោកទេសរដ្ឋមន្ត្រីមានការយោគយល់ ទើបមិនមានការប្តឹងផ្តល់អ្វីនោះឡើយ។
ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានលើកឡើងថា គ្រាដែលដីធ្លីនៅក្នុងប្រទេសកម្ពុជាមានហាងឆេងខ្ពស់ ជម្លោះដីធ្លី ក៏កើតមានច្រើនករណីផងដែរ។ ករណីខ្លះអ្នកមានអំណាច មានលុយរំលោភយកដីរបស់ប្រជាពលរដ្ឋស្លូតត្រង់ តែករណីខ្លះក៏អាចមានជនខិលខូចទៅរំលោភយកដីរបស់អ្នកធំផងដែរ ព្រោះពួកគេអាងថា ឲ្យតែមានជម្លោះដីធ្លីភាគច្រើនមហាជនច្បាស់ជាទម្លាក់កំហុសលើអ្នកធំជាមិនខាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានគេចាត់ទុកជាមន្ត្រីគំរូមួយរូបក្នុងកែវភ្នែកមហាជនថាជាមន្ត្រីសេនាធិការដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ការងារ និងនាំមកនូវសមិទ្ធផលថ្មីជាច្រើនសម្រាប់បម្រើជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

ការព្យាយាមចោទប្រកាន់ និងផ្សព្វផ្សាយថា លោកទេសរដ្ឋមន្ត្រីទៅរំលោភដីរបស់ប្រជាពលរដ្ឋ អាចជាចេតនាមួយក្នុងការបង្អាប់ ឬទម្លាក់ប្រជាប្រិយភាពរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលផងដែរ៕