ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យដកហូតកោះដែលមិនបានអភិវឌ្ឍប្រមាណ ៣០ មកវិញ ខណៈអត្តសញ្ញាណរបស់ម្ចាស់ក្បាលដីចំនួន ៥៨៤ ដែលមានទាំងមន្ត្រីមានអំណាចកំពុងត្រូវបានពិនិត្យរឿងនៅពីក្រោយខ្នងការកាប់ទន្ទ្រានយកដីដ៏ក្តៅគគុកនៅកោះរ៉ុង ហើយមន្ត្រីជាន់ខ្ពស់ខ្លះនឹងមិនត្រូវឲ្យចូលរួមបង្កើតរដ្ឋាភិបាលថ្មីនៅអាណត្តិក្រោយឡើយ។
ប្រមុខរដ្ឋាភិបាលបានថ្លែងបែបនេះនៅក្នុងពិធីបើកសម្ពោធសណ្ឋាគារលំដាប់ផ្កាយ ៥ ឈ្មោះ ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង នៃក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង កាលពីម្សិលមិញដោយបានចាត់ទុកវត្តមានរបស់លោកក្នុងពិធីនោះថា ដើម្បីបញ្ចប់បញ្ហាក្តៅៗមួយចំនួននៅក្នុងខេត្តព្រះសីហនុ។ ក្នុងនោះរួមមានការមិនអភិវឌ្ឍកោះប្រមាណជា ៣០ ក្រោយពេលចុះហត្ថលេខារួចហើយ និងបញ្ហាទន្ទ្រានយកដីរដ្ឋ ពិសេសគឺនៅកោះរ៉ុងដ៏រ៉ាំរ៉ៃ និងភាពអនាធិបតេយ្យក្នុងការកាប់ឈើ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្រុមហ៊ុននានាឥឡូវនេះមានប្រហែលជា ៣០ កោះដែលយើងត្រូវដកហូតត្រឡប់មកវិញដោយសារពួកគេមិនបានធ្វើអ្វីទាំងអស់…កោះមួយចំនួននៅក្នុងសមុទ្រដែលចុះហត្ថលេខារាប់ឆ្នាំហើយនោះដែលមិនបានអនុវត្ត ហើយគិតតែពីដើរលក់គម្រោង។ លក់គម្រោងមិនអនុញ្ញាតទេ ចាប់ដៃគូបាន»។ ក្នុងចំណោមកោះទាំងនោះប្រមុខរដ្ឋាភិបាលបានបង្ហាញឈ្មោះកោះមួយឈ្មោះកោះទន្សាយដែលមាន ៣ ក្រុមហ៊ុន ហើយត្រូវបញ្ជាឲ្យដកហូតមុនគេ។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ចុះហត្ថលេខាហើយមិនធ្វើ ដូចជាកោះទន្សាយ។ នៅតែទន្សាយហ្នុង។ ដកមុនគេដកអាកោះទន្សាយហ្នឹងតែម្តង។ ខ្ញុំបញ្ជាឲ្យដកអាកោះទន្សាយ...ឲ្យ ៣ ក្រុមហ៊ុន អត់ធ្វើទាំងអស់។ ទទេទាំងអស់។ យកទាំងអស់រួចហើយស៊ីដាច់ប្រាក់កក់ទៀតកុំសូវពេក»។
ក្រៅពីនោះលោកនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យរក្សាឆ្នេរឲ្យបានល្អហើយទាក់ទាញការវិនិយោគបន្ថែម។ ប៉ុន្តែរាល់ការការវិនិយោគគឺត្រូវមានប្លង់ឲ្យបានច្បាស់ពីកម្ពស់នៃសំណង់អគារដែលមិនត្រូវសាងសង់រហូតដល់ទៅ ២០ ឬ ៥០ ជាន់ទេ ដើម្បីរក្សាសម្រស់ធម្មជាតិ និងបានចាត់ឲ្យ សុក ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រួតពិនិត្យ និងដកហូតកោះទាំងនោះមកវិញដើម្បីរៀបចំការវិនិយោគសាជាថ្មី។ ទោះយ៉ាងណាលោក សុក ចិន្តាសោភា បដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ។
ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីរឿងដីធ្លីកោះរ៉ុងផងដែរ ដោយបានចាត់ទុកថាជា «បញ្ហាក្តៅជាងគេ» ក្នុងចំណោមទំនាស់នៅខេត្តព្រះសីហនុ។ ថ្មីៗនេះរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដើម្បីដោះស្រាយបញ្ហាដីធ្លីនៅទីនោះ។
