កម្ពុជា-ចិន ចុះអនុស្សារណៈជំរុញការអភិវឌ្ឍកំពង់ផែនៅខេត្តកំពត, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំពង់ផែនេះមានសារៈសំខាន់ណាស់ ជារបៀងមួយទៀត ស្របតាមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា-ចិន ចុះអនុស្សារណៈជំរុញការអភិវឌ្ឍកំពង់ផែនៅខេត្តកំពត, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំពង់ផែនេះមានសារៈសំខាន់ណាស់ ជារបៀងមួយទៀត ស្របតាមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន

24/04/2018
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក ជិន វ៉ូ (Chen Wu) អភិបាលតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ នៅវិមានសន្តិភាព។

ថ្លែងប្រាប់ក្រុមអ្នកយកព៍ត៌មាន ក្រោមបញ្ចប់ជំនួបពិភាក្សាការងារ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោក ជិន វ៉ូ បានសម្តែងនូវការកោរសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ របស់កម្ពុជា។ លោកថា ក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃនៅកម្ពុជានេះ លោកបានសង្កេតឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ដែលកន្លងមកតែងតែគាំទ្រ នូវគ្រប់កិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងការរៀបចំពិព័រណ៍អាស៊ាន-ចិន នៅក្នុងទីក្រុងណានណីង។
លោកអភិបាលតំបន់ស្វយ័តខេត្តក្វាងស៊ី ក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ផងដែរថា ដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា នាពេលនេះក្នុងគោលបំណង ទី១៖ ដើម្បីគោរពអញ្ជើញ សម្តេចតេជោចូលរួម ក្នុងនាមជាប្រទេសកិត្តិយស នៅក្នុងពិព័រណ៍អាស៊ាន-ចិន នៅទីក្រុងណានណីង លើកទី១៥ ដែលនឹងធ្វើឡើង នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។

លោកបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ផងដែរថា លោកនឹងធ្វើការងារជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ដើម្បីធ្វើយ៉ាងណា រៀបចំពិព័រណ៍នេះ ឲ្យមានភាពល្អ និងទាក់ទាញ។

លោក ជិន វ៉ូ បានជម្រាបជូនសម្តេចតេជោ នូវគោលបំណងទី២របស់ខ្លួនថា គឺដើម្បីគោរពជម្រាបជូនសម្តេច ពីកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងខេត្តជាំងក្វាងស៊ី និងកម្ពុជា។ លោកបញ្ជាក់ថា កន្លងមកអនុវត្តន៍តាមសេចក្តីសម្រេច និងការព្រមព្រៀងគ្នា រវាងសម្តេចតេជោ ជាមួយនឹងប្រធានាធិបតីចិន ពាក់ព័ន្ធនឹងការបង្កើតសហគមន៍វាសនាចិន-អាស៊ាននោះ, ខេត្ត​ក្វាងស៊ីបានជំរុញអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា ទាំងលើវិស័យផ្សព្វផ្សាយ ទូរទស្សន៍ ទាំងវិស័យរោងចក្រកិនស្រូវ វិស័យបច្ចេកវិទ្យា និងវិស័យទេសចរណ៍។
លោកអភិបាលខេត្តក្វាងស៊ីបញ្ជាក់ទៀតថា ពេលនេះ គឺមានការហោះហើរត្រង់ ពីខេត្តជាំងក្វាងស៊ី មកកាន់ទីក្រុងភ្នំពេញ ហើយជាបន្តទៀតនឹងមានការហោះហើរត្រង់ ពីខេត្តជាំងក្វាងស៊ី ទៅកាន់ទីក្រុងសៀមរាបផងដែរ​, ដែលនេះគឺបានផ្តល់ភាពងាយស្រួលដល់ទេសចរចិន។ ដោយលោកបានលើកឧទារហ៍ថា ប្រសិនបើមានត្រឹមតែ០.២ភាគរយ នៃប្រជាជនរស់នៅក្នុងខេត្ត​ក្វាងស៊ី មកទស្សនកិច្ចនៅកម្ពុជា ក៏មានភ្ញៀវទេសចរប្រមាណ១០ម៉ឺននាក់​ដែរ។

លោក ជិន វ៉ូ ក៏បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីទៀតថា នៅព្រឹកនេះក៏មានការចុះហត្ថលេខា លើអនុស្សារណៈសហការគ្នា ដើម្បីជំរុញការអភិវឌ្ឍកំពង់ផែ នៅខេត្តកំពតផងដែរ។

ជាមួយគ្នានេះ លោក វ៉ូ បាននាំមកជាមួយនូវផលិតផលកសិកម្មជាអង្ករ ប្រមាណ១៦០តោន ជូនដល់សម្តេចតេជោ ហ៊ុន សែនផងដែរ។

ជាការឆ្លើយតប សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្តែងអំណរគុណ ចំពោះការលើកឡើងរបស់លោកអភិបាលខេត្ត ពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន គឺកំពុងឈានដល់កម្រិតខ្ពស់មួយ ហើយក៏មានភាពរឹងមាំផងដែរ។

ជាមួយគ្នានេះ សម្តេចបានសន្យាថា នឹងចូលរួមនៅពិព័រណ៍អាស៊ាន-ចិន នៅទីក្រុងណានណីង លើកទី១៥ ដែលនឹងធ្វើឡើង នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ និងគាំទ្រនូវការវិនិយោគរបស់ភាគីចិន នៅខេត្តជាំងក្វាងស៊ី មកកាន់កម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការចូលរួម អភិវឌ្ឍន៍កំពង់ផែនៅខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានគត់សម្គាល់ថា កំពង់ផែនេះ គឺមានសារៈសំខាន់ណាស់ ហើយអាចជារបៀងមួយទៀត ស្របតាមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។ របៀងនេះមានន័យថា នៅពេលខាងមុខនេះ នឹងមានការពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញទៅកាន់ខេត្តកំពត ហើយផ្លូវនេះនឹងធ្វើឲ្យរយៈពេលនៃការធ្វើដំណើរ ពីខេត្តកំពតមកកាន់ទីក្រុងភ្នំពេញ មានរយៈពេលខ្លី ហើយនៅតាមបណ្តោយនៃដងផ្លូវនេះ ក៏នឹងមានរោងចក្រ មានវារីអគ្គីសនីផងដែរ ដែលអាចធ្វើជារបៀងសេដ្ឋកិច្ចមួយផងដែរ។

ចំពោះការផ្តល់ជំនួយរបស់លោក ជិន វ៉ូ ដែលជាផលិតផលកសិកម្មអង្ករនោះ សម្តេចបានបញ្ជាក់ថា លោកនឹងបរិច្ចាគអង្ករទាំងនោះ ទៅកាន់កាកបាទក្រហម ដើម្បីប្រើប្រាស់ទៅតាមសេចក្តីត្រូវការ៕