គ្រឿង​សម្អាង “ក្លែង​ក្លាយ” ជាង​១០០​តោន​ត្រូវ​បាន​កម្ទេច​ចោល! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រឿង​សម្អាង “ក្លែង​ក្លាយ” ជាង​១០០​តោន​ត្រូវ​បាន​កម្ទេច​ចោល! ! !

04/04/2018
ភ្នំពេញ​៖ សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ឲ្យ​ដឹង​ថា គ្រឿង​សម្អាង​ក្លែង​ក្លាយ​ដែល​កិន​កម្ទេច​ចោល​​នៅ​ទី​លាន​ចាក់​សំរាម ជើង​ឯក ក្នុង​ខណ្ឌ​ដង្កោ​នេះ ​បាន​កើន​ឡើង​ដល់​ជាង​១០០​តោន ខណៈ​របាយការណ៍​បឋម​ថា​មាន​តែ​ត្រឹម​ជាង​៦០​តោន​នោះ។ តាម​របាយការណ៍​របស់​ប៉ូលីស ផលិត​ផល​ក្លែង​ក្លាយ​ ដែល​យក​មក​ដុត​ចោល​ទាំង​នោះ​រួម​មាន៖​ ថ្នាំ​លាប​សក់ ថ្នាំ​អប់​សក់ សាប៊ូ​លាង​មុខ ​សាប៊ូ​កក់​សក់​ ទឹក​អប់ ក្រែម រួម​ទាំង​ឡេ​លាប​ស្បែក​ជា​ដើម​ដែល​មាន​តម្លៃ​សរុប​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។

បើ​តាម​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ការ​កិន​កម្ទេច​ចោល​ផលិត​ផល​ក្លែង​ក្លាយ​​ទាំង​នេះ​គឺ​ធ្វើ​តាម​អំណាច​សាល​ដីកា​របស់​តុលាការ ដែល​សមត្ថកិច្ច​ចាប់​បាន​កាល​ពី​ពេល​កន្លង​មក ​នៅ​ខេត្ត​កណ្តាល​ចំនួន​២​កន្លែង​និង​ទីក្រុង​ភ្នំពេញ​មួយ​កន្លែង។ ផលិត​ផល​ខុស​ច្បាប់ និង​ប៉ះ​ពាល់​សុខភាព​ទាំង​នេះ គឺ​ត្រូវ​បាន​គេ​លួច​បន្លំ​ប្រើ​ប្រាស់​ម៉ាក​របស់​ផលិត​ផល​ល្បីៗ ពី​ក្រៅ​ប្រទេស​ដើម្បី​លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា។​ នេះ​បើ​តាម​របាយការណ៍​ដដែល។

ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ លោក​ មៀច​ សុផាន់ណា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ជិត​បឹង​ជើង​ឯក​ថា ផលិត​ផល​ទាំង​នេះ​ត្រូវ​បាន​គេ​ផលិត​នៅ​កម្ពុជា​ហើយ​វេច​ខ្ចប់​ដាក់​កុងតឺន័រ​ដឹក​ទៅ​ដល់​ច្រក​ព្រំដែន​រួច​ដឹក​ចូល​មក​វិញ​ដើម្បី​បន្លំ​ថា​ជា​ផលិត​ផល​​នាំ​ចូល​ពី​ជប៉ុន​ពី​ជា​ដើម។

លោក​ស្តី​បន្ទោស​ថា ការ​ផលិត​ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នេះ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់ និង​ដែល​បាន​ចំណាយ​លុយ​ទិញ​ប៉ុណ្ណោះ​ទេ​​ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ខាត​​បង់​ថវិកា​ជាតិ​ក្នុង​ការ​រៀប​ចំ​កិន​កម្ទេច​ចោល និង​ការ​ការពារ​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​​​ទៀត​ផង។

ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ផលិត​ផល​ក្លែង​ក្លាយ​ដែល​គេ​បន្លំ​ថា ជា​ផលិត​នាំ​ចូល​ពី​ជប៉ុន​នេះ គឺ​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក និង​ខូច​អវយវៈ​ខាង​ក្នុង​រាង្គកាយ​មនុស្ស​ថែម​ទៀត​ផង។ នេះ​បើ​តាម​លោក មៀច សុផាន់ណា ដែល​ថ្លែង​ដោយ​យោង​តាម​ការ​ធ្វើ​ពិសោធន៍​របស់​អ្នក​ជំនាញ​ជប៉ុន។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ថា​ហេតុ​អ្វី​បាន​ជា​ការ​បង្រ្កាប​ផលិត​ផល​ក្លែង​ក្លាយ​នេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ បាន​អះអាង​ថា មក​ពី​មាន​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កើន​ឡើង​​ទៅ​លើ​គ្រឿង​សំអាង​នេះ។

​គួរ​រំលឹក​ដែរ​ថា សមត្ថកិច្ច​ខេត្ត​កណ្តាល បាន​ចាប់​ខ្លួន​ស្រ្តី​ម្នាក់ ដោយ​ចោទ​ថា​បាន​ផលិត​និង​លក់​គ្រឿង​សម្អាង​ក្លែង​ក្លាយ​ខុស​ច្បាប់ ហើយ​ក្រោយ​មក​តុលាការ​ខេត្ត​នេះ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ការ​រិះគន់​ជា​ច្រើន​តាម​បណ្តាញ​សង្គម​ចំពោះ​ចំណាត់​ការ​នោះ។