តាកែវ៖ លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅត្រង់ចំណុចមុខវិទ្យាល័យ ជា ស៊ីម ស្ថិតក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ខណៈពេលលោកកំពុងចាកចេញពីកន្លែងប្រារព្ធពិធីផ្ទេរតំណែងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ ផ្ទេរតំណែងប្រធានបក្សពី លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ជំនួសដោយលោក អ៊ូច ភា ដែលទើបតែត្រូវបានតែងតាំងជាអភិបាលខេត្តថ្មី។
គួរជម្រាបថា ការឃាត់ខ្លួនលោក ឡាយ វណ្ណៈ នាពេលនេះ ធ្វើឡើងតាមដីការបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងក្រុងភ្នំពេញ ចុះថ្ងៃទី១មេសា។ នៅក្នុងដីកាបញ្ជាឲ្យចូលខ្លួន លោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក ឡាយ វណ្ណៈ ទៅបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរពីដំណើររឿងឃាតកម្ម លើស្ដ្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា។
នាង ចេវ សុវឌ្ឍនា វ័យ៣៦ឆ្នាំ ត្រូវគេប្រទះឃើញស្លាប់ដោយចងកធ្វើអត្តឃាត នៅថ្ងៃទី២៦មករាកន្លងទៅ ត្រង់ចំណុចផ្ទះជួល ក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ប៉ុន្តែការស៊ើបអង្កេតក្រោយៗមកទៀតរបស់សមត្ថកិច្ចដាក់ការសង្ស័យថា ស្ដ្រីរងគ្រោះត្រូវបានគេធ្វើឃាត ពោលគឺមិនមែនសម្លាប់ខ្លួនឯងឡើយ។
យ៉ាងណាក៏ដោយ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានគូសបញ្ជាក់តាមរយៈបណ្ដាញសង្គមស្វេះ ប៊ុក មួយថ្ងៃមុនពេលត្រូវសមត្ថកិច្ចឃាត់ខ្លួនថា លោកគ្មានចិត្តបាបព្រៃផ្សៃរហូតលើកដៃសម្លាប់នាង ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់ខ្លួនឡើយ។ បើតាមសារលើបណ្ដាញសង្គមដដែល លោក ឡាយ វណ្ណៈ សារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនាងចេវ សុវឌ្ឍនា មែនក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។ ប៉ុន្តែក្រោយពេលភរិយាលោកបានដឹងពីទំនាក់ទំនងនេះ លោកបានសុំផ្ដាច់ទំនាក់ទំនងជាមួយនាង ចេវ សុវឌ្ឍនា ធ្វើឲ្យនាងគិតខ្លីរហូតធ្វើអត្តឃាតតែម្ដង។
គួរជម្រាបដែរថា នៅក្នុងសំណុំរឿងឃាតកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ផ្សេងទៀតដើម្បីធ្វើការសាកសួរដែរ ដែលក្នុងនោះ រួមមានបងប្រុសលោក ឡាយ វណ្ណៈ គឺ លោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវម្នាក់ផង។

ទំព័រដើម ›