លោកនាយករដ្ឋមន្ត្រីថ្លែងថាមាន ១២២១ ក្បាលដីដែលរដ្ឋាភិបាលបានរៀបចំនៅកោះរ៉ុង។ ប៉ុន្តែមានតែ ៦៣៧ ក្បាលដីដែលមានផ្ទៃដី ៥២៥,៣៧ ហិកតាប៉ុណ្ណោះត្រូវបានប្រគល់ជូនពលរដ្ឋដែលរស់នៅអចិន្រៃ្តយ៍ ខណៈក្បាលដីនៅសល់ ៥៨៤ ពុំទាន់ចែកប័ណ្ណកម្មសិទ្ធិជូនដោយសារក្បាលដីខ្លះមានវិវាទ និងខ្លះទៀតក៏ពុងបន្តពិនិត្យអត្តសញ្ញាណម្ចាស់។ លោកនាយករដ្ឋមន្ត្រីបានសម្ដែងការងឿងឆ្ងល់ចំពោះចំនួនអ្នកមានដីដ៏ច្រើននៅកោះរ៉ុងនោះ។
ប្រមុខរដ្ឋាភិបាលបានបន្ថែមថា៖ «ខ្ញុំសុំនិយាយដោយត្រង់ទៅចុះ មុនឆ្នាំ ២០០៨ មានប្រជាជនប៉ុន្មាន? ហើយតើអ្នកកាន់កាប់ដីធ្លីលើកោះហ្នឹងមានប៉ុន្មានពិតប្រាកដ? រឿងនេះវាជារឿងដែលទន្ទ្រានកាន់កាប់ដោយពលរដ្ឋហើយអ្នកខ្លះមកពីចម្ងាយឯនោះទេ។ យកនាមប្រជាជននៅលើកោះ តែខ្លួននៅទីក្រុងភ្នំពេញ និងនៅកន្លែងផ្សេងៗហើយបោះទុនតាមរយៈនេះ»។
លោកបានបន្តថា៖ «នោះហើយជាបញ្ហា ខ្ញុំមិនជឿថាពលរដ្ឋនៅកោះរ៉ុងនេះគឺមានដីធ្លីច្រើនដល់ទៅកម្រិតប៉ុណ្ណឹងទេ។ អ្នកកោះរ៉ុង តើធ្វើផ្ទះ ធ្វើអាជីវកម្មអស់ប៉ុន្មានទៅ? តែបែរជាមានដីធ្លីហ្នឹងវាច្រើនពេក។ អ៊ីចឹងបញ្ហានេះគួរតែបញ្ឈប់ការទន្ទ្រានកាន់កាប់យកដី បំផ្លាញឆ្នេរ»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថាសកម្មភាពទន្ទ្រានយកដីនោះមិនត្រឹមកោះរ៉ុងទេ តែក៏មានកោះមួយចំនួនទៀតដែរ។ គ្រាន់តែកោះរ៉ុង «កើតច្រើនជាងគេហើយរ៉ាំរ៉ៃ»។ ក្រៅពីនោះមូលដ្ឋានកងទ័ពជើងទឹកក៏មានពលរដ្ឋទៅអះអាងថាជាដីរបស់ខ្លួនដែរនាពេលថ្មីៗនេះ។ ក្នុងបញ្ហាដីធ្លីនោះក៏មានមន្ត្រីមួយចំនួនរួមនឹងក្រុមអ្នកមានផងដែរ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំមកកោះរ៉ុងថ្ងៃនេះ ខ្ញុំចង់មកពន្លត់ភ្លើងនៅលើកោះរ៉ុង។ បើមិនដូច្នេះទេ កោះរ៉ុងនៅតែមានភ្លើងឆាបឆេះ ហើយខ្ញុំក៏ចង់មើលមុខមន្ត្រីដែមានអំណាចមួយចំនួននៅពីក្រោយខ្នង ហើយក៏ខ្ញុំចង់ឃើញអ្នកដែលមានប្រាក់កាសមួយចំនួននៅពីក្រោយខ្នងដែរ»។
ប្រមុខរដ្ឋាភិបាលថ្លែងថា៖ «និយាយគ្នាឲ្យបានច្បាស់ៗដើម្បីល្មមគ្រប់គ្រាន់ហើយអស់លោក។ ទ្រព្យសម្បត្តិរបស់ជាតិគឺត្រូវបានយកកន្លែងនេះម្នាក់ៗមានដីរាប់រយរាប់ពាន់ហិកតាច្រើនណាស់ហើយច្រើនជាងនាយករដ្ឋមន្ត្រី ដែលនាយករដ្ឋមន្ត្រីអត់ទាំងមានដីធ្វើផ្ទះនៅភ្នំពេញផង...តែធ្វើនាយករដ្ឋមន្ត្រីមិនលោភលន់។ ដោយសារខ្ញុំមិនលោភលន់ហ្នឹងហើយបានជាខ្ញុំនៅមានទឹកមាត់ប្រៃដើម្បីនឹងចង្អុលមុខ អ្នកដែលទន្ទ្រានកាន់កាប់ដីរបស់គេ»។
ប្រមុខរដ្ឋាភិបាលបានប្រគល់ការងារត្រួតពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ ៥៨៤ ក្បាលដីនៅកោះរ៉ុងនោះ ឲ្យលោករដ្ឋមន្ត្រី ជា សុផារ៉ា ដោះស្រាយ ហើយផ្តល់យោបល់ថា អ្នកដែលមិនរស់នៅលើកោះរ៉ុង តែមកចាប់ដីនៅទីនោះ «គួរតែត្រូវបានចាញ់ ព្រោះយើងមិនដែលបានឲ្យពួកនេះចាញ់ទេ»។
