របាយការណ៍ពីសារព័ត៌មាន CNET បានចុះផ្សាយថា ក្រុមហ៊ុនអាមេរិក Apple កំពុងស្ថិតក្នុងការអភិវឌ្ឍឧបករណ៍ AR និង VR ដែលអាចបង្ហាញកម្រិតរូបភាពច្បាស់ដល់ទៅ 8K សម្រាប់ភ្នែកម្ខាង និងមិនចាំបាច់តភ្ជាប់ជាមួយស្មាតហ្វូនឬកុំព្យូទ័រឡើយ។
គម្រោងស្ថិតក្រោមឈ្មោះ T288 អាចនឹងបង្ហាញខ្លួនអំឡុងឆ្នាំ ២០២០ តភ្ជាប់ឥតខ្សែទៅកាន់ប្រអប់មានប្រើបច្ចេកវិទ្យា WiGig 60GHz អាចឲ្យអ្នកប្រើប្រាស់ទស្សនាអ្វីមួយបាន ដោយមិនបាច់ភ្ជាប់ទៅកាន់ឧបករណ៍ដទៃ។
ប្រអប់ពិសេសនេះក៏កំពុងសម្រិតសម្រាំងដោយ Apple មានប្រើឈីបជំនាន់ពិសេស គ្រោងទុកបំពាក់លើត្រកូល Mac សេរ៊ីក្រោយ ពោលគឺអ្វីគ្រប់យ៉ាងដែលអតិថិជនត្រូវខ្វាយខ្វល់មានត្រឹមប្រអប់និងឧបករណ៍មួយប៉ុណ្ណោះខុសពីប្រភេទវ៉ែនតា VR ដទៃ តម្រូវឲ្យដោតភ្ជាប់ទៅកាន់ឧបករណ៍ជំនួយ (កុំព្យូទ័រ, ទូរសព្ទ ឬម៉ាស៊ីនហ្គេម)។
បញ្ជាក់ថាកន្លងទៅ ក៏មានចចាមអារ៉ាមថាក្រុមហ៊ុនលោក Tim Cook បានអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់ឧបករណ៍ VR ឲ្យឈ្មោះ rOS ដែលដំណើរការបញ្ជាដោយប្រព័ន្ធ Siri និងកាយវិការនៃក្បាលមនុស្ស ដែលផ្តល់ឲ្យអ្នកអាចផ្ញើសារឬទំនាក់ទំនងជាមួយមនុស្សឯទៀតក្នុងពិភពខាងក្រៅ ជាមួយនឹងការបង្វិលមើលនូវមុំ ៣៦០ ដឺក្រេ។
ប្រភព៖ iclarified
