គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី កើន​ដល់​ជិត ៧០០នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី កើន​ដល់​ជិត ៧០០នាក់!

05/03/2018
(ស៊ីរី)៖ ជនស៊ីវិល​ក្មេងចាស់ប្រុសស្រី យ៉ាងហោច​ណាស់ ៣៤នាក់ បានស្លាប់​បាត់បង់ជីវិត នៅក្នុងការ​វាយប្រហារ​តាមផ្លូវអាកាស​ របស់កង​កម្លាំងរដ្ឋាភិបាល​ស៊ីរី​ នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ​ដែលនេះបានធ្វើ​ឱ្យចំនួនអ្នក​ស្លាប់កើនដល់ ៦៩០នាក់ ក្នុងរយៈពេល​តែ ១៥ថ្ងៃមកនេះប៉ុណ្ណោះ។ នេះបើតាម​អង្គការឃ្លាំមើល​សិទ្ធិ​មនុស្សស៊ីរី ដកស្រង់​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។
យោងតាម លោក រ៉ាមី អាប់ឌែល រ៉ាហ៍ម៉ាន់ (Rami Abdel Rahman) ជានាយកអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ស៊ីរី ក្នុងចំណោម​អ្នកស្លាប់ទាំង ៣៤នាក់ មានកុមារ ១១នាក់ ហើយពួកគេទាំងនេះ​ត្រូវបានសម្លាប់​កាលពី​ថ្ងៃអាទិត្យ នៅក្នុងការ​វាយប្រហារ​តាមផ្លូវអាកាស​ របស់​កងកម្លាំងរដ្ឋាភិបាល​ស៊ីរី​ នៅក្នុងទីក្រុង ឌួម៉ា (Douma) នៃតំបន់ Ghouta ស្ថិតនៅជាយ​ទីក្រុង​ដាម៉ាស់។
ដោយឡែក កាលពីថ្ងៃអាទិត្យសេតវិមាន​ក៏បានថ្កោលទោស​ផងដែរ​ ចំពោះការ​វាយប្រហារ​នេះ ដោយថែម​ទាំងជំរុញឱ្យ​រុស្ស៊ី និង​អ៊ីរ៉ង់​ ដាក់សម្ពាធលើ​រដ្ឋាភិបាលទីក្រុង​ដាម៉ាស់ ឱ្យអនុវត្តតាម​បទឈប់​បាញ់។ «សហរដ្ឋអាមេរិក ថ្កោលទោស​យ៉ាងខ្លាំង ចំ​ពោះការ វាយប្រហារ​គំាទ្រដោយ​រុស្ស៊ី និងអ៊ីរ៉ង់ ប្រឆាំងនឹងជនស៊ីវិល​នៅក្នុងតំបន់ Ghouta ភាគខាងកើត ហើយដែលនេះ​គឺ ជាការមិនខ្វាយខ្វល់ទាល់តែ​សោះ​ លើបទ​ឈប់បាញ់​រយៈពេល ៣០ថ្ងៃ ដែលត្រូវបានអនុម័តដោយ​ក្រុមប្រឹក្សា​សន្តិសុខ»។ នេះបើតាម​ការគូសបញ្ជាក់​របស់​សេតវិមានអាមេរិក៕
គួរបញ្ជាក់ថា មកទល់ពេលនេះ បើតាមអង្គការឃ្លំាមើល​សិទ្ធិមនុស្សស៊ីរី កងកម្លាំងរបស់​ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ បានគ្រប់គ្រង ២៥ភាគរយ នៃតំបន់ស្ថិត​នៅជុំវិញ​តំបន់ Ghouta ភាគខាងកើត​ស្របពេល​មនុស្ស​ប្រមាណ ៣៩៣,០០០នាក់ កំពុងជាប់គាំង​នៅក្នុងតំបន់នេះ​ គិតចាប់តាំង​ពីការប៉ះទង្គិចគ្នា​បានផ្ទុះឡើងខ្លាំង​ កាលពី​ថ្ងៃ១៨ ខែកុម្ភៈមក៕