(ភ្នំពេញ)៖ អ្វីដែលមិនអាចស្រោចស្រង់ជីវិតបាន និងជារឿងគួរឲ្យសោកសៅនោះគឺលោក ម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានទទួលមរណភាព នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នេះតាមសម្តីរបស់អ្នកនាង ប៉េង ប៉ោង ថ្លែងប្រាប់ឲ្យដឹង។
អ្នកនាង ប៉េង ប៉ោង បានថ្លែងប្រាប់សារព័ត៌មាន VOB News ទាំងសំឡេងយំខ្សឹបខ្សួលឲ្យដឹងថា ឪពុករបស់ខ្លួន បានស្លាប់ហើយនៅយប់នេះ ហើយសាច់ញាតិ ក៏បានមកពីបណ្ដាខេត្ត ជួបជុំគ្នាអស់ហើយដែរ។ ចំពោះសពកំពុងតែតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
តារាកំប្លែងជើងចាស់ នាយ វីតាមីន បានលាចាកលោកទៅហើយ ដោយសារជំងឺ រាំរ៉ៃ ដុំសាច់មហារីកនៅបរិវេណថ្លើម និងរោគាព្យាធិផ្សេងទៀត ក្នុងជន្មាយុ៦៩ឆ្នាំ។
ការបាត់បង់អតីតតារាកំប្លែងជើងចាស់ នាយ វីតាមីនសេ គឺជាការបាត់បង់វីរៈសិល្បករដ៏មានទេពកោសល្យ និងអ្នកសិល្បៈមួយដ៏កម្ររកបាន ដែលធ្វើឲ្យមហាជន មានភាពសោកស្ដាយជាខ្លាំង។
អង្គភាពព័ត៌មាន VOB News សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយនឹងក្រុមគ្រួសារសពនាយ វីតាមីនសេ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់នាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
