ប្រទេសថៃ​អះអាងជាថ្មីក្នុងការ «ចុះបញ្ជី​ស្របច្បាប់ដល់ ពលករ​បរទេស ៣.៨លាននាក់» មកពី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសថៃ​អះអាងជាថ្មីក្នុងការ «ចុះបញ្ជី​ស្របច្បាប់ដល់ ពលករ​បរទេស ៣.៨លាននាក់» មកពី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ!

22/03/2018
(បាងកក)៖ រដ្ឋាភិបាលថៃ បានអះអាងឡើងវិញ​ពី​ការប្ដេជ្ញាចិត្តរបស់ខ្លួន​​ ក្នុងការចុះបញ្ជី និងផ្ដល់ភាពស្រប​ច្បាប់​ដល់​ពលករ​ចំណាកស្រុក​​ជាង ៣.៨លាននាក់ មកពីប្រទេស​ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ នៅត្រឹមចុង​ខែមីនានេះ។ នេះបើ​តាមការ​ចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានោះ​ដែរ បើតាមក្រសួង​ការងារថៃ រដ្ឋាភិបាល​ទីក្រុងបាងកក បានចាប់ផ្ដើមផ្ដល់​សេវាកម្ម​ស្របច្បាប់ ​ដល់ពលករ​បរទេស កាលពីដើម​ខែកុម្ភៈ តាមរយៈការបើក​ច្រកចេញចូលតែ​មួយជាង ៨០កន្លែង ដើម្បីផ្ដល់ភាព​ស្របច្បាប់ សម្រាប់​ពួកគេ​ទាំងអស់គ្នា ក្នុងគោលបំណង​លុបបំបាត់ការ​រត់ពន្ធមនុស្ស​ពលកម្មកុមារ និងការបង្ខំ​ឱ្យធ្វើការនៅ​ក្នុងប្រទេសថៃ។
«អ្វីដែល​យើងកំពុងធ្វើ​ គឺមិនមែនជាការធ្វើទុក្ខ​លើអ្នកធ្វើការ ឬពលករ​ចំណាកស្រុក​នោះទេ។ តែផ្ទុយទៅវិញ យើងបាន​និងកំពុង​ផ្ដល់ភាព ងាយស្រួល​ឱ្យពួកគេក្លាយ​ជាអ្នកធ្វើការ ឬពលករ​ស្របច្បាប់ ដែលអាច​បម្រើការងារ​នៅក្នុងប្រទេស​ថៃ អនុឡោម​តាមច្បាប់​របស់ថៃ»។ នេះបើតាម​មន្ត្រីក្រសួង​ការងារថៃ លោកស្រី អានុសារី ថាស៊ូវ៉ាន់ (Anusari Thapsuwan) ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនៅឯខេត្ត សាមុត សាខន (Samut Sakhon) កាលពី​ថ្ងៃចន្ទ។
គួរជំរាបថា ចាប់តាំងពីដើម​ខែកុម្ភៈ រដ្ឋាភិបាលថៃ​បានបង្កើត មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ​ជាង ៨០កន្លែង ទូទាំងប្រទេស ដើម្បីផ្ដល់ភាព​ស្របច្បាប់ដល់​ពលករបរទេស​ជាង ០២លាននាក់ ដែលខ្វះឯកសារ​ស្របច្បាប់។ ដោយឡែក បើតាមរដ្ឋមន្ត្រី​ក្រសួង​ការងារថៃ លោក អាឌុល សាងស៊ីងកែវ (Adul Sangsingkeo) បច្ចុប្បន្នពលករ​បរទេសជាង ៣,៨០៩,៥១៩នាក់ កំពុងធ្វើការងារ​ក្នុងប្រទេស​ថៃ ហើយ ១.៨លាននាក់ ក្នុងចំណោមនោះ កំពុងធ្វើការដោយ​ស្របច្បាប់ ប៉ុន្តែពួកគេ​នៅតែ​ត្រូវឆ្លង​កាត់​នីតិវិធីចុះឈ្មោះ​ ដើម្បីទទួលបានការអនុញ្ញាតឱ្យរស់នៅ និង​ទិដ្ឋាការធ្វើការងារ​ស្របច្បាប់ ក្នុងប្រទេសថៃ​សម្រាប់​រយៈពេល ០២ឆ្នាំ រហូតដល់​ឆ្នាំ២០២០៕