កម្ពុជារៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា ដើម្បីបំផុសស្មារតី និងមនសិការថែរក្សា​ការពារ និងទ្រទ្រង់ព្រះពុទ្ធសាសនា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជារៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា ដើម្បីបំផុសស្មារតី និងមនសិការថែរក្សា​ការពារ និងទ្រទ្រង់ព្រះពុទ្ធសាសនា

05/04/2018
(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា ក្នុងគោលបំណងបំផុសស្មារតី និងមនសិការថែរក្សា ការពារ និងទ្រទ្រង់ព្រះពុទ្ធសាសនា ​ឲ្យស្ថិតស្ថេរគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិ ខណៈដែល​ទិវាមួយនេះធ្វើឡើងដោយ ​អ្នកកាន់ព្រះពុទ្ធសាសនាទាំង៤១ប្រទេស តំណាងពុទ្ធសាសនិក៥១០លាននាក់ ទូទាំងពិភពលោក។​
ការប្រារព្ធទិវានេះនៅកម្ពុជា ក្រោមអធិបតីភាព ​លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម​ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, សម្តេច​ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​កម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃ​កម្ពុជា។
ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានថ្លែងថា ការប្រារព្ធ​ទិវាពុទ្ធសាសនាអន្តរជាតិ ៨មេសា​នេះ គឺ​រំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​កម្ពុជា ​ដែលទ្រង់បានបំពេញចំពោះ​ជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយទ្រង់ទទួល​បាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា «ព្រះស្រីលោកធម្មិករាជ»។
មួយវិញទៀត ការប្រារព្ធទិវានេះ គឺជាការរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរ ចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ គុណធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា ក៏ដូច​ជាការក្រើនរំលឹកបំផុសស្មារតី និងមនសិកាដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធ សាសនិក ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជា​សាសនារបស់រដ្ឋឲ្យបានគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិទាំងមូល៕