លោកនាយករដ្ឋមន្ត្រីក៏បានបន្ទោសមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអភិបាលខេត្តជាថ្មីម្តងទៀតដែលមិនទទួលខុសត្រូវលើការងារ ហើយតែងប្រគល់បញ្ហាឲ្យលោកដោះស្រាយដោយប្រៀបធៀបដូចការ «បោះដុំថ្មក្តៅ» ឲ្យនាយករដ្ឋមន្ត្រីកាន់ជាជាងការបោះដំឡូងក្តៅឲ្យកាន់។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ខ្ញុំមិនល្ងង់តទៅទៀតទេ។ ច្បាប់បានកំណត់ឲ្យអស់លោកបានធ្វើអី។ អស់លោកត្រូវធ្វើអាហ្នុង។ ខ្ញុំបានបញ្ជាក់ថា ត្រូវអនុវត្តតាមច្បាប់ មិនត្រូវអនុវត្តតាមបទបញ្ជាទេ ព្រោះបើមិនអ៊ីចឹងស្អីឡើងក៏នាយករដ្ឋមន្ត្រីបញ្ជា។ តើអស់លោកធ្វើរដ្ឋមន្ត្រី ធ្វើចៅហ្វាយខេត្តធ្វើអី? បើស្អីក៏ឲ្យនាយករដ្ឋមន្ត្រីដោះស្រាយចាំបាច់មានក្រសួងធ្វើអី»។
ជាមួយនេះដែរលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាការគ្រប់គ្រងដ៏ធូររលុងលើបទល្មើសព្រៃឈើនៅក្នុងតំបន់កោះទាំងនោះដែរ។
លោកថ្លែងដូច្នេះថា៖ «បញ្ហាឈើត្រូវការពារឲ្យបាន។ រដ្ឋបាលព្រៃឈើមានដែរ តែចេះតែបណ្តោយឲ្យគេកាប់រហូត។ នៅទីនេះគ្រប់គ្រងអារឿងឈើហ្នឹងធូររលុងដែរ។ នៅលើកោះហ្នឹងមានប៉ុន្មាន? សៅ សុខា ប្រមូលកម្លាំងដាក់។ ឲ្យតាំងពីឧទ្ធម្ភាគចក្រមើលវាកាប់នៅត្រង់ណាបានជាវាអារក្នុងហ្នឹងហើយអូសទម្លាក់ទឹកលក់ដីគោកទៅទៀត...»។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក ឈិន សេងងួន អភិបាលរងខេត្តបានឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្តបានបង្ក្រាបបទល្មើសព្រៃឈើនៅកោះរ៉ុងដែរ ក្នុងនោះមានទាំងចាប់បញ្ជូនជនល្មើសទៅតុលាការ និងខ្លះទៀតកំពុងតាមចាប់ខ្លួន។
លោក សេងងួន បានបញ្ជាក់ថា៖ «និយាយឲ្យខ្លីគឺមានការបង្ក្រាប ហើយដីរដ្ឋហ្នឹងគឺយើងបានចុចនិយាមការរក្សាទុកអស់ហើយ»។
លោកស្រី ចាប សុធារី អ្នកសម្របសម្រួលអង្គការអាដហុកខេត្តបានឲ្យដឹងថា ២ ឆ្នាំចុងក្រោយ អាដហុក បានទទួលពាក្យបណ្តឹងយ៉ាងហោច ៣០ ទាក់ទងនឹងជម្លោះដីធ្លីនៅកោះរ៉ុង ហើយក៏កំពុងឃ្លាំមើលការដោះស្រាយជម្លោះនោះ។ ក្រៅពីនេះបានដាក់ពាក្យបណ្តឹងទៅសាលាខេត្តហើយគ្រាន់តែប៉ុន្មានខែចុងក្រោយនេះក្បាលដី ៩៥ ត្រូវបានគេប្តឹងជំទាស់ពេលប្រកាសទិន្នន័យបណ្តោះអាសន្នជាសាធារណៈ ហើយពេលនេះអាជ្ញាធរកំពុងដោះស្រាយ។
លោកស្រីថាអ្នកពីខាងក្រៅដែលមិនរស់នៅកោះរ៉ុងមានដីនៅទីនោះតាមការទិញតៗពីគ្នា និងខ្លះតាមរយៈការទន្ទ្រានយក។ លោកស្រីកត់សម្គាល់ថាមន្ត្រីរាជការដែលមានដីនៅទីនោះមានមកពីច្រើនស្ថាប័នរបស់រដ្ឋ។
លោកស្រីថា៖ «មន្ត្រីរាជការពីច្រើនស្ថាប័នសុទ្ធតែមានដីនៅតំបន់នោះ។
ជួនកាលមានការឃុបឃិតជាលក្ខណៈប្រព័ន្ធដែរ។ អ្នកគ្រង់គ្រងច្រើនតែមានឱកាសច្រើនជាងពលរដ្ឋ។ ពលរដ្ឋខ្លាចច្បាប់មិនសូវហ៊ានទេ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕
