ក្រុមហ៊ុន Apple បានតែងតាំងអ្នកដឹកនាំថ្មី ដែលជាអតីតនាយករងក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសកូរ៉េខាងត្បូងជាទឹកដីកំណើតរបស់ Samsung។
នៅលើបណ្ដាញសង្គម LinkedIn របស់អតីតនាយករងសាជីវកម្ម Samsung លោក Brandon Yoon បានបញ្ជាក់ពីការលាឈប់ពីតំណែងរបស់លោក នៅក្នុងក្រុមហ៊ុន Samsung ហើយមកចូលរួមជាមួយក្រុមហ៊ុន Apple នៅក្នុងខែនេះ។
លោក Brandon Yoon នឹងក្លាយទៅជាអ្នកគ្រប់គ្រងទូទៅរបស់ Apple ក្នុងប្រទេសកូរ៉េខាងត្បូង ជំនួសតំណែងចាស់របស់លោកនៅ Samsung ដែលទទួលខុសត្រូវផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល។
តាមប្រវត្តិ លោក Yoon ក៏ធ្លាប់ជាបុគ្គលិករបស់ Microsoft អស់រយៈពេលជាង ១០ឆ្នាំ មុនមកកាន់តំណែងថ្មីនេះ។
Apple ទើបតែបើកហាងផ្លូវការនៅប្រទេសកូរ៉េខាងត្បូងដើមខែមករាឆ្នាំនេះ ប៉ុន្តែអាចទាក់ចិត្តបុគ្គលិកជាន់ខ្ពស់របស់ Samsung បានបាត់ទៅហើយ។ ក្រុមហ៊ុន Apple មានចំណែកទីផ្សារប្រហែល ១៧ភាគរយ ក្នុងប្រទេសកូរ៉េខាងត្បូង ធៀបទៅនឹងជើងខ្លាំងក្នុងស្រុក Samsung មានចំណែកទីផ្សារដល់ទៅ ៥០ភាគរយឯណោះ។
ខាងក្រុមហ៊ុនទាំងពីរ មិនមានខាងណាចេញមុខមកបកស្រាយរឿងនេះនៅឡើយទេ៕
ប្រភព៖ Cnet
