ជើងខ្លាំងអាមេរិក Apple បានបាត់តំណែងលេខ ៤ នៅទីផ្សារចិនបាត់ ក្រោយស្លាកយីហោក្នុងស្រុក Xiaomi មកជំនួសតំណែងជាក្រុមហ៊ុនទូរសព្ទធំបំផុត ហើយ Apple មកឈរលេខ ៥ វិញ។
Xiaomi ផ្តើមឡើងកូដខ្លាំង ការលក់កើនដល់ទៅ ៣៧ ភាគរយ ស្មើនឹង ១២ លានគ្រឿង ស្របពេលក្រុមហ៊ុនឈរតារាងកំពូល Huawei រួមបញ្ចូលទាំងស្លាកយីហោ Honor កើនបាន ២ ភាគរយ។ បើសរុបត្រឹមក្រុមហ៊ុនចិនធំៗទាំង ៤ មាន Huawei, Oppo, Vivo និង Xiaomi អាចក្តោបក្តាប់ច្រើនជាង ៧៣ ភាគរយ ត្រឹមត្រីមាសទី ១ ឆ្នាំដដែលនេះ។
របាយការណ៍ចុងក្រោយពីក្រុមហ៊ុនវិភាគឯករាជ្យ Canalys បានរកឃើញទីផ្សារលក់ស្មាតហ្វូនក្នុងប្រទេសចិននាត្រីមាសទី ១ ឆ្នាំ ២០១៨ ចាប់មានការធ្លាក់ចុះ។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ១០ មានដល់ទៅ ៨ បរាជ័យក្នុងការលក់ ធ្វើឲ្យតួលេខសរុបធ្លាក់ដល់ទៅ ២១ ភាគរយ ពោលគឺប្រមាណ ៩១ លានគ្រឿង។
អ្នកវិភាគឲ្យក្រុមហ៊ុន Canalys លោក Hattie He លើកឡើងថា Xiaomi ជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ ដែលផ្តោតសំខាន់លើការលក់ស្មាតហ្វូនធុនតូចតម្លៃ ១ ០០០ យន់ (ក្បែរ ១៦០ ដុល្លារ) ហើយមានជាង ៩០ ភាគរយ លក់ដាច់លើត្រកូល Redmi។
ប្រភព៖ CNBC
