អ៊ីរ៉ង់ព្រមចរចា​ពីរឿង​មីស៊ីល បើសិន បស្ចឹមលោក​បំផ្លាញ​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ជាមុនសិន! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ៊ីរ៉ង់ព្រមចរចា​ពីរឿង​មីស៊ីល បើសិន បស្ចឹមលោក​បំផ្លាញ​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ជាមុនសិន! ! !

05/03/2018
តាមរយៈ​អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​កងទ័ព អ៊ីរ៉ង់​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​បញ្ជាក់​ថា ការចរចា ដែល​ទាមទារ​ឲ្យ​អ៊ីរ៉ង់ លះបង់ចោល​​កម្មវិធី​ផលិត​មីស៊ីល អាច​ធ្វើទៅបាន ដរាបណា ក្រុមប្រទេស​លោកខាងលិច​សុខចិត្ត​យល់ព្រម​បំផ្លាញ ចោល​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ របស់ខ្លួន​ជាមុន​សិន។ ការដាក់​លក្ខខណ្ឌ របស់​អ៊ីរ៉ង់ ធ្វើឡើង​នៅ​ពីថ្ងៃ​មុន​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​បារាំង លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ ទៅ​ប្រទេស​អ៊ីរ៉ង់ ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយ។

នៅពីរថ្ងៃ​មុន​ប្រមុខ​ការបរទេស​បារាំង​ដាក់ជើង​ជាន់​ដី អ៊ីរ៉ង់ ទីប្រឹក្សា​ការបរទេស​របស់​ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់ បានបញ្ចេញ​សារ​ព្រមាន​រួចជាស្រេច។ នៅ​ថ្ងៃ​សៅរ៍ លោក​អាលី អាក់បា វ៉េឡាយ៉ាទី ដែល​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តីការបរទេស​បារាំង នៅ​ថ្ងៃ​ចន្ទ បាន​រិះគន់​ជំហរ​របស់ លោករដ្ឋមន្រ្តី​ការបរទេស​បារាំង ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ ដែល កាលពី​ខែ​មករា ធ្លាប់​បាន​និយាយ​ថា ដើម្បី​អាច​ត្រលប់​មក​ចូល​ក្នុងគ្រួសារ​ជាតិឡើងវិញ អ៊ីរ៉ង់​ត្រូវ​ពិចារណា​ឡើង​វិញ​ពី​កម្មវិធី​ផលិត​មីស៊ីល ហើយ​និង​ទង្វើ​លូកដៃ​របស់ខ្លួន ទៅ​ក្នុង​សង្រ្គាម នៅតំបន់​ដើមបូព៌ា។

សម្រាប់​មន្រ្តីជាន់ខ្ពស់​អ៊ីរ៉ង់ កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់​មិនមែន​ជា​កង្វល់ ជា​រឿង ដែល​ប្រទេស​ដទៃ ដូចជា​បារាំង ត្រូវ​មក​និយាយ​ដាស់តឿន ថា ត្រូវ​មាន​មីស៊ីល​ប្រភេទ​ណានោះទេ។ តើអ៊ីរ៉ង់​មាន​ដែល​និយាយ​ប្រាប់​បារាំង ថា ត្រូវ​មាន​សព្វាវុធ​ការពារ​ខ្លួន​យ៉ាងម៉េចទេ? ទីប្រឹក្សា​កិច្ចការបរទេស​របស់​ប្រមុខ​ដឹកនាំសាសនា​អាលី ខាមេណី បាន​និយាយ​ចំអក​យ៉ាងដូច្នេះ មុន​នឹង​អំពាវនាវ ទៅ​រដ្ឋមន្រ្តី​ការបរទេស​បារាំង ឲ្យ​ជៀសវាង មិន​និយាយ​សំណុំរឿង​ដែល​តានតឹង បើសិន​ជា​បារាំង ចង់ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​អ៊ីរ៉ង់។

សូមអាន ៖ អស់​ពី​នុយក្លេអ៊ែរ អ៊ីរ៉ង់​យករឿង​មីស៊ីល​មកជន្ល​ ញុះញង់​ប្រទេស​លោកខាងលិច

រដ្ឋបាល​លោកដូណាល់ ត្រាំ ធ្លាប់​បាន​គំរាម​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នុយក្លេអ៊ែរ អ៊ីរ៉ង់ បើសិន​ក្រុមប្រទេស​អឺរ៉ុប​ដែល​ជា​ហត្ថលេខី ដូចជា បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ជាដើម បរាជ័យ មិន​អាច​បញ្ចុះ​បញ្ចូល​ឲ្យ​អ៊ីរ៉ង់ លះបង់​ចោល​កម្មវិធី​មីស៊ីល និង​មហិច្ឆតា​នុយក្លេអ៊ែរ​យោធា។ លោកដូណាល់ ត្រាំ ចង់​ឲ្យ​គេ​សើរើ កែប្រែ​មាត្រា​មួយ​ចំនួន នៅក្នុង​កិច្ចព្រមព្រៀង ដែល​លោក​វាយតម្លៃ​ថា ធូររលុង និង​ទុកឱកាស​ឲ្យ​អ៊ីរ៉ង់​មាន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ទៅតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អាមេរិក ជាមួយ​សហគមន៍​អន្តរជាតិ​បាន​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអ៊ីរ៉ង់ ជាថ្នូរ​នឹង​បញ្ឈប់​កម្មវិធី​អភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​នៅ​បន្ត​រក្សា ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ក្នុង​រឿង​មីស៊ីល​អ៊ីរ៉ង់​ដែល​អាមេរិក​ចាត់ទុក​ថា គ្រោះថ្នាក់​សម្រាប់សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា​អ៊ីស្រាអែល ជាដើម។

អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​កងទ័ព​អ៊ីរ៉ង់ លោក​ម៉ាស៊ូត ហ្សាហ្សាយេរី និយាយ​កាលពីថ្ងៃ​សៅរ៍​ថា អាមេរិក​រិះគន់​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់ ដោយសារ​តែ​អាមេរិក បរាជ័យ ចាញ់សង្រ្គាម នៅ​តំបន់​ដើមបូព៌ា។ ម្យ៉ាងទៀត កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់​ធ្វើឡើង​ដើម្បី ការពារ​ខ្លួន គឺ​មិនទុក​ប្រើ ​សម្រាប់​វាយប្រហារ​លើ​ប្រទេស​ដទៃ នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អ៊ីរ៉ង់​នឹង​ត្រៀមខ្លួន​ចរចា ពីរឿង​ផលិត​មីស៊ីល បើសិន​ក្រុមប្រទេស​លោកខាងលិច យល់ព្រម​បំផ្លាញចោល មីស៊ីល​បាលីស្ទីក និង​គ្រាប់បែក​នុយក្លេអ៊ែរ​របស់ខ្លួន ជាមុន។ មហិច្ឆតា​ចង់​កំណត់​សមត្ថភាព​មីស៊ីល​របស់អ៊ីរ៉ង់ គឺ​ជា​ក្តីសុបិន្ត ដែល​មិនអាច​កើតឡើង​ទៅរួច​នោះទេ។ នេះ​ជាការបញ្ជាក់​របស់​អ្នកនាំពាក្យ​ទីបញ្ជាការដ្ឋាន​អ៊ីរ៉ង់។