នៅប៉ុន្មានម៉ោងមុននេះ Facebook បានចេញសេចក្ដីប្រកាសពីការបិទសេវាកម្ម Partner Categories ដែលទាញយកទិន្នន័យពី Facebook គោលដៅដាក់ផ្សាយពាណិជ្ជកម្ម ដូចជា Acxiom និង Experian ជាដើម។
នេះជាការឆ្លើយតបទៅនឹង រឿងអាស្រូវរបស់ខ្លួនទាក់ទងនឹងក្រុមហ៊ុន Cambridge Analytica កាលពីសប្តាហ៍មុន ដែលបណ្ដាលឲ្យមានការរិះគន់ជុំវិញពិភពលោក។ Facebook ក៏បានចាត់វិធានការខ្លះ ដោយផ្អាកដំណើរការ App ពីខាងក្រៅចូលក្នុង Platform របស់ខ្លួន និងរឹតត្បិតក្នុងការទាញទិន្នន័យចេញពី App ដែលខ្លួនមានស្រាប់ និងប្រើប្រាស់ Facebook Login ជាដើម។
បើតាមការបកស្រាយរបស់ក្រុមហ៊ុន Recode សេវាកម្ម Partner Categories មិនមែនជាហេតុផលដែលក្រុមហ៊ុន Cambridge Analytica អាចទាញយកទិន្នន័យអ្នកប្រើប្រាស់ជាង ៥០លាននាក់នោះបានឡើយ។ Recode បាននិយាយថា Cambridge Analytica បានទទួលទិន្នន័យពី App ភាគីទីបីរបស់ Facebook តែម្ដង ដោយគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់ឡើយ។ ដូច្នេះទើបក្រុមហ៊ុនយុទ្ធសាស្ត្រទីផ្សារទាំងនោះ អាចដាក់ពាណិជ្ជកម្មមកចំគោលដៅតែម្ដង។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Pepsi ដែលអាចទាញទិន្នន័យពី Facebook Profile, Email Address ពីក្នុង Facebook ឬក៏ព័ត៌មានចាស់ៗពីការទិញឥវ៉ាន់របស់អ្នកប្រើប្រាស់ Facebook ដែលអាចឲ្យ Pepsi ដាក់ពាណិជ្ជកម្មមកចំអ្នកដែលចូលចិត្តពិសាភេសជ្ជៈតែម្ដង។
គេក៏ឃើញមានការបញ្ជាក់ចេញពី Facebook មកនៅលើ blog របស់ខ្លួនដែរថា "ពូកយើងចង់ឲ្យអ្នកផ្សាយពាណិជ្ជកម្មរាល់គ្នាដឹងថា ពួកយើងបានបិទសេវាកម្ម Partner Categories ចោលហើយ ដែលជាសេវាកម្មឲ្យអ្នកផ្សាយពាណិជ្ជកម្មទាញយកទិន្នន័យភាគីទីបី និងផ្សព្វផ្សាយដោយផ្ទាល់លើ Facebook តែម្ដង។ ពួកយើងជឿជាក់ថា ការធ្វើបែបនេះនឹងជួយការពារ ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ Facebook បានល្អជាងមុន" ៕
ប្រភព៖ The Verge ប្រែសម្រួល៖ ឡៃហ៊ាង
