ក្រុមហ៊ុន BMW បានបញ្ជាក់ជាសាធារណៈមុននេះបន្តិច រថយន្តអគ្គិសនីជំនាន់ក្រោយ i4 នឹងអាចធ្វើដំណើរបាន ៧០០ គីឡូម៉ែត្រ រាល់ការសាកបញ្ចូលភ្លើងម្តង។
ថ្លែងក្នុងសន្និសីទប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ នាយកប្រតិបត្តិលោក Harald Kruger មានប្រសាសន៍ដូច្នោះថា៖ "ជាមួយជំនាន់ទី ៥ នៃបច្ចេកវិទ្យា eDrive រថយន្តជំនាន់ក្រោយរបស់យើង អាចមានសមត្ថភាពធ្វើដំណើរការក្នុងចម្ងាយផ្លូវ ៥៥០ ទៅ ៧០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ហើយនោះជាម៉ូឌែល i4 និង iNext ត្រៀមបង្ហាញនាឆ្នាំ ២០២១"។
កន្លងទៅគំរូរថយន្ត i4 ក៏ទើបតែប្រកាសក្នុងពិព័រណ៍ Frankfurt Motor Show អំឡុងឆ្នាំ ២០១៧ ដោយគ្រានោះក្រុមហ៊ុនក៏បញ្ជាក់ពីតម្រុយៗខ្លះថាជាប្រភេទរថយន្តអគ្គិសនីដែលអាចបើកបានក្នុងចម្ងាយជាង ៦០០ គីឡូម៉ែត្រ បង្កើនល្បឿនស្ទុះពី ០-១០០ គ.ម/ម៉ ប្រើពេល ៤ វិនាទី បន្សំល្បឿនអតិបរមា ២០០ គ.ម/ម៉។
ជាមួយគ្នានេះ អ្នកគ្រប់គ្រងផ្នែក I division របស់ BMW លោក Robert Irlinger ក៏បង្ហើបស្រដៀងគ្នាពីការអភិវឌ្ឍរថយន្តអគ្គិសនីឲ្យកាន់តែស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំទៅមុខ ដោយរាប់ចាប់ពីម៉ូឌែល i3 ដល់ i8 សម្របនឹងប្រព័ន្ធម៉ូឌុលកាន់តែទំនើបជាងមុន។
ប្រភព៖ carscoops
