សម្តេចតេជោ ហ៊ុន សែន ប្រកាសក្ដែងៗថា មានតែគណបក្សប្រជាជនទេ ដែលការពារសន្តិភាពបាន ហើយបេក្ខភាពនាយករដ្ឋមន្ត្រីរបស់សម្តេច គ្មាននរណាដណ្តើមឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រកាសក្ដែងៗថា មានតែគណបក្សប្រជាជនទេ ដែលការពារសន្តិភាពបាន ហើយបេក្ខភាពនាយករដ្ឋមន្ត្រីរបស់សម្តេច គ្មាននរណាដណ្តើមឡើយ

04/03/2018
(ភ្នំពេញ)៖ ប្រមុខដឹកនាំប្រទេស ឲ្យចាកចេញពីរបបប្រល័យពូជសាសន៍ កាលពីជាង៣០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសក្ដែងៗថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចការពារសន្តិភាពនៅកម្ពុជាបាន ហើយបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន មានតែសម្ដេចមួយរូបគត់ គ្មាននរណាប្រជែងដណ្តើមឡើយ។

ការបញ្ជាក់នូវជំនឿទុកចិត្តប្រាប់ជនរួមជាតិកម្ពុជាយ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តដាស់តឿនដល់កម្មករនិយោជិតឲ្យចូលរួមថែរក្សានូវឱកាសការងារ និងប្រាក់ចំណូលដែលមានរួចមកហើយ និងការបន្តកើនឡើងនៃប្រាក់ចំណូលនោះ។ សម្ដេចបានចង្អុលបង្ហាញថា ដើម្បីរក្សាការងារ និងរក្សាប្រាក់ចំណូលដែលកំពុងកើនឡើងនេះ កិច្ចការដំបូងដែលត្រូវធ្វើ គឺចូលរួមជាមួយអ្នកដែលកំពុងខិតខំរក្សានូវសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម ហើយជម្រើសដែលល្អជាងគេ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នោះសន្តិភាពនឹងរក្សាបានដដែល មិនបាត់ទៅណានោះទេ។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «សមត្ថភាពការពារនូវសន្តិភាព ការពារអាយុជីវិតប្រជាជន ដោយមិនឲ្យមានការស្លាប់ ដូចដំណាក់កាលដែលយើងធ្លាប់កើតសង្គ្រាម គឺមានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពធ្វើបែបនោះ»។

ក្នុងនាមពលរដ្ឋមួយរូប ដែលធ្លាប់ឆ្លងកាត់ភាពជូរចត់ស្ទើររស់ស្ទើរស្លាប់នៅជំនាន់ ប៉ុល ពត សម្ដេចតេជោបានរំឭកថា សង្គ្រាមនៅប្រទេសកម្ពុជា ពិសេសក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម បានសម្លាប់មនុស្សច្រើនណាស់ហើយ ពេលនោះសម្ដេចបានជួបនូវក្ដីវេទនាណាស់ មិនដូចស្ថានភាពបែបនេះទេ ដែលស្ថានភាពពេលនោះគ្មានរថយន្តបើកទាំងយប់ទាំងថ្ងៃបែបនេះឡើយ។ សម្ដេចបន្តថា នៅទសវត្សទី៨០ រថយន្តមិនហ៊ានបើកក្នុងពេលយប់ដូចពេលនេះទេ រហូតមកដល់ទសវត្ស៩០ហើយ ក៏អត់ហ៊ានបើកពេលយប់ដែរ ព្រោះរថយន្តមួយចំនួនត្រូវស្ទាក់បាញ់ឆក់ប្លន់តាមផ្លូវជាដើម។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលកាន់តំណែងជាង៥អាណត្តិមកនេះ បានពន្យល់ថា បើគោរពស្រឡាញ់ និងគាំទ្រឲ្យសម្ដេចបន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឲ្យរីកចម្រើនទៅមុខ ពិសេសដើម្បីឲ្យសម្ដេចតេជោបន្តថែរក្សាការពារនូវសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះ មិនមែនជាការលំបាកទេ ដោយគ្រាន់តែប្រជាពលរដ្ឋ កម្មករ-កម្មការិនី ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៅ ជាការត្រឹមត្រូវបំផុត។

សម្ដេចក៏បានបញ្ជាក់ដែរថា សម្ដេចនៅតែបេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនតែមួយរូបគត់ មិនមាននរណាមកប្រកួតប្រជែងដណ្ដើមឡើយ ដោយសម្ដេចថ្លែងបន្តយ៉ាងដូច្នេះថា «ពូបានប្រកាសហើយ ហើយគណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្ដីសម្រេចតាមរយៈមហាសន្និបាត ពូជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនរៀងរហូតមក គ្មាននរណាមកដណ្ដើមពីពូទេ នៅក្នុងគណបក្សប្រជាជននោះ»៕